តុលាការ​តួ​ក​គី ផ្តន្ទាទោស​មនុស្ស​ជិត​៥០០​នាក់ ក្នុង​រដ្ឋប្រហារ​បរាជ័យ​ឆ្នាំ​២០១៦
អន្តរជាតិ
តុលាការ​តួ​ក​គី ផ្តន្ទាទោស​មនុស្ស​ជិត​៥០០​នាក់ ក្នុង​រដ្ឋប្រហារ​បរាជ័យ​ឆ្នាំ​២០១៦
26, Nov 2020 , 11:58 pm        
រូបភាព
ទាហានតួកគីដែលត្រូវចាប់ខ្លួន។ រូបភាព៖ AFP
ទាហានតួកគីដែលត្រូវចាប់ខ្លួន។ រូបភាព៖ AFP
​តុលាការ​តួ​ក​គី នៅ​ថ្ងៃទី​២៦ វិច្ឆិកា បាន​ផ្តន្ទាទោស​ជនសង្ស័យ​ចំនួន​៥០០​នាក់ ដាក់ពន្ធនាគារ​។ ក្នុងនោះ​ជនសង្ស័យ​ជាច្រើនរូប​ដែលជា​អតីត​មេបញ្ជាការ​យោធា និង​អាកាសយានិក ត្រូវ​ជាប់ពន្ធនាគារ​មួយជីវិត ក្នុងការ​ផ្តួចផ្តើម​រដ្ឋ​ប្រហារ​កាលពី​ថ្ងៃទី​១៥ កក្កដា ឆ្នាំ​២០១៦​។

 
​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​តួ​ក​គី របស់លោក​ប្រធានាធិបតី Recep Tayyip Erdogan នៅ​ឆ្នាំ​២០១៦ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២៥០​នាក់​ស្លាប់ និង​ជាង​២​ពាន់​នាក់​របួស​។ ក្រោយ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បរាជ័យ តុលាការ​តួ​ក​គី​នៅ​ឆ្នាំ​២០១៧ ចាប់ផ្តើម​ចោទប្រកាន់ និង​កាត់ទោស​អ្នក​រួមគំនិត​ចំនួន​៤៧៥​នាក់​។​
 
​រដ្ឋអាជ្ញា​តួ​ក​គី​អះអាងថា អតីត​មេបញ្ជាការ​កងទ័ព​លោក Akin Ozturk និង​មនុស្ស​ឯទៀត​ដែល​ធ្វើការ​នៅ​ព្រលានយន្តហោះ​យោធា Akinci ក្បែរ​រដ្ឋធានី​អង់កា​រ៉ា​បាន​បញ្ជា​ឲ្យ​ទម្លាក់​គ្រាប់បែក​លើ​អាគារ​រដ្ឋាភិបាល សភា​តួ​ក​គី និង​សម្លាប់​ប្រធានាធិបតី Erdogan​។ លោក Erdogan គ្រានោះ​បាន​ចាក​ចេញពី​ប្រទេស ដើម្បី​ដើរលេង​លំហែកាយ​នៅ​កោះ Aegean​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​តួ​ក​គី​Anadolu អះអាងថា អាកាសយានិក​យន្តហោះ​ចម្បាំង​F-16២៥​នាក់ និង​ជន​ស៊ីវិល​៤​នាក់​ត្រូវបាន​ផ្តន្ទាទោស​ដាក់​ព​ន្ធា​គារ​មួយជីវិត​។ ក្នុង​ការធ្វើ​រដ្ឋប្រហារ​នោះ គេ​ឃើញ​មាន​រថក្រោះ យន្តហោះ​ច្បាំង និង​ឧ​ទ្ធ​ម្ភា​ចក្រ​សំដៅទៅ​គ្រប់គ្រង​អាគារ​រដ្ឋាភិបាល​សំខាន់ៗ​។​
 
​យ៉ាងណាក្តី រដ្ឋប្រហារ​ខាងលើនេះ​បរាជ័យ ដោយសារតែ​ជន​ស៊ីវិល និង​ទាហាន​ស្មោះស្ម័គ្រ​នឹង​ប្រធានាធិបតី Erdogan ចេញមក​តទល់​នឹង​ទាហាន​បះបោរ​ធ្វើ​រដ្ឋប្រហារ​នោះ​។ ក្រោយ​ស្ថានការណ៍​ត្រឡប់មក​ដូចដើម​វិញ រដ្ឋាភិបាល​តួ​ក​គី​បាន​បណ្តេញ​មន្ត្រីរាជការ​រាប់ម៉ឺន​នាក់ និង​ចាប់ខ្លួន​មនុស្ស​ចំនួន​៥​ពាន់​នាក់ ដែល​ក្នុងនោះ​រួមមាន​ប៉ូលិស និង​គ្រូបង្រៀន​។ រដ្ឋាភិបាល​តួ​ក​គី បាន​ចោទប្រកាន់​បព្វជិត​សាសនា​ឥស្លាម Fethullah Gulen ដែល​រស់នៅ​អាមេរិក​ថា ជា​អ្នកផ្តើមគំនិត​។​
 
​លោក Gulen ដែលជា​អតីត​សម្ព័ន្ធមិត្ត​របស់លោក​ប្រធានាធិបតី​Erdogan ប្រកែក​ថា លោក​មិនមាន​តួនាទី​អ្វី​ក្នុង​រដ្ឋប្រហារ​នេះឡើយ​។ លោក​ជា​មនុស្ស​ម្នាក់ ក្នុងចំណោម​ក្នុង​៦​នាក់​ដែល​ត្រូវ​កាត់ទោស​កំបាំងមុខ​។ រដ្ឋាភិបាល​តួ​ក​គី​ទាមទារ​ឲ្យ​អាមេរិក​ធ្វើ​បត្យាប័ន​លោក Gulen មក​កាត់ទោស​នៅ​តួ​ក​គី តែ​ត្រូវ​អាមេរិក​បដិសេធ​។ ការបដិសេធ​នេះ ក៏​បណ្តាល​ឲ្យ​មាន​ភាព​ប្រទាំង​ប្រទើស​ការទូត​រវាង​ប្រទេស​ទាំង​២​ផងដែរ​។ បក្សពួក​របស់លោក Gulen ត្រូវបាន​រដ្ឋាភិបាល​តួ​ក​គី​ចាត់ទុកជា​អង្គការ​ភេរវកម្ម​។​
 
​ចំណែក​អ្នក​រិះគន់​លោក​Erdogan វិញ​លើកឡើងថា លោក​ប្រធានាធិបតី​ឆ្លៀតឱកាស​ក្នុងការ​បោសសម្អាត​អ្នកចូលរួម​ក្នុង​អំពើ​រដ្ឋប្រហារ មក​បង្ក្រាប​លើ​អ្នក​រិះគន់​ទិតៀន ប្រឆាំង​រដ្ឋាភិបាល​។ ការបង្ក្រាប​យ៉ាង​ចាស់ដៃ​ក្រោយ​ហេតុការណ៍​រដ្ឋប្រហារ​នេះ ក៏ត្រូវ​បាន​ប្រទេស​អឺរ៉ុប និង​អាមេរិក​រិះគន់ និង​ទទូច​ឲ្យ​បន្ធូរដៃ​ផងដែរ​។​
 
​តុលាការ​តួ​ក​គី​កាលពី​ឆ្នាំ​២០១៩ ក៏បាន​កាត់ទោស​មនុស្ស​ចំនួន​២២៤​នាក់​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com