COVID-19
ជាតិ
សង្គមជាតិ
សម្ដេច សាយ ឈុំ ប្រាប់​បក្សនយោបាយ​អាស៊ីអាគ្នេយ៍​និង​ចិន​៖ ប្រទេស​ខ្លះ​យក​កូ​វីដ​-១៩ ធ្វើ​នយោបាយ​
26, Nov 2020 , 11:29 pm        
រូបភាព
សម្ដេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងតាមវីដេអូទៅកាន់កិច្ចសន្ទនារវាងបក្សកុម្មុយនីស្តចិន និងបក្សនាយោបាយអាស៊ីអាគ្នេយ៍។
សម្ដេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងតាមវីដេអូទៅកាន់កិច្ចសន្ទនារវាងបក្សកុម្មុយនីស្តចិន និងបក្សនាយោបាយអាស៊ីអាគ្នេយ៍។
​កិច្ចសន្ទនា​រវាង​បក្ស​កុម្មុយនីស្ត​ចិន និង​បក្សនយោបាយ​អាស៊ីអាគ្នេយ៍ ត្រូវបាន​រៀបចំ​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា តាម​ប្រព័ន្ធ​វីដេអូ​។ តំណាង​បក្សនយោបាយ​នៅ​អាស៊ី​គ្នេ​យ៍​ជាច្រើន​នាក់​បាន​ចូលរួម​ក្នុង​កិច្ចសន្ទនា​នេះ ហើយ​សម្ដេច សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏មាន​វត្តមាន​ដែរ​។ ក្នុង​សុន្ទរកថា​គន្លឹះ សម្ដេច សាយ ឈុំ ប្រាប់​តំណាង​បក្សនយោបាយ​ទាំងអស់​ថា ខណៈ​ពិភពលោក​ជួប​បញ្ហាលំបាក​ដោយសារ​កូ​វីដ​-១៩ មាន​ប្រទេស​ខ្លះ​ធ្វើ​នយោបាយ​លើ​រឿងនេះ​ទៅវិញ​។​

 
​ដោយសារ​ការ​រាតត្បាត​ជំងឺ COVID-19 កិច្ចសន្ទនា​រវាង​បក្ស​កុម្មុយនីស្ត​ចិន​និង​បក្សនយោបាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​សម្រាប់​ឆ្នាំ​២០២០ ត្រូវធ្វើឡើង​ពី​ចម្ងាយ​។ តំណាង​បក្ស​កុម្មុយនីស្ត​ចិន គឺ​លោក សុង ថាវ រដ្ឋមន្ត្រី​នៃ​គណៈ​ទាក់ទង​បរទេស​គណៈ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន សម្ដេច សាយ ឈុំ អនុប្រធាន​គណបក្ស ជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់​ជា​តំណាង​បក្សនយោបាយ​នានា​មកពី​ប្រទេស​អាស៊ី​គ្នេ​យ៍​។​
 
​ក្នុង​សុន្ទរកថា សម្ដេច សាយ ឈុំ បាន​លើកឡើងថា កិច្ចសន្ទនា​នេះ នឹង​ជួយ​ជំរុញ​ភាពជា​ដៃគូ​អាស៊ាន​-​ចិន ជា​វេទិកា​រក​ដំណោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​រួមចំណែក​ក្នុង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន និង​ចិន​។ សម្ដេច សាយ ឈុំ ក៏​ឆ្លៀត​លើក​ពី​ការ​កេងចំណេញ​ផ្នែក​នយោបាយ និង​ការ​រុញ​កំហុស​របស់​ប្រទេសមួយ​ចំនួន​លើ​ប្រទេស​ខ្លះ ទាំង​ដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​បង្ក​ផលប៉ះពាល់​ពេញ​ពិភពលោក​ទៅហើយនោះ​។​


អ្នកចូលរួមតាមប្រព័ន្ធវីដេអូនាកិច្ចសន្ទនាដែលរៀបចំតាមប្រព័ន្ធវីដេអូ 

«​ខ្ញុំ សោកស្ដាយ​ដែល​ប្រទេស​ខ្លះ​ធ្វើ​នយោបាយ​លើ​វីរុស និង​ព្យាយាម​ចោទ​ប្រទេស​ផ្សេង​ដោយ​មិន​ខ្វល់​ពី​គោលការណ៍​អន្តរជាតិ​។​» សម្ដេច សាយ ឈុំ លើកឡើង​បែបនេះ ហើយ​បន្តថា សកម្មភាព​បែបនេះ មិនបាន​ជួយ​ដោះស្រាយ​បញ្ហា​ឡើយ ហើយ​បែរជា​ធ្វើ​ស្ថានភាព​កាន់តែ​អាក្រក់​។ សម្ដេច​លើកឡើង​ពី​សារសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ក្នុងការ​ជម្នះ​វិបត្តិ​នេះ​។​
 
​ក្នុងនាម​បក្ស​ប្រជាជន​កម្ពុជា សម្ដេច សាយ ឈុំ ស្វាគមន៍​ការប្រកាស​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែល​សន្យា​ផ្ដល់​វ៉ាក់សាំង​ដល់​ប្រទេស​អាស៊ីអាគ្នេយ៍ និង​ធ្វើ​ឲ្យ​វ៉ាក់សាំង​ក្លាយជា​ផលិតផល​សាធារណៈ​សាកល​។ លើសពីនោះ ប្រធានព្រឹទ្ធសភា​កម្ពុជា ក៏​ស្វាគមន៍​ការប្រកាស​ផ្អាក​ការទូទាត់​បំណុល​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​ផងដែរ សំដៅ​ជួយ​ប្រទេស​ក្រីក្រ​ក្នុងការ​កាត់បន្ថយ​ការលំបាក​។​
 
​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចសន្ទនា​នេះ លោក សុង ថាវ និយាយថា បក្សនយោបាយ​មាន​តួនាទី​សំខាន់​ក្នុងការ​ជំរុញ​ទំនាក់ទំនង​អាស៊ាន​-​ចិន ដែលមាន​បញ្ហា​ប្រឈម​ដូចជា​ការកើនឡើង​គំនិត​គាំពារ​និយម និង​ឯកតោភាគី​និយម​ជាដើម​។ លោក​សង្កត់ធ្ងន់ថា បក្ស​កុម្មុយនីស្ត​ចិន ត្រៀមខ្លួន​សហការ​ជាមួយ​បក្សនយោបាយ​នានា​នៅ​អាស៊ីអាគ្នេយ៍​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ក្នុង​តំបន់​៕
 
 
 

Tag:
 សម្ដេច សាយ ឈុំ​
  ចិន​
  អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com