កីឡាករ ធារី ចន្ថាប៊ីន រំពឹងថា ខ្លួននឹងអាចបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិឡើងវិញ ក្រោយចុះកិច្ចសន្យាលេងឲ្យក្លិបវិសាខា នៅរដូវកាលក្រោយ។ ដ្បិតរំពឹងបែបនេះក្តី ប៉ុន្តែកីឡាករវ័យ២៩ឆ្នាំរូបនេះ បានដាក់គោលដៅជួយក្លិបច្រើនជាងតំណែងជម្រើសជាតិ។
ខ្សែបម្រើខ្មែរ-បារាំង ធារី ចន្ថាប៊ីន មិនទាន់ចង់ផ្តោតលើកៅអីជម្រើសជាតិនោះទេ ដោយចង់យកពេលផ្តោតអារម្មណ៍ជាមួយក្លិបវិសាខា ដែលខ្លួនបានចុះកិច្ចសន្យាលេងឲ្យកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។ សម្រាប់ ចន្ថាប៊ីន កៅអីជម្រើសជាតិនឹងកើតឡើងចំពោះកីឡាករ ដែលមានទម្រង់លេងល្អ។
នៅពេលសួរសំនួរពាក់ព័ន្ធកៅអីជម្រើសជាតិ អតីតកីឡាករភ្នំពេញក្រោនរូបនេះបាននិយាយដូច្នេះថា៖«ឆ្នាំក្រោយ២០២១ រឿងជម្រើសជាតិ ខ្ញុំអត់សូវគិតលើវាសិន ខ្ញុំចង់ប្រមូលអារម្មណ៍ជាមួយក្លិបថ្មី។ ដឹងហើយ ឧទាហរណ៍យើងលេងល្អជាមួយក្លិបថ្មី ដឹងតែយើងមានឱកាសបង្ហាញខ្លួន ដើម្បីជាប់ជម្រើសជាតិ»។
តែយ៉ាងណា កីឡាករវ័យ២៩ឆ្នាំរូបនេះរំពឹងថា រូបគេនឹងអាចបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិកម្ពុជាឡើងវិញ ក្រោយខកខានជាច្រើនលើកកន្លងមកនេះ។ អតីតកីឡាករលេងក្លិបអគ្គិសនីកម្ពុជាក្រោមលក្ខខណ្ឌខ្ចីជើងកាលពីឆ្នាំ២០១៧ រូបនេះ បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះការខកខានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិ និងក្លិបនៅម៉ាឡេស៊ី ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ខ្សែបម្រើរូបនេះ អះអាងថា ខ្លួនមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាសាជាថ្មី ក្រោយចេញទៅប្រកបអាជីពនៅក្រៅប្រទេសបីរដូវកាលកន្លងមកនេះ។
កីឡាករ ធារី ចន្ថាប៊ីន បានមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាលើកដំបូងជាមួយក្លិបភ្នំពេញក្រោនក្នុងអំឡុងឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៦។ ក្នុងរយៈពេល៥ឆ្នាំរួមរស់ជាមួយភ្នំពេញក្រោន រូបគេ បានរួមចំណែកជួយឲ្យក្លិបនេះលើកពានលីគកំពូលបានពីរលើក គឺនៅឆ្នាំ២០១៤ និង ២០១៥។
នៅឆ្នាំ២០១៧ រូបគេ បានចេញទៅប្រកបអាជីពនៅប្រទេសថៃ ដោយលេងឲ្យក្លិបក្របខណ្ឌទីពីរ Krabi FC។ ក្រោយលេងបាន១ជើង រូបគេ បានផ្លាស់មកចូលរួមជាមួយអគ្គិសនីកម្ពុជាក្រោមលក្ខខណ្ឌខ្ចីជើងនៅចុងឆ្នាំដដែល។ នៅឆ្នាំ២០១៨ ចន្ថាប៊ីន ចេញទៅប្រកបអាជីពនៅប្រទេសម៉ាឡេស៊ីជាមួយក្លិប Terengganu រហូតចប់រដូវកាលឆ្នាំ២០១៩។
នៅឆ្នាំ២០២០ រូបគេ បានផ្ទេរទៅក្លិបក្របខណ្ឌកំពូលរបស់ម៉ាឡេស៊ីដូចគ្នា គឺក្លិប Perak ដោយបានបង្ហាញខ្លួនជាមួយក្លិបនេះបាន១០ប្រកួត។ សម្រាប់រដូវកាលឆ្នាំ២០២១-២០២២ ខ្សែបម្រើខ្មែរ-បារាំងរូបនេះ ត្រូវជួយវិសាខាប្រជែងដណ្តើមជើងឯកពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ និងពានសម្តេច ហ៊ុន សែន ជាពិសេសការប្រកួតវគ្គជម្រុះ AFC Cup៕