អន្តរជាតិ
លោក ត្រាំ ថា នឹងដើរចេញពីសេតវិមាន បើប្រតិភូបោះឆ្នោតបោះឲ្យលោក បៃឌិន ធ្វើប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក ថ្លែងទៅកាន់អ្នកកាសែត នៅថ្ងៃទី ២៦ ខែវិច្ឆិកា នៅសេតវិមាន ។ រូបភាព៖ AFP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់នៅថ្ងៃទី២៦ ខែវិច្ឆិកាថា លោកនឹងចាកចេញពីសេតវិមាន បើប្រតិភូបោះឆ្នោត (Electoral College) គាំទ្រប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ។ ទោះជាប្រកាសបែបនេះក្ដី លោក ត្រាំ នៅតែមិនព្រមទទួលស្គាល់ថា ចាញ់ឆ្នោត ហើយថែមទាំងបន្តចោទប្រកាន់គ្មានភស្តុតាងថា ការបោះឆ្នោតមានការលួចបន្លំ។
ថ្លែងទៅកាន់អ្នកកាសែតនៅថ្ងៃបុណ្យ Thanksgiving លោក ដូណាល់ ត្រាំ និយាយថា ប្រសិនលោក ចូ បៃឌិន ដែលនឹងស្បថចូលកាន់តំណែងនាថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ ត្រូវបានបោះឆ្នោតបញ្ជាក់ផ្លូវការថា ជាអ្នកឈ្នះឆ្នោតពីសំណាក់ប្រតិភូបោះឆ្នោត លោកនឹងដើរចេញពីសេតវិមាន។ ប៉ុន្តែ លោក ត្រាំ ទទួលស្គាល់ថា លោកពិបាកនឹងព្រមចុះចាញ់ក្រោមកាលៈទេសៈបច្ចុប្បន្ននេះ ហើយលោកក៏បដិសេធបញ្ជាក់ថា នឹងចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក បៃឌិន ឬអត់ផងដែរ។
ទោះជាកាលពីដើមសប្ដាហ៍នេះ លោក ត្រាំ បានយល់ព្រមឲ្យលោកបៃឌិនដំណើរការនីតិវិធីផ្ទេរអំណាចផ្លូវការក៏ដោយ មកទល់ពេលនេះ លោក ត្រាំ បានបន្តបដិសេធទទួលស្គាល់ពេញលេញបរាជ័យរបស់លោក។
ពេលត្រូវសួរថា តើលោកនឹងចាកចេញពីសេតវិមាន ប្រសិនបើប្រតិភូបោះឆ្នោត បោះឲ្យលោកបៃឌិនក្លាយជាប្រធានាធិបតី លោក ត្រាំ និយាយខ្លីដូច្នេះថា៖«ច្បាស់ណាស់ ខ្ញុំនឹងចេញ»។ យ៉ាងណាមិញ សម្រាប់លោកត្រាំ វានឹងមានរឿងច្រើនកើតឡើងចន្លោះពីឥឡូវនេះ និងថ្ងៃទី២០ ខែមករា។ «ការលួចបន្លំទ្រង់ទ្រាយធំ ត្រូវបានរកឃើញ។ យើងគឺដូចប្រទេសតតិយលោក»។ លោកសង្កត់ធ្ងន់បែបនេះខណៈបន្តមិនផ្ដល់ភស្តុតាងទាក់ទិននឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា។
លោក បៃឌិន បានឈ្នះការបោះឆ្នោតជាមួយចំនួនប្រតិភូបោះឆ្នោតសរុប៣០៦ ទល់នឹងរបស់លោកត្រាំ ២៣២។ ដើម្បីក្លាយជាម្ចាស់សេតវិមានអាមេរិក បេក្ខជនប្រធានធិបតី ត្រូវការសំឡេងគាំទ្រពីអង្គបោះឆ្នោតយ៉ាងតិច ២៧០ ។ ប្រតិភូទាំងអស់ នឹងជួបគ្នានាថ្ងៃទី ១៤ ខែធ្នូ ដើម្បីកំណត់លទ្ធផលផ្លូវការ។ លោក បៃឌិន ក៏នាំមុខលោកត្រាំជាង៦លានសន្លឹកឆ្នោត។
កិច្ចប្រឹងប្រែងរបស់លោក ត្រាំ និងទីប្រឹក្សាលោកក្នុងបដិសេធលទ្ធផលឆ្នោតក្នុងរដ្ឋគន្លឹះៗ ទាំងដោយការប្ដឹងតវ៉ា ឬដោយការដាក់សម្ពាធលើសមាជិកសភារដ្ឋនោះ សុទ្ធតែមិនទទួលបានជោគជ័យ ហើយឥឡូវនេះ លោកក៏ដូចជាអស់មធ្យោបាយហើយ។
នៅរដ្ឋអាមេរិក បេក្ខជនតំណាងបក្សនយោបាយ អាចក្លាយប្រធានាធិបតី តាមរយៈការទទួលបានប្រតិភូបោះឆ្នោតភាគច្រើន ហើយចំនួនប្រតិភូនេះ ទទួលបានតាមយៈការឈ្នះសំឡេងបោះឆ្នោតភាគច្រើនពីប្រជាជននៅតាមនីមួយៗ។ ប្រតិភូបោះឆ្នោត ដែលត្រូវបែងចែកក្នុងរដ្ឋទាំង៥០ បូកនឹងរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានកំណត់ដោយផ្អែកលើសមាមាត្រនៃប្រជាជនក្នុងរដ្ឋ។ ប្រតិភូបោះឆ្នោត ក៏ជាអ្នកស្មោះស្ម័គ្ររបស់បក្ស ដែលសន្យាបោះឆ្នោតគាំទ្របេក្ខជន ដែលឈ្នះឆ្នោតពីប្រជាជនក្នុងរដ្ឋពួកគេផងដែរ៕
Tag:
សហរដ្ឋអាមេរិក
ដូណាល់ ត្រាំ
ចូ បៃឌិន
ការបោះឆ្នោតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com