COVID-19
ជាតិ
បិទសណ្ឋាគារភ្នំពេញ២ថ្ងៃ ដោយសារអ្នកជំងឺ COVID-19 ធ្លាប់ទៅហែលទឹក និងហាត់ប្រាណ
29, Nov 2020 , 10:15 am        
រូបភាព
ដោយ: រួបរួម
ក្រសួងសុខាភិបាល បាន​ប្រកាសពីការបិទសណ្ឋាគារ​ភ្នំពេញ​រយៈពេល​២ថ្ងៃ ដោយសារ​អ្នកជំងឺកូវីដ-១៩ បានទៅហាត់ប្រាណ និងហែលទឹកនៅទីនោះ។ ក្រសួងមិន​បាន​បញ្ជាក់ថា អ្នកជំងឺ​ណានោះឡើយ។



ការសម្រេច​បិទសណ្ឋាគារភ្នំពេញពីរថ្ងៃ និង​ស្រាវជ្រាវរកអ្នកប៉ះពាល់ និង​វត្ថុ​សំណាកទៅធ្វើតេស្ត ទទួលបាន​ការឯកភាពពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រសួងសុខាភិបាល នាថ្ងៃនេះ បានប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន៧ករណី និងសះស្បើយ២ករណី។ ក្នុងចំណោមករណីឆ្លង៧ករណី មាន៦ករណី មិនដឹងប្រភពច្បាស់ រីឯ១ករណីទៀតជាករណីនាំចូល។

ស្ត្រីអាយុ៥៦ឆ្នាំ ជាភរិយារបស់អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ បានតេស្តឃើញវិជ្ជមានកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្រោយអាការមិនស្រួលខ្លួន និងផ្តាសាយ៣ថ្ងៃ។ ក្រោយមក ក្រសួងសុខាភិបាល និងវិទ្យាស្ថានប៉ាស្ទ័រ បានតេស្តសំណាកអ្នកពាក់ព័ន្ធ ហើយក៏បានរកឃើញវិជ្ជមាន៥នាក់ទៀត គឺស្វាមីរបស់ស្ត្រី (អគ្គនាយកពន្ធនាគារ) រួមទាំងស្ត្រីអាយុ៣៦ឆ្នាំ, កុមារាអាយុ១២ឆ្នាំ, បុរសអាយុ៣៦ឆ្នាំ និងបុរសអាយុ៣០ឆ្នាំ ដែលនៅផ្ទះជាមួយគ្នា។

ក្រសួងមិនទាន់រកឃើញពីប្រភពចម្លងច្បាស់លាស់នោះឡើយ ប៉ុន្តែស្នើឲ្យពលរដ្ឋទាំងអស់ការពារខ្លួន ដោយសារតែអ្នកជំងឺ និងក្រុមគ្រួសារ បានដើរទៅជាច្រើនកន្លែង រួមមាន ក្រុងសៀមរាប, បុរីប៉េងហួតផ្លូវ៦០ម៉ែត្រ, ផ្សារអ៊ីអន១, រាជធានីភ្នំពេញ, បន្ទាយមានជ័យ, ស្ទឹងត្រែង, មណ្ឌលគិរី និងទីតាំងផ្សេងទៀត។

ដើម្បីកាត់ផ្តាច់ការចម្លងតគ្នាចូលសហគមន៍ ក្រសួងបានកំណត់ទីតាំងតេស្តសំណាកសម្រាប់អ្នកដែលពាក់ព័ន្ធ ដោយក្នុងនោះ រួមមាន បរិវេណក្រសួងមហាផ្ទៃ បរិវេណផ្សារទំនើបអ៊ីអន១ និងពន្ធនាគារព្រៃសរ សម្រាប់រាជធានីភ្នំពេញ បរិវេណសាលាគរុកោសល្យ ខេត្តសៀមរាប និងទីតាំងផ្សេងទៀត ដែលរៀបចំដោយបណ្តាមន្ទីរសុខាភិបាលខេត្ត។

កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា រដ្ឋាភិបាលក៏បានសម្រេចផ្អាកដំណើរផ្សារអ៊ីអន១ផងដែរ៕


អត្ថបទទាក់ទង


© រក្សាសិទ្ធិដោយ thmeythmey.com