ជាតិ
សង្គមជាតិ
អ្នកនាំពាក្យរដ្ឋាភិបាល៖«យើង អត់មានប៉ះទង្គិចអីជាមួយ [ស៊ុយអែត] ទេ» លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
× លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា ការដែលរដ្ឋាភិបាលស៊ុយអែត រើស្ថានទូតខ្លួន ចេញពីរាជធានីភ្នំពេញ ទៅទីក្រុងបាងកក ប្រទេសថៃ គឺជារឿងផ្ទៃក្នុងរបស់រដ្ឋាភិបាលស៊ុយអែត។ តែ លោក បញ្ជាក់ថា ការដកស្ថានទូតចេញនេះ មិនមែនដោយសារតែកម្ពុជានិងស៊ុយអែត មានបញ្ហាអ្វីជាមួយគ្នានោះទេ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ផៃ ស៊ីផាន ថ្លែងដូច្នេះថា៖«យើងអត់មានប៉ះទង្គិចអី [ជាមួយស៊ុយអែត] ទេ។ យើង នៅតែពង្រឹងកិច្ចសហប្រតិតប្តិការ»។
អ្នកនាំពាក្យរដ្ឋាភិបាល បន្តថា គ្មានប្រទេសណាមួយ ដែលជាសត្រូវរបស់កម្ពុជាឡើយ ហើយក៏គ្មានប្រទេសណាមួយ ដែលកម្ពុជា ចាត់ទុកជាសត្រូវដែរ។ លោក បន្ថែមថា ប្រទេសទាំងអស់ ជាមិត្តរបស់កម្ពុជា។
លោក មើលឃើញថា ការរើស្ថានទូតចេញពីកម្ពុជា មិនបង្កជាឧបសគ្គដល់ចំណងមេត្រីភាព និងមិនបង្កការលំបាកដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងស៊ុយអែតឡើយ។ លោក មានប្រសាសន៍ថា ប្រទេសខ្លះ ក៏គ្មានស្ថានទូតនៅកម្ពុជាដែរ តែនៅតែអាចមានកិច្ចសហប្រត្តិការជាមួយគ្នាបាន។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងការបរទេសស៊ុយអែត ប្រកាសថា ស្ថានទូតខ្លួននៅភ្នំពេញ នឹងត្រូវបិទនៅចុងឆ្នាំ២០២១ ហើយនឹងរើទៅបាំងកកវិញ។ ក្រោយរើស្ថានទូតពីកម្ពុជា ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា គឺនៅតែមានដដែល ប៉ុន្តែ ស្ថានទូតនិងនិវេសនដ្ឋានរបស់ឯកអគ្គរាជទូតស៊ុយអែត ស្ថិតនៅក្នុងប្រទេសថៃ។
ក្រសួងការបរទេសស៊ុយអែត សរសេរក្នុងសេចក្តីប្រកាសព័ត៌មានថា៖«ស៊ុយអែត មានទំនាក់ទំនងល្អជាមួយកម្ពុជា។ [តែ] ទំនាក់ទំនងនេះ នឹងបន្តតាមផ្លូវថ្មីវិញ»។
សូមរម្លឹកថា កម្ពុជានិងស៊ុយអែត បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ចាប់តាំងពីឆ្នាំ១៩៦១មក ដែលមកដល់ឆ្នាំ២០២០នេះ មានរយៈពេល៥៩ឆ្នាំមកហើយ។ ស៊ុយអែត ត្រូវបានចាត់ទុកជាប្រទេសម្ចាស់ជំនួយធំមួយ ដែលតែងផ្តល់ជំនួយលើការអភិវឌ្ឍវិស័យនានានៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com