COVID-19
ជាតិ
បរិវេណពេទ្យមិត្តភាពខ្មែរ-សូវៀត ជាទីតាំងតេស្តសិស្ស និងគ្រូ ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩
29, Nov 2020 , 2:20 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចយកទីតាំងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ការធ្វើតេស្តវត្ថុសំណាកសិក្សានុសិស្ស និងគ្រូបង្រៀនដែលពាក់ព័ន្ធនឹងករណីភរិយាអគ្គនាយកពន្ធនាគារដែលរកឃើញវិជ្ជមាន COVID-19 កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។

 
ក្រសួងមិនបានបញ្ជាក់ឲ្យច្បាស់នោះឡើយ ប៉ុន្តែសម្រេចនេះ ធ្វើឡើងក្រោយដែលភរិយាអគ្គនាយកពន្ធនាគារ បានតេស្តវិជ្ជមានកូវីដ-១៩ ក្រោយមកស្វាមី និងមនុស្ស៤នាក់ទៀត ក៏មានវិជ្ជមានជាបន្តបន្ទាប់ផងដែរ។ នៅថ្ងៃទី២៩ ខែវិច្ឆិកា ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសផ្អាកដំណើរការសិក្សា សាលាអន្តរទ្វីបអាមេរិកកាំងសាខាចាក់អង្រែ រយៈពេល២សប្ដាហ៍។ 
 
បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រសួងអប់រំសម្រេចផ្អាកការសិក្សាសាលាអន្តរទ្វីបអាមេរិកកាំងសាខាចាក់អង្រែ រយៈពេល២សប្ដាហ៍ ប៉ុន្តែត្រូវបន្តរៀន និងបង្រៀនតាមអនឡាញ។ 
 
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា សាលាដែលបានផ្អាកដំណើរការនេះ បានប្រឡងឌីប្លូមកាលពីថ្ងៃទី៣ សីហារួចហើយ ដូចនេះ ការផ្អាកដំណើរការសិក្សានេះ មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងរបស់សិស្សនោះឡើយ។ 
 
ក្រសួងអប់រំ ក៏ណែនាំឱ្យ បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សានេះ ត្រូវបន្តតាមដានសុខភាពផ្ទាល់ខ្លួន ហើយក្នុងករណីមានការសង្ស័យ ត្រូវទំនាក់ទំនងទៅខាងក្រសួងសុខាភិបាល៕
 
 

Tag:
 ក្រសួងអប់រំ
  សាលា
  អន្តរទ្វីបអាមេរិកកាំង
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com