សុខភាព
អន្តរជាតិ
មន្ត្រី WHO ប្រាប់ថា កុំទាន់ស្មានតាមការលើកឡើងថា កូវីដ-១៩ មិនមែនកើតនៅចិនមុនគេ
28, Nov 2020 , 8:59 pm        
រូបភាព
លោក_Mike_Ryan_ប្រធានកម្មវិធីអាសន្នរបស់អង្គការសុខភាពពិភពលោក។_រូបភាព៖
លោក_Mike_Ryan_ប្រធានកម្មវិធីអាសន្នរបស់អង្គការសុខភាពពិភពលោក។_រូបភាព៖
វា គឺជាការស្មានខ្លាំងពេក សម្រាប់អង្គការសុខភាពពិភពលោក (WHO) ដែលថាកូវីដ-១៩ មិនបានលេចឡើងនៅចិន។ លោក Mike Ryan  ប្រធានកម្មវិធីអាសន្នរបស់ WHO បានលើកឡើងបែបនេះ នៅថ្ងៃទី២៧ ខែវិច្ឆិកា បន្ទាប់សារព័ត៌មានចិនចុះផ្សាយថា កូវីដ-១៩ មិនមែនលេចឡើងនៅប្រទេសចិនមុខដំបូងគេឡើយ។


 
មួយរយៈចុងក្រោយនេះ សារព័ត៌មានចិនបានចុះផ្សាយថា កូវីដ-១៩ បានលេចឡើងនៅតំបន់ផ្សេង មុននឹងត្រូវបានគេរកឃើញនៅទីក្រុងវូហាន ប្រទេសចិន ដែលជាកន្លែងផ្ទុះកូរ៉ូណាវីរុសដំបូងគេនៅចុងឆ្នាំ២០១៩។ ការផ្ទុះវីរុសនៅចិននេះ កើតឡើងតាមរយៈការនាំចូលអាហារក្លាសេចូលមកចិន។ កាសែតPeople’s Daily បានសរសេរលើបណ្តាញសង្គមFacebook របស់ខ្លួនយ៉ាងដូច្នេះថា៖ «កូវីដ១៩ មិនបានចាប់ផ្តើមឡើងនៅកណ្តាលក្នុងវូហានឡើយ ប៉ុន្តែវាចូលមកតាមរយៈកញ្ចប់ទំនិញ និងអាហារក្លាសេនាំចូលពីបរទេស»។ 
 
យ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក មិនបានយល់ស្របដូចការចុះផ្សាយខាងលើឡើយ។ ថ្លែងតាមប្រព័ន្ធវីដេអូ លោក  Mike Ryan ប្រធានកម្មវិធីអាសន្នរបស់WHO បានអះអាងយ៉ាងដូច្នេះថា៖ « ខ្ញុំគិតថា វាគឺជាការស្មានខ្លាំងពេកសម្រាប់យើង ក្នុងការនិយាយថា កូវីដ-១៩ មិនបានលេចឡើងនៅចិនមុនដំបូងគេ»។ 
 
ជាមួយគ្នានេះ លោក Ryan បានបន្តទៀតថា វាប្រាកដណាស់ថា សម្រាប់ទស្សនសុខភាពសាធារណៈ គឺយើងចាប់ផ្តើមស៊ើបអង្កេតនៅកន្លែងផ្ទុះករណីកូរ៉ូណាវីរុសមុនដំបូងគេ។ ក្នុងន័យនេះ លោកRyan យល់ថា បើទោះបីជាចិនអះអាងថា កូវីដ-១៩ លេចឡើងនៅកន្លែងផ្សេង ប៉ុន្តែក្រុងវូហាននៅតែជាគោលដៅរបស់អង្គការសុខភាពពិភពលោក ក្នុងការស៊ើបអង្កេតមុនគេ ដើម្បីរកដើមកំណើតកូរ៉ូណាវីរុស មុននឹងបើកការស៊ើបអង្កេតនៅកន្លែងផ្សេងទៀត។ 
 
ក្នុងប្រព័ន្ធវីដេអូដដែល ប្រធានកម្មវិធីអាសន្នរូបនេះ ក៏បានបញ្ជាក់ថាជាថ្មីជុំវិញការបញ្ជូនក្រុមអ្នកជំនាញទៅផ្សារលក់គ្រឿងសមុទ្រក្នុងក្រុងវូហានផងដែរ ដើម្បីរកភស្តុតាងបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
កន្លងមក ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានចោទWHO ថាលំអៀងទៅរកចិន ព្រោះបានលាក់បាំងស្ថានភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាត និងគ្មានតម្លាភាព។ បញ្ហានេះ បានធ្វើឲ្យអាមេរិក ដើរចេញពីអង្គការអន្តរជាតិមួយនេះ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com