COVID-19
អន្តរជាតិ
ថៃរកឃើញកូវីដ-១៩ មួយករណី ដែលមកពីបរទេសមិនបានដាក់ចត្តាឡីស័ក
28, Nov 2020 , 3:36 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ថៃ នៅថ្ងៃទី២៨ ខែវិច្ឆិកា បានរាយការណ៍ថា ជនជាតិថៃមួយនាក់ ដែលមិនបានដាក់ចត្តាឡីស័ក បន្ទាប់ពីត្រឡប់មកពីមីយ៉ាន់ម៉ា ត្រូវបានធ្វើតេស្ត មានផ្ទុកកូវីដ-១៩ ។ ជាមួយគ្នានេះ ថៃក៏មានករណីនាំចូលមកពីក្រៅប្រទេសចំនួន ៤ករណីផ្សេងទៀតផងដែរ។

 
ជនជាតិថៃម្នាក់ ត្រូវបានតេស្តរកឃើញថាវិជ្ជមាន នៅថ្ងៃទី២៧ ខែវិច្ឆិកា។ ករណីនេះ គឺជាស្រ្តីវ័យ២៩ឆ្នាំ ដែលត្រលប់មកពីមីយ៉ាន់ម៉ា និងមិនត្រូវបានដាក់ចត្តាឡីស័កឡើយ។ ស្រ្តីរូបនេះ បានចេញរោគសញ្ញាដូចជា ក្តៅខ្លួន ឈឺក្បាលជាដើម និងត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ Nakornping នៅក្រុងឈៀងម៉ៃ ខេត្តឈៀងម៉ៃ។ 
 
ទាក់ទិននឹងបញ្ហានេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍COVID-19 (CCSA) មិនបានពន្យល់ ថាតើមូលហេតុអ្វីបានជាករណីស្រ្តីវ័យ២៩ឆ្នាំនេះ មិនត្រូវបានដាក់ចត្តាឡីស័ករយៈពេល ១៤ថ្ងៃ តាមវិធានរបស់ក្រសួងសុខាភិបាល។ 
 
បន្ទាប់ពីមានករណីបែបនេះ អភិបាលខេត្តឈៀងម៉ៃ លោក Charoenrit Sa-nguansat បានបើកកិច្ចប្រជុំមួយជាមួយមន្រ្តីសុខាភិបាលខេត្ត និងបញ្ជាឲ្យអាជ្ញាធរ ចុះទៅសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគ នៅកន្លែងដែលរកឃើញមានកូវីដ-១៩ នោះ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ក្រៅពីករណីខាងលើ ក្នុងថ្ងៃដដែល ថៃក៏មានករណីនាំចូល ៤ករណីផ្សេងទៀតផងដែរ។ ករណីកូវីដ-១៩ សរុបរបស់ថៃមានចំនួន ៣៩៦៦ករណី និងអ្នកស្លាប់មានចំនួន ៦០នាក់។ ចំណែកអ្នកជាសះស្បើយពីកូវីដ-១៩ នេះមានចំនួន ៣៧៩៨នាក់៕ 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com