កីឡាជាតិ
ជាតិ
Ose Takaki ជាកីឡាករទី១១ ដែលចែកផ្លូវជាមួយក្លិបអង្គរថាយហ្គឺរ
× ក្លិបបាល់ទាត់អង្គរថាយហ្គឺរនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នេះ បានសម្រេចចែកផ្លូវជាមួយកីឡាករជនជាតិជប៉ុន Ose Takaki។ Ose ជាកីឡាករទី១១ និងជាកីឡាករបរទេសទី៣ បន្ទាប់ពី Yudai Ogawa និង Joichiro Sugiyama ដែលបានចែកផ្លូវជាមួយក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ។
ក្រោយរួមរស់ជាមួយគ្នាបាន១រដូវកាល ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានដើរដល់ផ្លូវបំបែកជាមួយខ្សែការពារ Ose Takaki ដែលបានរួមចំណែកជួយឲ្យក្លិបនេះ ឈរចំណាត់ថ្នាក់លេខ៧ក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០។
មុនចុះកិច្ចសន្យាលេងឲ្យក្លិបអង្គរថាយហ្គឺរនៅថ្ងៃទី៤ ធ្នូ ឆ្នាំ២០១៩ ខ្សែការពារវ័យ២៥ឆ្នាំរូបនេះ ធ្លាប់លេងឲ្យក្លិប HBO Tokyo, Pieta Hotspurs FC និង Ahli Sidab របស់អូម៉ង់។
ជាមួយគ្នានេះក្លិបមានថ្នាក់ដឹកនាំជាជនជាតិជប៉ុនមួយនេះ ក៏បានប្រកាសពីការចែកផ្លូវជាមួយកីឡាករកម្ពុជាពីររូបទៀតផងដែរ គឺកីឡាករ តាំង សុភ័ក្រ និងកីឡាករ ពៅ ភារិទ្ធ។ ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ អរគុណចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់កីឡាករទាំងបី និងជូនពរឲ្យពួកគេជោគជ័យក្នុងអាជីពបាល់ទាត់។
គួររំលឹកថា កាលពីពេលកន្លងទៅថ្មីៗ ក្លិបអង្គរថាយហ្គឺរបានចែកផ្លូវជាមួយកីឡាករបរទេស និងកម្ពុជាចំនួន៨រូបគួរឲ្យភ្ញាក់ផ្អើល ក្រោយពួកគេបញ្ចប់ចំណាត់ថ្នាក់លេខ៧ក្នុងលីគកំពូល និងធ្លាក់ត្រឹមវគ្គ១៦ក្រុមក្នុងពានសម្តេច ហ៊ុន សែន ឆ្នាំ២០២០។
កីឡាករទាំង៨រូបនោះរួមមាន ពេជ្រ សុវណ្ណខេមរិន្ទ្រ, ហម បញ្ញា, លី អាលីហ្វីន, សឹង ណារិទ្ធិ, ឆុំ ភីសា និងអ្នកចាំទី សំ ពៅ ខណៈកីឡាករបរទេសរួមមាន Yudai Ogawa និង Joichiro Sugiyama។ ការចែកផ្លូវនេះ ធ្វើឡើងមួយថ្ងៃក្រោយ នៃការបិទបញ្ចប់ពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគជាផ្លូវការ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០៕
Tag:
បាល់ទាត់
អង្គរថាយហ្គឺរ
Ose Takaki
© រក្សាសិទ្ធិដោយ thmeythmey.com