ជាតិ
សង្គមជាតិ
កម្ពុជា ប្រកាស​លក់​កាបូន នៅលើ​ទីផ្សារ​អន្តរជាតិ ជាង​៦៤​ម៉ឺន​តោន​
04, Dec 2020 , 7:59 am        
រូបភាព
តំបន់ព្រៃសហគមន៍នៅខេត្តកំពងធំ (រូបពីរដ្ឋបាលព្រៃឈើ)
តំបន់ព្រៃសហគមន៍នៅខេត្តកំពងធំ (រូបពីរដ្ឋបាលព្រៃឈើ)
​ភ្នំពេញ​៖ កម្ពុជា​ប្រកា​សលក់​កាបូន​ក្នុងព្រៃ​សហគមន៍​នៅ​ខេត្តកំពង់ធំ នៅលើ​ទំ​ផ្សារ​ការ​បូ​ន​អន្តរជាតិ​ស្ម័គ្រចិត្ត​ជាង​៦៤​ម៉ឺន​តោន ដើម្បី​យក​ថវិកា​ទៅ​អភិវឌ្ឍន៍ និង​អភិរក្ស​ព្រៃឈើ​នៅក្នុង​សហគមន៍​វិញ​។


​លោក ឈុន ឌឺ​លុច ប្រធាន​គម្រោង​រេ​ដ​បូក​ទំរីង ឬ គម្រោង​រេ​ដ​បូក​កូរ៉េ​-​កម្ពុជា អះអាងថា ការប្រកាស​លក់​នៅ​ទីផ្សារ​កាបូន​អន្តរជាតិ​ស្ម័គ្រចិត្ត គឺ​ចាប់ផ្ដើម​កាលពី​២៣ វិច្ឆិកា​នេះ ដោយមាន​ក្រុមហ៊ុន​ចំនួន​៣ កំពុង​ចរចា​ទិញ​កាបូន​ពី​កម្ពុជា​។ 
 
​គម្រោង​រេ​ដ​បូក​ទំរីង មាន​សហគមន៍​ចំនួន​១៤ ដែល​ស្ថិត​ក្នុងស្រុក​សណ្ដាន់​និង​ស្រុក​សន្ទុក ខេត្តកំពង់ធំ ។ មន្ត្រី​ជំនាញ​នៃ​គម្រោង​នេះ បាន​រកឃើញ​កាបូន ៦៤៥ ,៤១០ តោន ចាប់ពី​ឆ្នាំ​២០១៥​ដល់​២០១៩ ដែល​វា​អាចជួយ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​។ នេះ​បើតាម​លោក ឌឺ​លុច​។​
 
​ប្រធាន​គម្រោង​រេ​ដ​បូក​ទំរីង ឬ គម្រោង​រេ​ដ​បូក​កូរ៉េ​-​កម្ពុជា​រូបនេះ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖ «​ការដាក់​លក់​កាបូន​លើ​ទីផ្សារ​នេះ ឃើញ​មាន​ក្រុមហ៊ុន​៣​បាន​ចាប់អារម្មណ៍​ចរចា​ទិញ ប៉ុន្តែ​ខ្ញុំ​សុំ​មិនទាន់​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​នោះទេ​។ រយៈពេល​នៃ​ការដាក់​លក់​នេះ​មាន​រយៈពេល​៤​ឆ្នាំ ប៉ុន្តែ​ជាទូទៅ​ការលក់​កាបូន​នេះ យ៉ាងយូរ​១​ឆ្នាំ គឺ​យើង​អាច​លក់​ចេញ​បាន​ហើយ តម្លៃ​អាស្រ័យ​លើក​ការចរចា​គ្នា​។ ចំពោះ​តម្លៃ​ទូ​ទៅជា​មធ្យម​កាបូន​នេះ តម្លៃ​ចន្លោះ​ពី​៤​ទៅ​៦​ដុល្លារ ក្នុង​មួយ​តោន​»​។​
 
​បើតាម​លោក ឈុន ឌឺ​លុច គម្រោង​នេះ នឹងដាក់​លក់​លើ​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ហើយ​មូលនិធិ​ដែល​បាន​ពី​ការលក់ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​គ្រប់គ្រង​ព្រៃឈើ លើកកម្ពស់​ជីវភាព​ស​មា​ជិ​ក​សហគមន៍ និង​គាំទ្រ​ដល់​និរន្ត​ភាព​នៃ​ការអនុវត្ត​គម្រោង​។  
 
​គម្រោង​សហ​ប្រតិ​ប​ត្ត​ការ​រវាង​កម្ពុជា​និង​កូរ៉េ គឺ​គ្របដណ្ដប់​លើ​ផ្ទៃដី​៦៧ ,៧៩១ ,១៧​ហិកតា ត្រូវបាន​អភិរក្ស​អស់​រយៈពេល​ជាង​១២​ឆ្នាំ​ហើយ​។ ក្រៅពី​តំបន់​នេះ កម្ពុជា​ធ្លាប់បាន​លក់​គម្រោង​កាបូ​ន​នៅ​ទីផ្សារ​អន្តរជាតិ មាន​គម្រោង​កាបូន​ព្រៃឈើ​ភ្នំក្រវាញ​ភាគខាងត្បូង​ជា​នៅ​តំបន់​ការពារ និង​មួយទៀត​គម្រោង​កាបូន​ព្រៃឈើ​នៅ​តំបន់ការពារធម្មជាតិ​ដែន​សីមា​ក្នុង​ខេត្តមណ្ឌលគិរី ដែលជា​តំបន់​ការពារ និង​អភិរក្ស​សត្វព្រៃ ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​៕ 
 

Tag:
 បរិស្ថាន​
  លក់​កាបូន​
  ព្រៃ​សហគមន៍​
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com