ពីនេះ ពីនោះ
«កំប្លោក ឬត្រកៀតប៉ោង» រុក្ខជាតិស្មៅទឹកដ៏មានប្រយោជន៍
10, Dec 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
កំប្លោក ឬត្រូវបានគេហៅថាត្រកៀតប៉ោង ជារុក្ខជាតិស្មៅទឹកមួយប្រភេទដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង រាប់ចាប់តាំងពីដើម ធាង ស្លឹក ក៏ដូចជាផ្កាជាដើម។

 
ផ្កា និងធាងកំប្លោកនេះត្រូវបានយកទៅប្រើប្រាស់ជាបន្លែអន្លក់យ៉ាងឆ្ងាញ់ពិសា។ ចំណែកឯធាង និងដើមវិញ ជាចំណីសម្រាប់សត្វគោ ក្របី រឺសត្វពាហនៈផ្សេងៗ។ ក្រៅពីនេះធាងនៃរុក្ខជាតិនេះវិញត្រូវបានប្រើប្រាស់ជាខ្សែចំណង ដោយកាត់ហាលថ្ងៃឲ្យស្ងួតទុកវេញជាខ្សែចំណង ខ្សែចែវ ធ្វើកន្ទេល ធ្វើសំពៀតជាដើម។ នេះបើតាមទំព័រហ្វេសប៊ុកទៅលេងបន្ទាយស្រី។
កន្លងមកមានសិប្បកម្មកែច្នៃកំប្លោកជារបស់របរប្រើប្រាស់ដូចជា មួក កាបូប កន្ទេលជាដើមយ៉ាងមានទីផ្សារទាំងក្នុងស្រុក និង ក្រៅស្រុក។ អ្នកស្រី សូ សម្បត្តិ ជាម្ចាស់សិប្បកម្មកែច្នៃកំប្លោកមួយរូប ក្នុងខេត្តសៀមរាប ដែលសិប្បកម្មរបស់អ្នកស្រីដំណើរការបានជាង១០ឆ្នាំមកហើយ។ 
 
ម្ចាស់សិប្បកម្មជាស្ត្រីរូបនេះបានប្រាប់សារព័ត៌មាន Thmey Thmey 25 តាមរយៈទូរស័ព្ទយ៉ាងដូច្នេះថា « ផលិតផលដែលធ្វើកំប្លោកនេះ មានទីផ្សារណាស់កាលពីមិនទាន់មានជំងឺឆ្លងកូវីតនេះ គឺរបស់ប្រើប្រាស់ជាពិសេសកាបូបដែលធ្វើពីកំប្លោកគឺមានការពេញនិយម រហូតដល់ក្រៅប្រទេសជាច្រើនជាពិសេស នាំចេញទៅ ជប៉ុន កូរ៉េខាងត្បូង និងអាមេរិក»។ 
 
កំប្លោក ឬត្រកៀកប៉ោង ជាប្រភេទរុក្ខជាតិស្មៅទឹកងាយស្រួលក្នុងការដំាដុះក៏ដូចជាជាបន្តពូជ គឺមានគ្រប់ទិសទីកន្លែងដែលមានទឹកដូចជា ស្រះ ត្រពាំង ទន្លេជាដើម៕
 
 

Tag:
 ថ្មីៗ២៥
  កំប្លោក
  ត្រកៀតប៉ោង
© រក្សាសិទ្ធិដោយ thmeythmey.com