ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! គន្លឹះ​ប្រើប្រាស់ “​ប្រទាល​កន្ទុយក្រពើ​” ដោះស្រាយ​បញ្ហា​សម្រស់​
09, Dec 2020 , 8:59 pm        
រូបភាព
​ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​រុក្ខជាតិ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​ស្បែក​។  ថា​តើ​ប្រទាល​កន្ទុយក្រពើ​ល្អ​យ៉ាងណា​ខ្លះទៅ​ចំពោះ​ស្បែក​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយដឹងពី​របៀប​ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​ដើម្បី​រក្សា​ស្បែក ៖

 
១. រូបមន្ត​សម្រាប់​បញ្ហា​ស្បែក​មុខខ្លាញ់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​ចំនួន ២ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ប៉េងប៉ោះ​ស្រស់ ១ ស្លាបព្រា​កាហ្វេ និង​យ៉ា​អួរ ១ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែក និង​រងចាំ​រហូតដល់​ស្ងួត​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​
 
២. រូបមន្ត​បំបាត់​ស្នាម​សង្វារ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​ស្នាម​សង្វារ​និង​ទុកចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។ ទោះជា​យ៉ាងណា​រូបមន្ត​នេះ​មិន​សាក​សម​សម្រាប់​អ្នក​ដែល​ប្រតិកម្ម​ជាមួយ​ប្រទាល​កន្ទុយក្រពើ​ឡើយ​។​
 
៣. រូបមន្ត​ជួយ​ឱ្យ​ស្បែ​កស​
 
​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ជាមួយ​ម្សៅ​រមៀត​និង​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ឱ្យក្លាយ​ជា​ល្បាយ​ខាប់ៗ​រួច​លាប​លើ​ស្បែក​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច ។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ សប្តាហ៍​។​
 
៤. រូបមន្ត​កម្ចាត់​មុន​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ ១ ស្លាបព្រា​បាយ និង​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ ចូលគ្នា​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ផ្ទៃមុខ ឬ​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​ដែល​ទទួលរង​ផលប៉ះពាល់​។ ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៥. រូបមន្ត​បំបាត់​ស្នាម​អ៊ុច​ខ្មៅ​
 
​ចំពោះ​ផ្ទៃមុខ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​យក​ជែ​ល ឬ​សាច់​ប្រទាល​កន្ទុយក្រពើ​ស្រស់​មក​លាប​លើ​ស្បែ​កមុខ​ដែល​ទទួលរង​ផលប៉ះពាល់ ហើយ​ម៉ាស្សា​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​សិន សឹម​លាងមុខ​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។ អ្នក​អាច​លាយ​ទឹកក្រូច​ឆ្មារ ជាមួយ​ម្ស៉ៅ​រមៀត និង​ជែ​ល​ប្រទាល​កន្ទុយក្រពើ​មក​លាប​លើ​ផ្ទៃមុខ​ក៏បាន​។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ សម្រាប់​រយៈពេល​ពី ២ ទៅ ៣ សប្តាហ៍​។ ចំពោះ​ស្បែក​ត្រង់​ដៃជើង ឬ​ខ្លួន អ្នក​អាច​យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លាប​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់ និង​ទុកចោល​រហូតដល់​ស្ងួត សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​ល្អប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com