ជាតិ
ទឹកធ្លាក់ស្រែអំពិល ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនៅកំពង់ឆ្នាំង
29, Nov 2020 , 9:29 am        
រូបភាព
ដោយ:
ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ជាតំបន់ដែលមានសក្តានុពលខ្លាំងបំផុតក្នុងខេត្តកំពង់ឆ្នាំង។ ភ្ញៀវទេសចរនិយមទៅកម្សាន្ត ទឹកធ្លាក់ស្រែអំពិល ព្រោះមានទឹកធ្លាក់រាក់ល្មមដែលអាចងូតលេងកម្សាន្ត និងមានសម្រស់ធម្មជាតិព្រៃភ្នំយ៉ាងទាក់ទាញ។


 
ស្ថិតក្នុង ភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស មានចម្ងាយ ៥៨គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង ទឹកធ្លាក់ស្រែអំពិលជាតំបន់ទេសចរណ៍មួយដែលមានភ្ញៀវទេសចរទៅលេងមិនចេះដាច់។ ទឹកធ្លាក់នេះមានសក្តានុពលទេសចរណ៍យ៉ាងច្រើនអនេកដូចជា ភ្ញៀវទេសចរអាចងូតទឹកធ្លាក់លេង ដើរកម្សាន្តក្នុងព្រៃ បោះតង់សម្រាកលម្ហែ ជាពិសេសទេសចរអាចសម្រាកជាមួយជីវិតបែបធម្មជាតិដែលមានដំណាំរបស់ប្រជាជនក្នុងសហគមន៍ជាច្រើនហិកតា ជាប់ជើងភ្នំឱរ៉ាល់។
  


បើតាមលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ទឹកធ្លាក់ស្រែអំពិលជាតំបន់ ដែលបានទាក់ទាញទេសចរ ឲ្យទៅកម្សាន្តច្រើនជាងគេក្នុងខេត្តកំពង់ឆ្នាំង។ លោកថ្លែងប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖ « ទឹកធ្លាក់ស្រែអំពិលទាក់ទាញទេសចរបានច្រើនណាស់ ជាពិសេស ពេលបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ បុណ្យជាតិផ្សេងៗ និងចុងសប្តាហ៍ ក្រោយពីសម្រាកពីការងារ។ ជាទូទៅសម្រាប់ការឈប់សម្រាក មានភ្ញៀវទេសចរប្រមាណ ៧០០-៨០០នាក់ ពេលខ្លះអាចឈានដល់ ១៥០០នាក់ »។ ដោយឡែកក្នុងអំឡុងពេលកូវីដ-១៩ មានការធ្លាក់ភ្ញៀវទេសចរខ្លះៗ មកត្រឹម៣០០-៤០០នាក់។ នេះជាការបន្ថែមរបស់លោក សេង សាលី។
 
លោកបានបន្តទៀតថា នៅក្នុងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល មិនទាន់មានបឹងកាឡូសណ្ឋាគារ និងផ្ទះសំណាក់នោះទេ តែជាទីសាកសមបំផុតសម្រាប់ទេសចរក្នុងការបោះតង់សម្រាកព្រោះមានទីធ្លាធំទូលាយ និងស្ថិតនៅជាប់ជើងភ្នំឱរ៉ាល់។
ទឹកធ្លាក់ស្រែអំពិលក៏មិនទាន់មានភោជនីយដ្ឋាន ឬអាហារដ្ឋាននោះដែរ តែភ្ញៀវទេសចរមានគម្រោងទៅកម្សាន្តនៅទឹកធ្លាក់មួយនេះមិនចាំបាច់ព្រួយបារម្មណ៍ខ្លាចខ្វះអាហារបរិភោគនោះទេ ព្រោះមានប្រជាជនក្នុងសហគមន៍ ដែលបម្រើរសេវាកម្មម្ហូបអាហារ។
 
ចំណែកសម្រាប់ផ្លូវធ្វើដំណើរវិញ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល មានផ្លូវធ្វើដំណើរងាយស្រួល ទោះជាប្រភេទផ្លូវលំតែក៏មិនបង្ករឲ្យមានផលលំបាកដល់ទេសចរដែរ។ លើកឡែងតែករណីមានភ្លៀងធ្លាក់អាចបង្ករឲ្យមានទឹកហូរកាត់ និងខូចខាតផ្លូវខ្លះៗ។ នេះជាការបន្ថែមរបស់លោក សេង សាលី។
បន្ទាប់ពីទឹកធ្លាក់ស្រែអំពិល ខេត្តកំពង់ឆ្នាំងក៏មានតំបន់សក្តានុពលទេសចរណ៍មួយចំនួនទៀតដូចជា តំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល និងរមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង៕


 

Tag:
 ទឹកធ្លាក់ស្រែអំពិល
  កំពង់ឆ្នាំង
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com