COVID-19
ជាតិ
សម្តេច ស ខេង ធ្វើចត្តាឡីស័ក១៤ថ្ងៃ ដោយសារបានដឹកនាំកិច្ចប្រជុំដែលមានវត្តមានអគ្គនាយកពន្ធនាគារ
29, Nov 2020 , 3:43 pm        
រូបភាព
ដោយ: ថ្មីៗ
 សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមវិធានក្រសួងសុខាភិបាល បន្ទាប់ពីសម្តេចបានដឹកនាំកិច្ចប្រជុំមួយ ដោយមានការចូលរួមផងដែរពីសំណាក់លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលឆ្លងកូវីដ-១៩។

 
«ខ្ញុំត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ដោយសារតែកាលពីម៉ោង ៨ និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ ខ្ញុំបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្រ្តី»។ សម្តេច ស ខេង បានសរសេរបែបនេះ ទៅកាន់ថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ។
 
បើតាមសម្តេច ស ខេង នាកិច្ចប្រជុំនោះ លោក ឆែម សាវុធ បានបង្ហើបម៉ាស់ចេញពីមាត់១ដងដើម្បីមានមតិខ្លីមួយ ហើយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ សម្តេចក៏បានដើរចេញពីបន្ទប់ប្រជុំ ដោយឆ្លងកាត់ពីក្រោយខ្នង លោក ឆែម សាវុធ ហើយពេលនោះដែរ គាត់ក៏បានក្រោកឈរ និងមានការឆ្លើយឆ្លងគ្នាខ្លីមួយម៉ាត់ពីរ មុនពេលសម្តេចចាកចេញ។
 
ក្រោយពីកិច្ចប្រជុំ លោក ឆែម សាវុធ បន្តបំពេញការងារជាធម្មតា និងបានធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យដំណើរការផ្ទេរអ្នកទោសដែលបានផ្ទេរចេញមួយរយៈដោយសារជំនន់ទឹកភ្លៀងនោះចូលមកកាន់ពន្ធនាគារខេត្តបន្ទាយមានជ័យវិញផងដែរ។
 
សម្រាប់សម្តេច នេះជារឿងដ៏គួរឲ្យសោកស្តាយ ក្រោយលទ្ធផលតេស្តបង្ហាញថា ភរិយាលោក ឆែម សាវុធ មានជំងឺកូវីដ-១៩ បន្ទាប់ពីមានអាការៈមិនស្រួលខ្លួនរយៈពេលជាងមួយសប្ដាហ៍ ហើយលទ្ធផលជាបន្តបន្ទាប់ក៏បង្ហាញថាលោក ឆែម សាវុធ និងសមាជិក៤ទៀតក៏បានឆ្លងជំងឺនេះដែរ។
 
«ដូច្នេះគឺជាការចាំបាច់បំផុតដែលខ្ញុំត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានរបស់ក្រសួងសុខាភិបាល។ ទោះបីជាយ៉ាងណា ខ្ញុំនៅតែបន្តបំពេញភារកិច្ចពិនិត្យសម្រេចលើសំណើរ និងសំណូមពរនានាពីថ្នាក់ដឹកនាំក្រសួង និងបងប្អូនជនរួមជាតិជាធម្មតាតាមរយៈគេហទំព័រហ្វេសប៊ុកនេះ ពីបន្ទប់ដាច់ដោយឡែកនៅផ្ទះរបស់ខ្ញុំ»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សម្តេចបានអំពាវនាវថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលទាំងអស់ សូមធ្វើតេស្តរកជំងឺកូវីដ១៩ និងអនុវត្តការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃឱ្យបានច្បាស់លាស់បំផុត រីឯអ្នកដែលមិនមានការជាប់ពាក់ព័ន្ធបន្តបំពេញភារកិច្ចជាធម្មតា ដោយត្រូវប្រកាន់ខ្ជាប់វិធានការអនាម័យ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ចៀសវាងការប្រមូលផ្ដុំ និងតាមដានសុខភាពជាប្រចាំ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com