កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​សិង្ហ​បុរី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ឲ្យ​
COVID-19
ជាតិ
អន្តរជាតិ
កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​សិង្ហ​បុរី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ឲ្យ​
05, Dec 2020 , 3:22 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​សិង្ហ​បុរី នៅ​ថ្ងៃទី​៤ ខែធ្នូ បានប្រកាស​ពី​ការចូលរួម​វិភាគទាន​ចំនួន​៥​លាន​ដុល្លារ​ទៅក្នុង​កម្មវិធី​ធានា​វ៉ាក់សាំង​សម្រាប់​ប្រទេស​ក្រីក្រ​។ កម្ពុជា ក៏​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​នឹង​ទទួលបាន​វ៉ាក់សាំង​ដែល​ទិញ​ដោយ​លុយ​របស់​សិង្ហ​បុរី​នេះដែរ​។​

 
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួងសុខាភិបាល និង​ក្រសួងការបរទេស​សិង្ហ​បុរី ជោគជ័យ​ក្នុងការ​អភិវឌ្ឍ​វ៉ាក់សាំង​ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព ជា​ជំហាន​ដ៏​សំខាន់​ក្នុងការ​ជម្នះ​ជំងឺ​កូ​វីដ​-១៩ ។ លើសពីនេះ សាមគ្គីភាព​សាកល ជា​ផ្នែក​ដ៏​ចាំបាច់​ក្នុងការ​ឆ្លើយតប​របស់​អន្តរជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ទៅនឹង​ជំងឺ​រាតត្បាត​នេះដែរ​។​
 
«​ជា​ផ្នែក​មួយ​នៃ​ការគាំទ្រ​របស់​យើង​លើ​គោលការណ៍​វ៉ាក់សាំង​ពហុភាគី​និយម និង​ការទទួលបាន និង​ការបែងចែក​វ៉ាក់សាំង​ដោយ​ស្មើភាព សិង្ហ​បុរី នឹង​រួមចំណែក​៥​លាន​ដុល្លារ​ទៅក្នុង​យន្តការ​ទទួលបាន​មុន​នៃ​កម្មវិធី​ទទួលបាន​វ៉ាក់សាំង​សាកល (COVAX) ដែល​នឹង​ជួយ​ប្រទេស​មាន​ចំណូល​ទាប និង​ចំណូល​មធ្យម​កម្រិត​ទាប​ចំនួន​៩២ ឲ្យ​ទទួលបាន​វ៉ាក់សាំង​តាមរយៈ COVAX​។​» ក្រសួង​ទាំងពីរ​បញ្ជាក់​បែបនេះ​ក្នុង​សេចក្ដីប្រកាស​រួម​ថ្ងៃទី​៤ ខែធ្នូ​។ 
 
​បើតាម​ទូរទស្សន៍ CNA នៅ​តំបន់​អាស៊ាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម ហ្វីលីពីន និង​ឥណ្ឌូណេស៊ី នឹង​ទទួលបាន​វ៉ាក់សាំង​ក្រោម​ថវិកា​ចំណាយ​របស់​សិង្ហ​បុរី​។ 
 
COVAX ជា​គំនិត​ផ្ដួចផ្ដើម​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​ដៃគូ ដែលមាន​គោលដៅ​ធានា​ការ​ចែកចាយ​វ៉ាក់សាំង​សម្រាប់​ប្រទេស​ក្រីក្រ​។ គោលដៅ​ចម្បង គឺ​ការ​ចែកចាយ​វ៉ាក់សាំង​ចំនួន​២​ពាន់​លាន​ដូ​ស​នៅត្រឹម​ដំណាច់ឆ្នាំ​២០២១​។ សិង្ហ​បុរី ស្ថិតក្នុង​ចំណោម​ប្រទេស​៩៧​ផ្សេងទៀត​ដែលជា​សមាជិក​របស់ COVAX តែ​នឹងមិន​ប្រើប្រាស់​លុយ​របស់​កម្មវិធី​នេះ​ក្នុងការ​ប្រើប្រាស់​វ៉ាក់សាំង​ឡើយ ដោយ​ចំណាយលុយ​ផ្ទាល់ខ្លួន​។  
 
​តាមពិតទៅ ខណៈ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ លេច​ជា​ពន្លឺ​សន្សឹមៗ​ហើយ​នោះ ក្ដីបារម្ភ​ក៏​លេច​ជា​រូបរាង​ដែរ​។ WHO បារម្ភ​ថា ប្រទេស​ក្រី​ក្រី​ដែល​មិនសូវមាន​ធនធាន នឹង​ឈរ​លេខ​ក្រោយ​គេ​ក្នុងការ​ទទួលបាន​វ៉ាក់សាំង ព្រោះ​ប្រទេស​បណ្ដា​ប្រទេស​អ្នកមាន​នាំគ្នា​បញ្ចេញ​លុយ​ដើម្បី​ទិញ​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ​របស់​ពួកគេ​។ តាមរយៈ COVAX ប្រទេស​ក្រីក្រ នឹង​ទទួលបាន​វ៉ាក់សាំង​មួយផ្នែក​ដើម្បី​ទប់ទល់​កូ​វីដ​-១៩ នេះ​៕

Tag:
 កម្ពុជា​
  សិង្ហ​បុរី​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com