កីឡាជាតិ
ជាតិ
សង្គមជាតិ
កីឡាករ​សូ​ហ្វ​តិ​ន្នី​ស​ថ្នាល​៣​រូប ត្រូវបាន​ក្មេង​ទំនើង​មួយក្រុម​កាប់ រងរបួស​ធ្ងន់ធ្ងរ​
03, Dec 2020 , 4:12 pm        
រូបភាព
កីឡាករទាំង៣រូប_ដែលរងរបួសក្នុងការហេតុការណ៍ដេញកាប់គ្នា
កីឡាករទាំង៣រូប_ដែលរងរបួសក្នុងការហេតុការណ៍ដេញកាប់គ្នា
ដោយ:
​កីឡាករ​ជម្រើស​ថ្នាល​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ចំនួន​៣​រូប ត្រូវបាន​ក្មេង​ទំនើង​១​ក្រុម​ដេញ​កាប់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ បន្ទាប់ពី​ពួកគេ​ចេញពី​ប្រឡង​មធ្យមសិក្សា​បឋមភូមិ​(​ឌី​ប្លូ​ម​)​។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ស្នើ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​វែកមុខ​រក​ជនដៃដល់​ម​ក​ផ្តន្ទាទោស​តាមច្បាប់​។

 
​កីឡាករ រស់ សារ៉ាត់​, គង់ សុ​ចិន និង បូរ សុខ​រ័ត្ន ជម្រើសជាតិ​ថ្នាល​កីឡា​សូ​ហ្វ​តិ​ន្នី​ស ត្រូវបាន​ក្មេង​ទំនើង​មួយក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​ប្រដាប់​ដោយ​កាំបិត និង​ដាវ ដេញ​កាប់​បណ្តាល​ឲ្យ​រងរបួស​យ៉ាងដំណំ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ 
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា Cambodia Soft Tennis Federation បាន​រៀបរាប់ថា​៖«​កី​ឡករ​ថ្នាល​ជម្រើសជាតិ​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ចំនួន​៣​រូប រួមមាន​៖ កីឡាករ រស់ សារ៉ាត់​, គង់ សុ​ចិន និង​កីឡាករ បូរ សុខ​រ័ត្ន ត្រូវបាន​ក្មេង​ទំនើង​មួយក្រុម (​មិន​ស្គាល់​អត្តសញ្ញាណ​) ប្រដាប់​ដោយ​កាំបិត និង​ដាវ ដេញ​កាប់​ពេល​ពួកគេ​ទាំង​៣​រូប ចេញពី​ប្រឡង​មធ្យមសិក្សា​បឋមភូមិ​(​ឌី​ប្លូ​ម​) បំណង​ធ្វើដំណើរ​ទៅផ្ទះ​»​។ 
 
​ក្នុង​ហេតុ​ការដេញ​កាប់​គ្នា​នោះបាន​បណ្តាលឱ្យ​កីឡាករ បូរ សុខ​រ័ត្ន រងរបួស​ប្រេះ​លលាដ៍ក្បាល​ធ្ងន់ធ្ងរ ដេក​សន្លប់​ស្តូកស្តឹង​ក្នុង​ថ្នុ​ក​ឈាម រីឯ​កីឡាករ គង់ សុ​ចិន រយះ​ស្មា​ខាងស្តាំ​ដេរ​១១​ថ្នេរ និង​កីឡាករ  រស់ សារ៉ាត់ ដាច់​មេដៃ​ខាងស្តាំ និង​ដាច់រយះ​ស្មា​ខាងឆ្វេង​ធ្ងន់ធ្ងរ​។ បច្ចុប្បន្ន ពួកគេ​ទាំង​៣ កំពុង​ទទួល​ការសង្គ្រោះ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​។ នេះ​បើតាម​ការរៀបរាប់​បន្ថែ​ម​របស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​។ 
 
​ប៉ុន្តែ​មកទល់ពេលនេះ សមត្ថកិច្ច​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​ក្រុម​ក្មេង​ទំនើង​ទាំង​នោះបាន​នៅឡើយ​ទេ​។ ជាមួយគ្នានេះ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បន្ត​ស្នើ​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​ជនដៃដល់ មក​ផ្តន្ទាទោស​តាមច្បាប់​។ 
 
​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បាន​រៀបរាប់​បន្ថែមថា​៖«​យើងខ្ញុំ​ពិតជា​មាន​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​ចំពោះ​កីឡាករ​ជម្រើសជាតិ​ថ្នាល​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ដែលមាន​សក្ដានុពល និង​ជា​ធនធាន​របស់​ជាតិ​យើង ត្រៀម​សម្រាប់​ប្រជែង​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ ជាពិសេស​ស៊ី​ហ្គេម​២០២៣»៕

Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  រស់ សារ៉ាត់​
  គង់ សុ​ចិន​
  បូរ សុខ​រ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com