ជាតិ
សហគមន៍ទេសចរណ៍មេជ្រៃ បង្កើតជង្រុកប្រមូលសំរាមរដូវទឹកស្រក
29, Nov 2020 , 11:29 pm        
រូបភាព
សៀមរាប៖ សហគមន៍ទេសចរណ៍មេជ្រៃ គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងខេត្តសៀមរាប។ ដោយសារមានភូមិសាស្រ្ដជាប់បឹងទន្លេសាប  ធ្វើឱ្យសហគមន៍នេះទទួលរងកាកសំណល់ជាច្រើន ដែលហូរចាក់ជារៀងរាល់ឆ្នាំ ពិសេសរដូវទឹកឡើង ក្នុងនោះក៏មានសំរាមដែលបង្កើតឡើងដោយសហគមន៍ខ្លួនឯងផងដែរ។ អង្គការមួយ បានបំផុសចលនាអប់រំ និងឱ្យពលរដ្ឋប្រមូលសំរាមប្លាស្ទិកដែលអណ្ដែតទឹក ច្រកការ៉ុង យកមកដាក់ក្នុងជង្រុកសំរាម ដែលត្រូវបានបង្កើតឡើងសហគមន៍នៅបរិវេណវត្ត។

 
ស្ថាបនិកគម្រោងសម្អាតសំរាមប្លាស្ទិកបឹងទន្លេសាប លោក ស៊ា សុផល បានឱ្យដឹងថា លោកបានចាប់ផ្តើមធ្វើការជាមួយអាជ្ញាធរ ដោយជួយអប់រំប្រជាពលរដ្ឋក្នុងភូមិតាអ៊ួ ដែលជាភូមិបណ្ដែតទឹក យល់ពីការទុកដាក់សំរាមត្រឹមត្រូវ និងយល់ពីផលប៉ះពាល់នៃប្រព័ន្ធជីវចម្រុះដែលបណ្ដាលមកពីសំរាមប្លាស្ទិក។ លោក ស៊ា សុផល បន្ថែមថា ក្រោយមកអង្គការរបស់លោក ក៏រកឃើញដំណោះស្រាយពីបញ្ហាសំរាមទាំងនោះបាន។ លោកពន្យល់យ៉ាងដូច្នេះថា៖« ពលរដ្ឋថា ឱ្យគាត់ប្រមូលសំរាម តើឱ្យគាត់យកទៅទុកកន្លែងណា យើងក៏គិតឃើញវិធីសាស្រ្ដមួយ គឺបង្កើតជង្រុកសំរាមមួយ ដែលអាចឱ្យពួកគាត់យកមកទុកកន្លែងនេះបាន ហើយយើងនឹងដឹកជញ្ជូនសំរាមទាំងនោះទៅកែច្នៃ»។


 
ប្រធានអង្គការទំពាំងស្នងឫស្សី បានបង្កើតគម្រោងសម្អាតសំរាមប្លាស្ទិកនៅតាមសហគមន៍ជាប់បឹងទន្លេសាប ដែលរួមមាន កំពង់ឃ្លាំង កំពង់ភ្លុក ចុងឃ្នៀស ស្ទឹងសៀមរាប និងមេជ្រៃ។ នៅសហគមន៍កំពង់ឃ្លាំង និងមេជ្រៃ អង្គការនេះបាននិងកំពុងអនុវត្តគម្រោងដែលជាផ្នែកមួយជួយបរិស្ថាន និងជួយជីវភាពសហគមន៍ក្រីក្រទាំងនោះផង។ ប្រជាពលរដ្ឋត្រូវបានលើកទឹកចិត្តជាអង្ករ និងថវិកា ប្រសិនបើប្រមូលសំរាមដែលប្រើប្រាស់ច្រកក្នុងការ៉ុងត្រឹមត្រូវ និងមានក្រុមយុវជនចុះពិនិត្យ និងផ្ទៀងផ្ទាត់។ ពួកគេនឹងទទួលជាអង្ករ ៥គីឡូក្រាម ក្នុងការ៉ុងមួយ និង៥គីឡូក្រាមទៀត សម្រាប់ការប្រមូលសំរាមបរិស្ថាន ដែលក្រៅពីការប្រើប្រាស់ក្នុងផ្ទះខ្លួនឯង។ ក្រៅពីនេះក៏មានថវិកាលើកទឹកចិត្ត ដល់គ្រួសារដែលចេះច្នៃប្រឌិតសម្ភារវេចខ្ចប់សំរាមអេតចាយ (ដបប្លាស្ទិក) ដូចជាស្បៃមោងជាដើម។ល។
 
ប្រធានអង្គការ លោក ស៊ា សុផល ពន្យល់ថា សំរាមដែលប្រមូលបានទាំងអស់ពីសហគមន៍ទាំងនេះ នឹងយកទៅកែច្នៃជាឥដ្ឋបរិស្ថាន ឬដែលលោកឱ្យឈ្មោះថា ឥដ្ឋទន្លេសាប ដែលកំពុងអនុវត្តន៍សហគមន៍កំពង់ឃ្លាំង។
 
អ្នកស្រី ស៊ន ហូយ វ័យ៦៥ឆ្នាំ ជាអ្នកភូមិពាមតាអ៊ួ ដែលបានចូលរួមក្នុងពិធីសម្អាតបរិស្ថាននៅថ្ងៃទី២៥ វិច្ឆិកា ដែលរៀបចំដោយអង្គការ និងអាជ្ញាធរ ប្រាប់ថា អ្នកស្រីពិតជារីករាយ និងសហការជាមួយយុទ្ធនាការប្រមូលសំរាមនេះ។ អ្នកស្រីប្រាប់ថា តាំងពីមានការអប់រំជាបន្តបន្ទាប់មក ធ្វើឱ្យគ្រួសារអ្នកស្រីយល់ពីបញ្ហាបរិស្ថាន និងចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មិនចោលក្នុងទឹកដូចមុនៗទេ។ អ្នកស្រីបន្ថែមថា ជង្រុកសំរាម គឺពិតជាសំខាន់ណាស់ ធ្វើឱ្យប្រជាពលរដ្ឋលែងចោលសំរាមក្នុងទឹក និងលែងដុតតទៅទៀត៕














 

Tag:
 សំរាម
  បរិស្ថាន
  សហគមន៍ទេសចរណ៍មេជ្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com