សង្គមអន្តរជាតិ​
អន្តរជាតិ
បែលហ្ស៊ិក កាត់ទោសអ្នកការទូតអ៊ីរ៉ង់ពីអំពើភេរវកម្ម
27, Nov 2020 , 4:05 pm        
រូបភាព
ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់នៅក្រៅប្រទេស។ រូបភាព៖ AFP
ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់នៅក្រៅប្រទេស។ រូបភាព៖ AFP
ដោយ:
តុលាការបែលហ្ស៊ិក នៅថ្ងៃទី២៧ វិច្ឆិកា បើកសវនាការកាត់ទោសអ្នកការទូតអ៊ីរ៉ង់ម្នាក់ និងជនជាតិអ៊ីរ៉ង់៣នាក់ផ្សេងទៀត  ពីបទរៀបចំដាក់គ្រាប់បែកក្នុងពិធីជួបជុំរបស់ក្រុមប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់នៅទីក្រុងប៉ារីស កាលពីឆ្នាំ២០១៨។ សវនាការនេះ ជាលើកទីមួយហើយ សម្រាប់ប្រទេសអឺរ៉ុបក្នុងការកាត់ទោសអ្នកការទូតអ៊ីរ៉ង់ពីអំពើភេរវកម្ម។

 
រាជអាជ្ញាបែលហ្សិក បានចោទប្រកាន់លោក Assadolah Assadi មន្ត្រីកុងស៊ុលអ៊ីរ៉ង់ប្រចាំទីក្រុងវីយែន និងបុគ្គល៣រូបផ្សេងទៀតពីការរៀបចំផែនការវាយប្រហារក្រុមអ្នកប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស។ មន្ត្រីបារាំងអះអាងថាលោក Assadi ជាមន្ត្រីកុងស៊ុលទទួលបន្ទុកកិច្ចការចារកម្មសម្រាប់ភាគខាងត្បូងអឺរ៉ុប ហើយការរៀបចំផែនការខាងលើនេះ គឺធ្វើតាមបញ្ជារបស់រដ្ឋាភិបាលអ៊ីរ៉ង់។
 
រដ្ឋាភិបាលអ៊ីរ៉ង់ បានបដិសេធការលើកឡើងខាងលើនេះ ដោយចោទតបវិញថា ការសង្ស័យពីការវាយនោះ ជាការរៀបចំដោយក្រុមប្រឆាំងដើម្បីទម្លាក់កំហុសមកលើខ្លួនតែប៉ុណ្ណោះ។
 
លោកAssadi មិនបានបរិយាយចំពោះការចោទប្រកាន់មកលើរូបលោកឡើយ ដោយមេធាវីរបស់លោកអះអាងថា លោក Assadi នឹងបកស្រាយនៅចំពោះមុខតុលាការ។ ប៉ុន្តែមន្ត្រីអ៊ីរ៉ង់ រូបនេះធ្លាប់បានព្រមានកាលពីខែមីនាថា បើសិនជាខ្លួនត្រូវបានតុលាការរកឃើញថាមានទោសមែន នោះអាចនឹងមានសកម្មភាពសងសឹកពីក្រុមមិនស្គាល់អត្តសញ្ញាណ។នេះយោងតាមសារព័ត៌មានReuters។
 
ផែនការរៀបចំដាក់គ្រាប់បែកនៅបារាំងនេះ ត្រូវបានបង្ការបាន ដោយមានការសហការ រវាងកម្លាំងសន្តិសុខបារាំង អាល្លឺម៉ង់ និងបែលហ្សិក។ លោក Assadi ត្រូវបានចាប់ខ្លួនក្នុងប្រទេសអាល្លឺម៉ង់អំឡុងពេលលំហែកាយ និងត្រូវបានបញ្ជូនខ្លួនមកបែលហ្សិក ដែលនៅទីនោះអ្នករួមគំនិត២នាក់ផ្សេងទៀតត្រូវបានប៉ូលសបែលហ្សិកចាប់ខ្លួនដោយផ្ទុកសារធាតុផ្ទុះកន្លះគីឡូក្រាម។ អាជ្ញាធរបែលហ្ស៊ិក ជឿជាក់ថា សារធាតុផ្ទុះនោះត្រូវបានបញ្ជូនពីអ៊ីរ៉ង់ មកទីក្រុងវីយែនតាមជើងហោះហើរ។
 
ក្នុងឯកសារដែលបញ្ជូនទៅរាជអាជ្ញារបែលហ្សិក លោក Jaak Raes ប្រធានភ្នាក់ងារសន្តិសុខរដ្ឋបែលហ្ស៊ិក បញ្ចាក់ថា៖« ផែនការវាយប្រហារនេះ ធ្វើឡើងក្នុងនាមអ៊ីរ៉ង់ និងថ្នាក់ដឹកនាំអ៊ីរ៉ង់។ ផែនការនេះ មិនមែនជាគំនិតផ្តួចផ្តើមដោយលោក Assid ឡើយ»។ ចំណែកបារាំងអះអាងថា ក្រសួងចារកិច្ចអ៊ីរ៉ង់ជាអ្នកនៅពីក្រោយផែនការវាយប្រហារនេះ និងបានបណ្តេញអ្នកការទូតអ៊ីរ៉ង់ជាច្រើនរូបចេញពីប្រទេសខ្លួនផងដែរ។ ឯសហភាពអឺរ៉ុបវិញ បានបង្កកទ្រព្យសម្បត្តិមន្ត្រី និងអង្គភាពរក្រសួងមួយនេះ។
 
ប្រទេសអឺរ៉ុប ជារឿយៗ បន្ទោសអឺរ៉ង់ថា ជាអ្នករៀបចំផែនការសម្លាប់អ្នកប្រឆាំងខ្លួននៅក្រៅប្រទេស រួមមានការសម្លាប់នៅហូឡង់នៅឆ្នាំ២០១៥ និងឆ្នាំ២០១៧ ក៏ដូចជានៅដាណឺម៉ាក។ អ៊ីរ៉ង់វិញ ច្រានចោលការចោទប្រកាន់ទាំងនេះ ដោយអះអាងថា វាជាការធ្វើឲ្យខូចទំនាក់ទំនងរវាងភាគីទាំង២៕
 
 

Tag:
 បែលហ្ស៊ិក
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com