កីឡាអន្តរជាតិ
អន្តរជាតិ
«​ដៃ​ព្រះ​» Maradona បន្សល់ទុក​កេរ្តិ៍ឈ្មោះ​ល្អ និង​អាក្រក់​
27, Nov 2020 , 8:29 am        
រូបភាព
Maradona លើកពាន World Cup ឆ្នាំ១៩៨៦ ជាមួយអាហ្សង់ទីន
Maradona លើកពាន World Cup ឆ្នាំ១៩៨៦ ជាមួយអាហ្សង់ទីន
​មរណភាព​របស់​វីរ​កីឡាករ​បាល់ទាត់ Diego Maradona បានធ្វើ​ឲ្យ​ពិភពលោក ជាពិសេស​អ្នក​ចូលចិត្ត​តាមដាន​វិស័យ​កីឡា​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​មានការ​សោកស្តាយ​យ៉ាងខ្លាំង​។ Maradona បាន​សាង​កេរ្តិឈ្មោះ​ឲ្យ​ខ្លួនឯង​តាមរយៈ​ការជួយ​អា​ហ្ស​ង់​ទីន​លើក​ពាន World Cup ឆ្នាំ​១៩៨៦ និង​ពាន​សម្រាប់​ក្លិប​ជាច្រើន​។



អត្ថបទទាក់ទង
 
 
Maradona បានទទួល​មរណភាព​នៅ​អាយុ​៦០​ឆ្នាំ ដោយសារ​គាំងបេះដូង​នៅឯ​ផ្ទះ​របស់លោក​ក្នុង​ក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន នៅ​យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ បើទោះជា​លាចាក​លោក​ទៅហើយ​ក្តី ប៉ុន្តែ​ឈ្មោះ​របស់ Maradona នៅតែ​ស្ថិតក្នុង​ការចងចាំ​រប​ស់​យើង​ជា​រៀងរហូត​។​
 
Diego Maradona កើត​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​១៩៦០ ក្នុង​ក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន​។ ទោះ​ស្ថិតក្នុង​គ្រួសារ​ក្រីក្រ Maradona នៅតែ​ជម្នះ​ដើម្បី​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​ដំបូង​នៅ​អាយុ​១៦​ឆ្នាំ​ជាមួយ​ក្លិប Argentinos Juniors ក្នុង​ឆ្នាំ​១៩៧៦​។ រយៈពេល​៥​រដូវ​កាល Maradona បានបង្ហាញ​ខ្លួន​១៦៧​ប្រកួត និង​រក​គ្រាប់​ស៊ុត​បញ្ចូល​ទី​បាន​១១៥​គ្រាប់ មុន​ផ្លាស់​ទៅ​ក្លិប​ក្នុង​ក្របខណ្ឌ​កំពូល​អា​ហ្ស​ង់​ទីន Boca Juniors​។ 
 
Boca Juniors បាន​ទិញយក Maradona ក្នុងតម្លៃ ៤​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​១៩៨១​។ ខ្សែប្រយុទ្ធ​រូបនេះ​បាន​ជួយ Boca Juniors លើក​ពាន​លី​គ​កំពូល​អា​ហ្ស​ង់​ទីន​នៅ​រដូវ​កាល​ដំបូង ១៩៨១-៨២ និង​ជា​ពាន​លើក​ទី​១​ដែល​រូបគេ​ទទួលបាន​។ 
 
​យ៉ាងណាក៏ដោយ Maradona បាន​ចាក​ចេញពី​ក្លិប​ក្នុងប្រទេស​កំណើត​ក្រោយ​បញ្ចប់​រដូវ​កាល ដើម្បី​ទៅ​ចូលរួម​ជាមួយ Barcelona ដោយមាន​តម្លៃ​ផ្ទេរ​ជា​កំណត់ត្រា ៧,៦​លាន​ដុល្លារ​អាមេរិក​។ រយៈ​២​រដូវ​កាល​ជាមួយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Maradona បង្ហាញខ្លួន​៣៦​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​២២​គ្រាប់ ដើម្បី​ជួយ​ក្រុម​ឈ្នះ​ពាន Copa del Rey និង Super Cup នៅ​ឆ្នាំ​១៩៨៣​។​
​នៅ​ឆ្នាំ​១៩៨៤ Maradona បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​អ៊ីតាលី Napoli និង​ជា​ក្លិប​ដែល​លោក​ទទួលបាន​ជោគជ័យ​បំផុត​ក្នុង​អាជីព​។ វត្តមាន​របស់ Maradona បានធ្វើ​ឲ្យ Napoli ឈ្នះ​ជើងឯក Serie A ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​នៅ​រដូវ​កាល ១៩៨៦-៨៧​។​
 



​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​របស់ Maradona បាន​រីក​សុះសាយ​ក្នុងអំឡុង​ឆ្នាំ​១៩៨៦ ដល់​១៩៩១ ខណៈ​អ្នកគាំទ្រ​របស់ Napoli រួមទាំង​ប្រជាជាតិ​របស់​អា​ហ្ស​ង់​ទីន​បាន​សារ​ទរ​ចំពោះ​សមិទ្ធផល​របស់​តារា​ឆ្នើម​ពួកគេ​រូបនេះ​។ 
 
​ព្រឹ​តិ្ត​ការណ៍​កីឡាបាល់ទាត់​ពិភពលោក World Cup ឆ្នាំ​១៩៨៦ ជាការ​បង្ហាញខ្លួន​លើក​ទី​២ ចំណោម​៤​លើក ចាប់ពី​ឆ្នាំ​១៩៨២, ១៩៨៦ ១៩០០ និង​ចុងក្រោយ ១៩៩៤ របស់ Maradona សម្រាប់​ក្រុម​ជម្រើសជាតិ​អាស​ហ្ស​ង់​ទីន​។​
 
​ដោយ​សារភាព​ប៉ិនប្រសប់ បូករួម​សមត្ថភាព​ក្នុងការ​បង្កើត​ឱកាស​ផង Maradona បាន​ក្លាយជា​វីរបុរស​ក្នុង​ការជួយ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​លើក​ពាន World Cup នៅ​ឆ្នាំ​១៩៨៦ ដែល​ម៉ិ​ក​ស៊ិ​ក​ធ្វើជា​ម្ចាស់ផ្ទះ តាមរយៈ​ការយក​ឈ្នះ​អាល្លឺម៉ង់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល ៣-២​។​
 
​យ៉ាងណាក៏ដោយ Maradona ក៏ត្រូវ​បាន​ចារ​ឈ្មោះ​មិនល្អ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ផងដែរ​ក្នុង​ព្រឹ​តិ្ត​ការណ៍ World Cup ឆ្នាំ​១៩៨៦ ក្រោយ​យកដៃ​ទះ​បាល់​បញ្ចូល​ទី​ក្រុម​អង់គ្លេស ក្នុងជំនួប​វគ្គ​៨​ក្រុម​ចុងក្រោយ ដែល​អា​ហ្ស​ង់​ទីន​យកឈ្នះ ២-១ នោះ​។ ដោយសារ​រឿងនេះ Maradona ក៏​ជាប់​ឈ្មោះ​ជា «​ដៃ​ព្រះ​» (Hand of God)​។​


 
Maradona បានបញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ជាមួយ​ក្លិប​ចាស់ Boca Juniors នៅ​ឆ្នាំ​១៩៩៧ បន្ទាប់​លេង​ឲ្យ Sevilla មួយ​រដូវ​កាល (១៩៩២-៩៣) និង Newell's Old Boys នៅ​រដូវ​កាល ១៩៩៣-៩៤​។​
 
​ចូល​ន​វិត្ត​ន៍​ពី​កីឡាករ​បាល់ទាត់ Maradona បាន​ធ្វើជា​គ្រូបង្វឹក​ចន្លោះ​ពី​ឆ្នាំ​២០០៨ ដល់​សព្វថ្ងៃ​។ ចន្លោះ​ឆ្នាំ​២០០៨​ដល់​២០១០ បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​។ ពី​ឆ្នាំ ២០១១-១២ ជា​អ្នកចាត់ការ​ក្រុម Al-Wasl នៃ​លី​គ​កំពូល​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ ឆ្នាំ ២០១៣-២០១៧ ជា​ជំនួយការ​ក្រុម Deportivo Riestra នៃ​លី​គ​កំពូល​អា​ហ្ស​ង់​ទីន​។ ដឹកនាំ​ក្រុម Fujairah លី​គ​កំពូល​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នៅ​ឆ្នាំ ២០១៧-១៨​។ ជា​អ្នកចាត់ការ​ក្រុម Dorados de Sinaloa របស់​ម៉ិ​ក​ស៊ិ​កនៅ​ឆ្នាំ ២០១៨-១៩ និង​ចុងក្រោយ​ចាប់ពី​ឆ្នាំ ២០១៩ ដល់​សព្វថ្ងៃ​ជាមួយ Gimnasia de La Plata នៃ​លី​គ​កំពូល​អា​ហ្ស​ង់​ទីន ខណៈ Maradona ត្រូវ​បាត់បង់​ជីវិត​ទៅហើយ​៕
 
 

Tag:
 Diego Maradona
© រក្សាសិទ្ធិដោយ thmeythmey.com