ជាតិ
សេដ្ឋកិច្ច
ខេត្តមណ្ឌលគិរី រំពឹងរកចំណូល៥០០លានដុល្លារពីទេសចរ ៣លាននាក់ក្នុង១ឆ្នាំៗ
28, Nov 2020 , 8:29 am        
រូបភាព
លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍កំពុងផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំលើសេចក្តីព្រាងលើកទី៣ នៃផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៦ វិច្ឆិកា ។
លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍កំពុងផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំលើសេចក្តីព្រាងលើកទី៣ នៃផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៦ វិច្ឆិកា ។
មណ្ឌលគិរី នឹងទទួលបានចំណូល៥០០លានដុល្លារ ពីភ្ញៀវទេសចរប្រមាណ៣លាននាក់ក្នុងមួយឆ្នាំៗ តាមរយៈផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីក្នុងរយៈពេល១៥ឆ្នាំពីឆ្នាំ២០២០-២០៣៥។ នេះបើតាមការលើកឡើងរបស់លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ ដោយរំពឹងថា ចាប់ពីឆ្នាំ២០៣៥ ភ្ញៀវអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី នឹងកើនដល់៩០ម៉ឺននាក់ និងភ្ញៀវក្នុងស្រុក កើនដល់ជាង ២លាននាក់។



លោក ជុក  ជំនោរ  បានប្រាប់ដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំលើសេចក្តីព្រាងលើកទី៣ នៃផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៧ វិច្ឆិកា ថា ក្រសួងទេសចរណ៍បានកំណត់យកទិសដៅអាទិភាពចំនួន៦ ក្នុងការអភិវឌ្ឍមណ្ឌលគិរី ដើម្បីឱ្យក្លាយទៅជាខេត្តអេកូទេសចរណ៍លំដាប់ថ្នាក់អន្តរជាតិ ដែលអាចទទួលបានចំណូល៥០០លានដុល្លារពីភ្ញៀវទេសចរ សម្រាប់ចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ ហើយព្រមទាំងអាចបង្កើតការងារឱ្យប្រជាជនបានរហូតដល់៨ម៉ឺនកន្លែង ផងដែរ។
 
បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ ទិសដៅអាទិភាពចំនួន៦ដែលស្ថិតនៅក្នុងផែនកការមេអភិវឌ្ឍទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២០-២០៣៥ នោះមាន៖ ១.របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង៥ ដែលអនុញ្ញាតឱ្យមានតែការវិនិយោគ និងអភិវឌ្ឍសកម្មភាពទេសចរណ៍ ព្រមទាំងមានការគិតគូរច្បាស់លាស់អំពីបរិស្ថាន។ ២. របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដែលមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច។ 
 


៣. ក្រុងសែនមនោរម្យ ជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង។ ៤. តំបន់ស្រុកអូររាំង ដោយភ្ជាប់ជាមួយការអភិវឌ្ឍព្រលានយន្តហោះមណ្ឌលគិរី ដែលអភិវឌ្ឍជាតំបន់រណបភ្ជាប់ជាមួយក្រុងសែនមនោរម្យ។ ៥. តំបន់ប្រជុំជននៃស្រុកកោះញែក ជាទីកន្លែងមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍទៅជាមណ្ឌលទេសចរណ៍នាពេលអនាគត ហើយមានវិសាលភាពទូលាយជាងក្នុងតំបន់អភិរក្ស និងទី៦. គឺនៅតំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែន ដោយអនុញ្ញាតឱ្យមានការអភិវឌ្ឍរមណីយដ្ឋានសមាហរណ ដូចជាកាស៊ីណូ ល្បែងកម្សាន្ត ជាដើម។ 
 
សូមជម្រាបថា ក្រៅពីគម្រោងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២០-២០៣៥នេះ ក្រសួងទេសចរណ៍ ក៏កំពុងរៀបចំសេចក្តីព្រាងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប និងខេត្តកែប ដោយគ្រោងបញ្ចប់ និងដាក់ឆ្លងរាជរដ្ឋាភិបាល នៅចុងខែធ្នូ ឆ្នាំ២០២០ ផងដែរ៕ 
 
 

Tag:
 ទេសចរណ៍
  ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តមណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com