ជាតិ
ពលរដ្ឋកំពង់ឃ្លាំង កំពុងអនុវត្តគម្រោងឥដ្ឋទន្លេសាប ដើម្បីដោះស្រាយបញ្ហាសំរាមក្នុងសហគមន៍
29, Nov 2020 , 8:29 pm        
រូបភាព
សៀមរាប៖ សហគមន៍កំពង់ឃ្លាំង កំពុងក្លាយជាសហគមន៍គំរូដំបូងគេនៅបឹងទន្លេសាប ដែលអនុវត្តគម្រោងឥដ្ឋច្នៃពីប្លាស្ទិក ឬដែលឱ្យឈ្មោះថា ឥដ្ឋទន្លេសាប។ គម្រោងនេះ នឹងជួយឱ្យសហគមន៍នេះអាចគ្រប់គ្រងសំរាមប្លាស្ទិក និងកាត់បន្ថយការបំពុលប្រព័ន្ធជីវចម្រុះក្នុងបឹងទន្លសាប។

 
សហគមន៍ឃុំកំពង់ឃ្លាំង ដោយមានការសម្របសម្រួលពីអង្គការមូលនិធិទំពាំងស្នងឫស្សី និងអង្គការអន្ដរជាតិសម្ព័ន្ធភាពស្ដារមហាសមុទ្រ (Ocean Recovery Alliance) កំពុងអនុវត្តន៍គម្រោងឥដ្ឋទន្លេសាប។ នេះជាគម្រោងដំបូងដែលត្រូវបានដាក់ឱ្យអនុវត្តន៍ក្នុងសហគមន៍រស់នៅជាប់បឹងទន្លេសាប និងជាដំណោះស្រាយចុងក្រោយ បន្ទាប់ពីសហគមន៍នេះបានចូលរួមអនុវត្តន៍ក្នុងគម្រោងសហគមន៍គ្មានសំរាមប្លាស្ទិក។
 
ឥដ្ឋទន្លេសាប ត្រូវបានបង្កើតឡើងដោយលាយបញ្ចូលពីកម្ទេចសំរាមប្លាស្ទិក ដែលត្រូវបានប្រមូលបានតាមផ្ទះរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ភូមិចុងប្រឡាយ នៃឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន ឥដ្ឋបរិស្ថាននេះកំពុងសាកល្បងផលិតជាការ៉ូឡា ក្រាលនៅបរិវេណវិទ្យាល័យកំពង់ឃ្លាំង។
 



រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្រ្ដា មានប្រសាសន៍អំឡុងពេលចុះពិនិត្យកន្លែងផលិតឥដ្ឋទន្លេសាប នៅព្រឹកថ្ងៃទី២២ វិច្ឆិកា ដោយលោកបង្ហាញអារម្មណ៍រីករាយ និងជំរុញឱ្យសហគមន៍នេះបន្តអនុវត្តន៍បន្ថែមទៀត។ លោក ភក្រ្ដា ពន្យល់ថា ការផលិតឥដ្ឋបរិស្ថាននេះ គឺស្ថិតក្នុងគោលការណ៍ទី១ក្នុងការប្រើប្រាស់សំណល់ប្លាស្ទិក គឺការកែច្នៃឡើងវិញ ដែលក្រសួងបរិស្ថានតែងលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់រូប។ 
 
លោក នេត្រ ភក្រ្ដា បន្ថែមថា៖« យើងតែងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សហគ្រាសធុនតូច មធ្យម អាចមានលទ្ធភាពក្នុងការផលិតឥដ្ឋបរិស្ថាន ដើម្បីយកទៅប្រើប្រាស់ឡើងវិញ ឬយកទៅកែច្នៃជារបស់ប្រើប្រាស់...»។
 
ប្រធានអង្គការទំពាំងស្នងឫស្សី លោក ស៊ា សុផល បាននិយាយពីកំណើតនៃគម្រោងឥដ្ឋបរិស្ថាននេះថា បានកើតចេញក្រោយពីអង្គការរបស់លោកបានរៀបចំព្រឹតិ្តការណ៍ប្រមូលសំរាមរដូវទឹកសម្រក និងគម្រោងប្រមូលយកតែប្លាស្ទិកប៉ុណ្ណោះ ដែលអនុវត្តន៍លើគ្រួសារចំនួន៥០ ក្នុងភូមិចុងប្រឡាយ ឃុំកំពង់ឃ្លាំង។ លោកពន្យល់ថា គម្រោងនេះ មានបំណងលើកទឹកចិត្តដល់ពលរដ្ឋណាដែលចេះគ្រប់គ្រង និងញែកសំរាមឱ្យបានត្រឹមត្រូវ ដោយទទួលបានជាឧបត្ថម្ភជាកញ្ចប់អាហារ។
 
លោក ស៊ា សុផល បន្ថែមថា៖«គម្រោងការ៉ុងប្រមូលតែសំរាមប្លាស្ទិករបស់យើងបានចែកតាមផ្ទះគ្រួសារនីមួយៗ ហើយកំណត់ឱ្យគាត់ញែកឲ្យបានត្រឹមត្រូវ និងជាប្រចាំខែយើងមានយុវជនស្ម័គ្រចិត្តមេត្រីភាពបរិស្ថានចុះទៅផ្ទៀងផ្ទាត់ បើត្រឹមត្រូវតាមគោលការណ៍ហើយ ក្នុងការ៉ុងមួយគាត់ទទួលបានអង្ករ៥គីឡូក្រាម»។ ជាមួយគ្នានោះ តាមការបញ្ជាក់ពីលោក សុផល គ្រួសារនីមួយៗអាចនឹងទទួលបានអង្ករថែម៥គីឡូក្រាមទៀត ប្រសិនបើគាត់ប្រមូលសំរាមប្លាស្ទិកដែលអណ្ដែតពីខាងក្រៅ ឬហៅថាសំរាមបរិស្ថាន ដែលមិនមែនជាការប្រើប្រាស់ផ្ទាល់ក្នុងគ្រួសារ។ លើសពីនេះ ប្រសិនណាគ្រួសារណាចេះកែច្នៃសម្ភារវេចខ្ចប់សំរាមអេតចាយចេញពីឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាស្បៃមោងដែលលែងប្រើ ពួកគាត់នឹងទទួលបានថវិកាលើកទឹកចិត្ត១ម៉ឺនរៀលបន្ថែម។


 
សំរាមដែលប្រមូលពីតាមផ្ទះរបស់ប្រជាពលរដ្ឋ ត្រូវបានយកមកកិនកម្ទេចសម្រាប់ផលិតឥដ្ឋទន្លេសាប ដែលបច្ចុប្បន្នគម្រោងនេះកំពុងសាកល្បងផលិតជាការ៉ូឡា សម្រាប់ក្រាលនៅបរិវេណវិទ្យាល័យកំពង់ឃ្លាំង ដែលជាសាលា Eco-School ។ លោក ស៊ា សុផល ប្រាប់ថា ទៅអនាគតគម្រោងនឹងអភិវឌ្ឍន៍ឥដ្ឋនេះជាសំណង់ផ្សេងៗ។
 
អ្នកស្រី ស សាត អាយុ៦៥ឆ្នាំ ជាគ្រួសារមួយដែលកំពុងអនុវត្តន៍គម្រោងប្រមូលយកតែប្លាស្ទិក។ អ្នកស្រីប្រាប់ថា បានទទួលការឧបត្ថម្ភពីអង្ករតាំងពីខែ៨មក ក្រោយគ្រួសារអ្នកស្រីបានអនុវត្តន៍ការប្រមូលសំរាមប្លាស្ទិកក្នុងការ៉ុងដែលអង្គការមូលនិធិទំពាំងស្នងឫស្សីចែកជូន។ អ្នកស្រី ស សាត សប្បាយចិត្តជាខ្លាំង ព្រោះថាកន្លងមកអ្នកស្រីមិនធ្លាប់ទទួលបានអង្ករដោយត្រឹមជាការប្រមូលសំរាមវេចខ្ចប់នៅក្នុងផ្ទះខ្លួនដូច្នេះទេ។ អ្នកស្រី ស សាត ប្រាប់ថា នឹងបន្តការចូលរួមនេះ ព្រោះធ្វើដូច្នេះអាចធ្វើឱ្យបរិស្ថានជុំវិញ ក៏ដូចជាសហគមន៍កំពង់ឃ្លាំងទាំងមូលមានសោភ័ណភាពស្អាត និងទាក់ទាញទេសចរកាន់តែច្រើនមកកាន់សហគមន៍របស់ខ្លួន។ អ្នកស្រីបន្ថែម៖« ចាប់ពីពេលនេះទៅ ឈប់ចោលសំរាមហើយ សន្សំតាមផ្ទះ និងឃើញនៅកន្លែងណាផ្សេងក៏រើសមកទុកដែរ...ថែមទាំងប្រាប់ដល់គ្រួសារដទៃទៀតឱ្យស្អាតទាំងអស់គ្នា រើសសម្អាតបរិស្ថានយើង ការ៉ុងមាន ទុកក្នុងនោះទៅ»។
 
យុវជន រិន ដារ៉ូ អាយុ១៧ឆ្នាំ ជាសិស្សនៃវិទ្យាល័យកំពង់ឃ្លាំង និងជាយុវជនស្ម័គ្រចិត្តមេត្រីភាពបរិស្ថាន។ ដារ៉ូ និងយុវជនដទៃទៀត បានចុះអប់រំដល់ពលរដ្ឋក្នុងភូមិចុងប្រឡាយឱ្យយល់ពីការញែកសំរាម និងផលប៉ះពាល់ប្រព័ន្ធជីវចម្រុះដែលបំពុលដោយសំរាមប្លាស្ទិក។ ជាអ្នកកំពង់ឃ្លាំងមួយរូប ដារ៉ូ យល់ថា គម្រោងនេះល្អព្រោះជួយកាត់បន្ថយសំរាមក្នុងបឹងទន្លេសាប។ ក្នុងនោះជាប្រចាំខែ ដារ៉ូ បានចុះផ្ទៀងផ្ទាត់សំរាមតាមការ៉ុងបរិស្ថានតាមផ្ទះរបស់ប្រជាពលរដ្ឋ និងចែកអង្ករ ឬថវិកាដល់គ្រួសារណាដែលធ្វើបានល្អតាមគោលការណ៍នៃការទុកដាក់បានត្រឹមត្រូវ។
 



គួររំឭកថា អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចាប់ផ្តើមរៀបចំព្រឹត្តិការណ៍ប្រមូលសំរាមរដូវទឹកឡើង និងទឹកសម្រក ចាប់ពីឆ្នាំ២០១៨មក ដែលគម្រោងនេះធ្វើនៅតាមសហគមន៍ជាប់បឹងទន្លេសាប រួមមានឃុំកំពង់ឃ្លាំង កំពង់ភ្លក់ ចុងឃ្នៀស ផ្នែកខាងក្រោមនៃស្ទឹងសៀមរាប និងសហគមន៍ឃុំមេជ្រៃ។ គម្រោងនេះ ធ្វើឡើងក្នុងបំណងផ្តល់សារអប់រំដល់ពលរដ្ឋឱ្យយល់ពីការរបៀបនៃការទុកដាក់សំរាម ពិសេសសំរាមប្លាស្ទិក មិនត្រូវបោះចោលក្នុងទឹក ដែលជាមហន្តរាយដល់ប្រព័ន្ធជីវចម្រុះ ក៏ដូចជាប៉ះពាល់ដល់សុខភាពដល់ពលរដ្ឋដែលពឹងអាស្រ័យលើបឹងទន្លេសាបទាំងមូល៕




 

Tag:
 ឥដ្ឋបរិស្ថាន
  សំរាម
  ទន្លេសាប
  កំពង់ឃ្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com