អន្តរជាតិ
លោក Tony Hseih អតីតអគ្គនាយកក្រុមហ៊ុន Zappos ស្លាប់ក្នុងអាយុ៤៦ឆ្នាំ
29, Nov 2020 , 3:25 pm        
រូបភាព
ដោយ: ធីតា
លោក Tony Hseih អតីតអគ្គនាយកក្រុមហ៊ុនក្រុមហ៊ុនលក់ស្បែកជើងអនឡាញ Zappos បានទទួលមរណភាពក្នុងអាយុ៤៦ឆ្នាំ។ យោងតាម The New York Times លោក Hsieh បានស្លាប់កាលពីថ្ងៃសុក្រ ក្រោយរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងហេតុការណ៍អគ្គិភ័យនៅផ្ទះមួយក្នុងរដ្ឋ Connecticut សហរដ្ឋអាមេរិក ខណៈដែលគាត់បានទៅសួរសុខទុក្ខក្រុមគ្រួសារ។

 
 
លោក Hsieh ដែលឪពុកម្តាយបានធ្វើអន្តោប្រវេសន៍ពីតៃវ៉ាន់ ក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់នៅសហរដ្ឋអាមេរិក ដោយលោកទើបតែលាលែងពីតំណែងអគ្គនាយកក្រុមហ៊ុន Zappos កាលពីខែសីហា កន្លងមក ក្រោយគ្រប់គ្រងអស់រយៈពេល២ទសវត្សរ៍។
 
«ពិភពលោកបានបាត់បង់អ្នកដ៏មានទស្សនវិស័យវែងឆ្ងាយ និងជាធនធានមនុស្សដ៏អស្ចារ្យម្នាក់»។ ក្រុមហ៊ុន Zappos បានចេញសេចក្តីថ្លែងការណ៍សោកស្តាយ ជុំវិញមរណភាពរបស់អតីតមេដឹកនាំរបស់ខ្លួន។
 
 
លោក Hseih ចាប់ផ្តើមការងារជំនួញ ដោយបើកសេវាកម្មដឹកជញ្ជូនភីស្សា ហើយ លោកបានសហការបង្កើតបណ្តាញពាណិជ្ជកម្មអនឡាញ LinkExchange ដែលលក់ឲ្យទៅក្រុមហ៊ុន Microsoft ចំនួន២៦៥លានដុល្លារអាមេរិក កាលពីឆ្នាំ១៩៩៨។
 
 
ក្នុងតួនាទីជាអគ្គនាយកក្រុមហ៊ុន Zappos លោក Hsieh ជំរុញការលក់បានដល់ទៅ១.៦លានដុល្លារអាមេរិកនៅឆ្នាំ២០០០ និងឡើងដល់១ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០០៩។ នៅឆ្នាំដដែល លោកបានលក់ Zappos ទៅឲ្យ Amazon ដែលត្រូវបានរាយការណ៍ថា មានតម្លៃ១.២ពាន់លានដុល្លារអាមេរិក។
 
លោកក៏ជាម្ចាស់សៀវភៅ Delivering Happiness ដែលលក់ដាច់បំផុតមួយផងដែរ។ តាមរយៈសៀវភៅនោះ លោកបានចង្អុលបង្ហាញពីវិធីឆ្ពោះទៅភាពជោគជ័យ ហើយចំណុចសំខាន់ដែលលោកចង់លើកឡើងនោះ គឺសុភមង្គល ដែលនាំមនុស្សទទួលបាននូវទីតាំងដ៏ល្អមួយក្នុងជីវិត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com