ករណី​ឆ្លង​កូ​វីដ​-១៩ ប្រចាំថ្ងៃ​នៅ​កូរ៉េខាងត្បូង​ហក់​ឡើង​ខ្ពស់បំផុត ក្នុង​រយៈពេល ៨​ខែ​ចុងក្រោយ​
COVID-19
អន្តរជាតិ
ករណី​ឆ្លង​កូ​វីដ​-១៩ ប្រចាំថ្ងៃ​នៅ​កូរ៉េខាងត្បូង​ហក់​ឡើង​ខ្ពស់បំផុត ក្នុង​រយៈពេល ៨​ខែ​ចុងក្រោយ​
26, Nov 2020 , 5:29 pm        
រូបភាព
មន្រ្តីសុខាភិបាលកូរ៉េខាងត្បូង​ បាញ់ថ្នាំសម្លាប់មេរោគនៅទីសាធារណៈ នៅក្នុងខែឧសភា ឆ្នាំ២០២០។ រូបភាព៖ Reuters
មន្រ្តីសុខាភិបាលកូរ៉េខាងត្បូង​ បាញ់ថ្នាំសម្លាប់មេរោគនៅទីសាធារណៈ នៅក្នុងខែឧសភា ឆ្នាំ២០២០។ រូបភាព៖ Reuters
​ករណី​ឆ្លង​កូ​វីដ​-១៩ ប្រចាំថ្ងៃ​នៅ​កូរ៉េខាងត្បូង បាន​ហក់​ឡើងដល់​កម្រិត​ខ្ពស់បំផុត ក្នុង​រយៈពេល ៨ ខែ​ចុងក្រោយ​។ នេះ​បើតាម​ការអះអាង​របស់​អាជ្ញាធរ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា​។


​ទីភ្នាក់ងារ​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង​កូរ៉េខាងត្បូង បាន​រាយការណ៍​ថា ករណី​ឆ្លង​កូ​វីដ​-១៩​ប្រចាំថ្ងៃ​នៅ​កូរ៉េខាងត្បូង បាន​ហក់​ឡើងដល់ ៥៨៣ ករណី ដោយ​ក្នុងនោះ​ករណី​ឆ្លង​ក្នុងស្រុក​មាន​ចំនួន ៥៥៣ ករណី​។ តួលេខ​នេះ គឺជា​ចំនួន​ខ្ពស់បំផុត បើ​គិត​ចាប់តាំងពី​ខែមីនា​កន្លងមក​។ ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​របស់​កូរ៉េខាងត្បូង មាន​ចំនួន ៣២៣១៨​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន ៥១៥​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​ទាក់ទិន​នឹង​ករណី​ឆ្លង​កើនឡើង​បែបនេះ រដ្ឋមន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង លោក Park Neunghoo បាន​បញ្ជាក់ថា យ៉ាង​ដូច្នេះ​ថា​៖ « ពេលនេះ យើង​ស្ថិតក្នុង​ស្ថានភាព ដែល​ករណី​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស អាច​កើតឡើង​នៅ​គ្រប់​ទីកន្លែង​យើង​រស់នៅ​»​។ បើតាម​លោក​រដ្ឋមន្ត្រី ដោយសារតែ​រលក​ឆ្លង​កូ​វីដ​-១៩ លើក​ទី​៣ នៅ​កូរ៉េខាងត្បូង មាន​ទំហំ​ធំ ប្រជាជន​ទាំងអស់ ត្រូវតែ​គោរព​តាមរយៈ​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព​។ 
 
​ទីក្រុង និង​ខេត្ត ចំនួន​១៧ ត្រូវបាន​រាយការណ៍​ថា មានការ​កើនឡើង​នៃ​ករណី​ឆ្លង​។ នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន ២០៨​ករណី ដែលជា​តួលេខ​ឆ្លង​ខ្ពស់បំផុត​ប្រចាំថ្ងៃ ស្របពេល​ក្រុង​កំពង់ផែ Incheon មាន​ចំនួន ១៧៧​ករណី​។ ដោយឡែក ខេត្ត South Gyeongsang មាន​ចំនួន ៤៥​ករណី និង​ក្រុង​ប៊ូសាន មាន​ករណី​ឆ្លង​ចំនួន ១៩​ករណី​ផងដែរ​។ 
 
​ជុំវិញ​ករណី​ឆ្លង​ហក់​ឡើង​បែបនេះ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង នៅក្នុង​ថ្ងៃទី​២៦ ខែវិច្ឆិកា បានសម្រេច មិន​អនុញ្ញាត​ឲ្យ​កងទ័ព​កូរ៉េខាងត្បូង ឈប់សម្រាក​លំហែកាយ​ឡើយ បន្ទាប់ពី​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ នៅក្នុង​បន្ទាយ​ទាហាន​មួយកន្លែង នៅ​ក្រុង​ជាប់​ព្រំដែន​កូរ៉េខាងជើង Yeoncheon​។ ទាហាន​ចំនួន ៦៦​នាក់ និង​មន្ត្រី ៤​នាក់ ត្រូវ​តេស្ត​រកឃើញថា វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស​។​
 
​មិនតែប៉ុណ្ណោះ នៅក្នុង​បន្ទាយទ័ព ទាហាន​ទាំងអស់ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព រហូតដល់​ថ្ងៃទី​៧ ខែធ្នូ ខាងមុខ​។ វិធានការ​នេះ ដាក់ចេញ​ឲ្យ​អនុវត្ត​ចាប់ពី​ថ្ងៃទី​២៧ ខែវិច្ឆិកា តទៅ​។ ក្រៅពីនេះ ការជួបជុំ​ជា​ឯកជន​របស់​មន្ត្រី ឬ​ទាហាន មិន​អនុញ្ញាត​ឲ្យ​មាន​ជាដាច់ខាត​។ រាល់​អ្នក​ល្មើ​សនឹង​បទបញ្ជា នឹង​ទទួល​ការស្តីបន្ទោស​យ៉ាងធ្ងន់ធ្ងរ​៕
 

Tag:
 កូរ៉េខាងត្បូង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com