ជាតិ
សង្គមជាតិ
ការជួសជុលប្រាសាទទន្លេស្ងួត ឈានដល់ដំណាក់កាលចុងក្រោយហើយ
28, Nov 2020 , 8:29 pm        
រូបភាព
សៀមរាប៖ ប្រាសាទទន្លេស្ងួត ជាអតីតមន្ទីរមួយក្នុងរាជ្យសេ្ដចជយវរ្ម័នទី៧ កំពុងទទួលបានការជួសជុលនិងលើកតម្លៃឡើងវិញ ក្រោយប្រាសាទនេះរងការខូចខាត និងទ្រុឌទ្រោមខ្លាំង។ បច្ចុប្បន្ន ការជួសជុលជិតរួចរាល់ជាស្ថាពរហើយ និងរំពឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ។

 
ប្រាសាទទន្លេស្ងួត ចាប់ផ្តើមផ្លាស់ប្ដូររូបរាងបន្ដិចម្ដងៗ គឺប្រែពីចាស់ទ្រុឌទ្រោម  ទ្រេតស្ទើរដួលដល់ដី ពឹងលើការទល់ទ្រ មកសភាពរឹងមាំ ឈរតែឯង ដោយលែងពឹងឈើទល់ទ្របន្ដទៀត។ 
 
បុរាណវិទូ និងជាប្រធានគម្រោងការដ្ឋានជួសជុលប្រាសាទទន្លេស្ងួត លោក ជា សារិទ្ធិ បានប្រាប់ថា ការជួសជុលបច្ចុប្បន្ន ឈានដល់ដំណាក់កាលចុងក្រោយហើយ។ លោកពន្យល់ថា ក្រុមការងារបាននិងកំពុងរៀបថ្មផ្គុំដល់រួត៣៦នៃតួប្រាសាទហើយ និងកំពុងជួសជុលផ្នែកកំពូល។ យ៉ាងណា លោក សារិទ្ធិ ប្រាប់ថា ដោយសារផ្នែកំពូលរងការខូចខាត និងបាត់ថ្មចាស់ភាគច្រើន ដូច្នេះការងារត្រូវផ្អាកមួយរយៈ ដោយត្រូវចុះមករកថ្មនិងផ្គុំសាកល្បងនៅខាងក្រោមសិន ដើម្បីជួសជុលឬផ្គុំទៅតាមរូបរាងដើមនៃប្រាសាទមួយនេះ។ 


 
លោក ជា សារិទ្ធិ បានរំឭកពីសាវតានៃប្រាសាទទន្លេស្ងួតនេះថា ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដោយមានការឯកភាពពីគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ បានអនុញ្ញាតឱ្យមានការជួសជុល និងលើកតម្លៃប្រាសាទនេះនៅពាក់កណ្ដាលឆ្នាំ២០១៩  ក្រោយពិនិត្យឃើញស្ថានភាពប្រាសាទនេះចាស់ទ្រុឌទ្រោមខ្លាំង និងមិនអាចទុកបន្តទៀត។ លោក ជា សារិទ្ធិ ពន្យល់បន្ថែមថា៖« ស្ថានភាពប្រាសាទនៅពេលនោះបង្ហាញថា គ្រឹះនៅផ្នែកខាងលិចដែលសង់លើដីខ្សាច់ស្រុតក្នុងជម្រៅ ៣សង់ទីម៉ែត្រ...ជើងទម្រស្រុតលេចក្នុងស្រទាប់ដីខ្សាច់រហូត ១០សង់ទីម៉ែត្រ ដូច្នេះការជួសជុលទាមទារការផ្លាស់ប្ដូរថ្ម ដែលជាទម្រជើងតាងប្រាសាទ...»។
 
ក្នុងដំណើរការនៃចាប់ផ្តើមជួសជុល ជួបការលំបាកបន្ដិច ពិសេសការបាត់ថ្មចាស់ជាច្រើនដែលទាមទារឱ្យក្រុមអ្នកជំនាញប្រើប្រាស់ថ្មថ្មី និងរៀបចំតាមលំនាំដើម។  បុរាណវិទូលោក ជា សារិទ្ធិ ប្រាប់ថា ការរៀបចំកម្រាលបាតប្រាសាទមួយ ប្រើពេលរហូតមួយខែ។ បច្ចុប្បន្នការជួសជុលកំពុងធ្វើនៅផ្នែកកំពូល ផ្នែកខ្លះនៅជាន់ក្រោយ  និងរៀបចំសម្អាតមុខថ្ម មុននឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ។ 



ក្នុងដំណើរការនៃការជួសជុលឡើងវិញនេះ ក្រុមអ្នកបុរាណវិទ្យាបានប្រទះឃើញបុរាណវត្ថុមួយចំនួននៅជុំវិញបរិវេណប្រាសាទ។ ក្នុងនោះ ក្នុងគម្រោងកំណាយសិក្សាស្រាវជ្រាវនៅពាក់កណ្ដាលឆ្នាំ២០១៧ គេប្រទះឃើញរូបបដិមាទ្វារបាលធំមួយអង្គ បន្ទាប់មករំលងប៉ុន្មានថ្ងៃ ស្រាប់តែប្រទះឃើញរូបបដិមាសំខាន់ក្នុងប្រាសាទនេះ គឺជាព្រះអង្គភៃសជ្យគុរុ (ព្រះគ្រូស្ដេចថ្នាំ) រួមនិងបំណែកបដិមាព្រះពុទ្ធប្រក់នាគ។ល។ ក្នុងការដ្ឋានជួសជុលនាខែ មិថុនា ឆ្នាំ២០២០នេះ គេប្រទះឃើញផ្ទាំងសិលាចារឹកមួយផ្ទាំង មាន៥៥បន្ទាន់ ដែលតាមការអះអាងរបស់អ្នកស្រាវជ្រាវ ជាផ្ទាំងថ្មដែលយកពីប្រាសាទដទៃ និងយកមកប្រើបន្តជាកម្រាលបាតប្រាសាទទន្លេស្ងួតនេះ។
 
 
ស្ថិតនៅភូមិនគរក្រៅ សង្កាត់នគរធំ ក្រុងសៀមរាប ប្រាសាទទន្លេស្ងួតកសាងឡើងនាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានចម្ងាយប្រមាណ៥០០ម៉ែត្រ ខាងជើងខ្លោងទ្វារដីឆ្នាំង និងមានផ្ទះប្រជាពលរដ្ឋជុំវិញ។  មុនមានការដ្ឋានជួសជុល អ្នកភូមិដែលមានផ្ទះនៅផ្នែកខាងក្នុង បានប្រើប្រាស់បរិវេណមុខប្រាសាទនេះ ជាផ្លូវធ្វើដំណើរទៅមក៕




 
 

Tag:
 ប្រាសាទទន្លេស្ងួត
  ការអភិរក្ស
  ក្រុងអង្គរធំ
© រក្សាសិទ្ធិដោយ thmeythmey.com