អន្តរជាតិ
លោក Fakhrizadeh បុគ្គលដ៏សំខាន់សម្រាប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានសម្លាប់
28, Nov 2020 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
លោក Mohsen Fakhrizadeh អ្នកវិទ្យាសាស្ត្រ និងជាបុគ្គលដ៏សំខាន់សម្រាប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបាន សម្លាប់ ខណៈលោកធ្វើដំណើរតាមរថយន្តនៅក្រុង Absard ភាគខាងកើតក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

 
លោក Fakhrizadeh អាយុ៦២ឆ្នាំ ជាអ្នកវិទ្យាសាស្ត្រ និងជាសាស្ត្រាចារ្យរូបវិទ្យានៅសាកលវិទ្យាល័យ Imam Hussein University។ លោកជាអតីតទេសរដ្ឋមន្ត្រីការពារជាតិ ហើយត្រូវបានបណ្តាញសារព័ត៌មានបរទេសចាត់ទុកថា ជាបុគ្គលម្នាក់ដែលជាប្រភពនៃកម្មវិធីនុយក្លេអ៊ែរដ៏សម្ងាត់របស់អ៊ីរ៉ង់។
 
ក្រោយរងការបាញ់ប្រហារក្នុងដំណើរតាមរថយន្ត លោក Fakhrizadeh បានរងរបួសយ៉ាងខ្លាំង ហើយបន្ទាប់មកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានអះអាងថា មនុស្ស៣ ទៅ៤នាក់ផ្សេងទៀត ក៏បានស្លាប់ដោយការវាយប្រហារនោះផងដែរ។
 
ភ្លាមៗ ក្រុងតេហេរ៉ង់ បានចោទអ៊ីស្រាអែល ថាជាអ្នកនៅពីក្រោយការវាយប្រហាររហូតដល់ស្លាប់អ្នកវិទ្យាសាស្ត្ររបស់ខ្លួន ព្រមទាំងគម្រាមសងសឹកវិញ។
 
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benyamin Netanyahou កន្លងមក ក៏បានហៅលោក Fakhirzadeh ថា ជា «ខួរក្បាលនៃកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com