ជាតិ
សំណង់ផ្ទះ​ល្វែង​ជាង​២០​ល្វែង ត្រូវ​វាយចោល ដោយសារ​ធ្វើ​ខុសច្បាប់ និង​ប៉ះពាល់​គម្រោង​ផ្លូវ​៣៨​ខ្សែ​
07, Dec 2020 , 9:19 pm        
រូបភាព
​សៀមរាប​៖ សំណង់​ផ្ទះល្វែង​មួយកន្លែង​ក្នុង​ក្រុង​សៀមរាប ត្រូវ​អាជ្ញាធរ​សម្រេច​ឱ្យ​រុះរើ​វិញ  បន្ទាប់ពី​ពិនិត្យឃើញថា សង់​ខុសច្បាប់ និង​ប៉ះពាល់​លើ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​៣៨​ខ្សែ​។ ជា​អគារ​ផ្ទះល្វែង មាន​ជាង​២០​ល្វែង និង​សង់​បាន​ប្រមាណ​៦០​ភាគរយ ស្ថិតនៅ​បណ្ដោយ​ផ្លូវ​មមាញឹក គឺ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ប៉ែក​ខាងលិច ក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

 
​ជិត​មួយ​សប្ដាហ៍​មកហើយ ដែល​សំឡេង​ម៉ូ​ទ័​របុក​បេតុង និង​កាត់​ដែក លាន់ឮ​ចេញពី​អគារ​ផ្ទះល្វែង​ដ៏​ធំ​មួយកន្លែង លើផ្លូវ​ក្រវ៉ាត់​ក្រុង ជាប់​ផ្លូវ​ចូល​សង្កាត់​ស្វាយដង្គំ​។ ជា​សំណង់​អគារ​មួយ ដែលមាន​ការសាងសង់​យ៉ាង​ឆាប់រហ័ស គឺ​បាន​ដំណើរការ​សាងសង់​អំឡុង​ដើមឆ្នាំ ២០២០​។​


 
​កាលពីពេល​ថ្មីៗ​នេះ អាជ្ញាធរ​ខេត្តសៀមរាប បាន​ប្រជុំ​សម្រេច​ឱ្យ​ម្ចាស់​អគារ​ផ្ទះល្វែង​ខាងលើ  កាត់​អគារ​របស់ខ្លួន​ជា​២​កំណាត់ ព្រោះ​ផ្នែក​ខាងមុខ​ប្រមាណ​២​ម៉ែត្រ ចូល​ចំណីផ្លូវ​សាធារណ​។ ក្រុមការងារ​អន្ដរក្រសួង ចុះ​វាស់វែង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ បាន​ចុះ​វាស់វែង និង​រកឃើញថា អគារ​នេះ​លយ​ចេញ​ជាប់​ចំណីផ្លូវ ដែល​ត្រូវ​រុះរើ​ជា​ចាំបាច់​។​
 
​ចៅសង្កាត់​ស្វាយដង្គំ លោក ហ៊ា ហាវ ប្រាប់ថា ក្រុមការងារ​អន្ដរក្រសួង​ចុះ​វាស់វែង​បាន​រកឃើញថា ផ្ទះល្វែង​ខាងលើ ធ្វើ​លយ​ចូល​បន្ទាត់​ក្រហម​ដី​ចំណីផ្លូវ​សាធារណ ហើយ​ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន លោក​បានដាក់​លិខិត​ជូនដំណឹង​ដល់​ម្ចាស់​អគារ​ឱ្យ​រុះរើ​ហើយ​ដែរ​។  លោក​បន្ត​៖«...​ខ្ញុំ​បាន​ជូនដំណឹង​២​ដង​ទៅ​៣​ដង យើង​ប៉ះ​ត្រឹមណា ២​ម៉ែត្រ​ឬ​៣​ម៉ែត្រ យើង​ត្រូវតែ​កាត់ រុះរើ តែ​ថាឱ្យ​រុះ​ទាំងអស់ គឺ​សង្កាត់​ខ្ញុំ​អត់​ដឹង​»​។​


 
​អភិបាលក្រុង​សៀមរាប លោក នួន ពុទ្ធា​រ៉ា ឆ្លើយថា ការងា​នេះ​គឺជា​ការសម្រេច​របស់​ក្រុមការងារ​ចម្រុះ​លើ​គម្រោង​ផ្លូវ​៣៨​ខ្សែ ហើយ​សំណង់​ផ្ទះល្វែង​ដែល​ស្ថិតនៅ​ភូមិ​គ្រួស​នេះ ក៏​ស្ថិត​នៅក្រៅ​ដែន​សមត្ថកិច្ច​ការអនុញ្ញាត​ឱ្យ​សង់​ដែរ​។ លោក​ពន្យល់ថា​៖« ដោយសារ​ចំនួន​នេះ​ច្រើន (​ច្រើន​ការ៉េ​) គាត់​សុំ (​ច្បាប់​) ទៅ​ថ្នាក់​ខេត្ត លើសពី​៥០០​ការ៉េ​ទៅ​ត្រូវសុំ​ខេត្ត​។ 
 
​យ៉ាងណា បើតាម​ការបញ្ជាក់​ពី​លោក​អភិបាលក្រុង ដែល​លោក​បាន​ចូលរួម​ប្រជុំ​លើ​បញ្ហា​ខាងលើនេះ បាន​ប្រាប់​ត្រួសៗ​ថា ម្ចាស់​អគារ​បាន​សង់​ខុស​គោលការណ៍​ច្បាប់​អនុញ្ញាត គឺ​សុំច្បាប់​១៤​ល្វែង តែ​សង់​រហូតដល់​២៣​ល្វែង ហើយ​មួយទៀត ម្ចាស់​អគារ​ធ្វើ​លើស​ដី​ស្នើសុំ គឺ​ធ្វើ​លយ​ចូល​ចំណីផ្លូវ​សាធារណៈ ដែល​ប៉ះពាល់​ដល់​គម្រោង​ផ្លូវ​៣៨​ខ្សែ​។​


 
​លោក នួន ពុទ្ធា​រ៉ា បាន​ស្នើឱ្យ​អ្នកកាសែត សួរ​ព័ត៌មាន​លម្អិត​ទៅ​មន្ទីរជំនាញ ថា​តើ​អគារ​នោះ​មាន​កំហុសឆ្គង​អ្វីខ្លះ ទើប​តម្រូវឱ្យ​វាយចោល​យ៉ាង​ដូច្នេះ​។​
 
​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្តសៀមរាប លោក ហ៊ី សាយ បាន​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​៤ ធ្នូ ថា លោក​អត់​ដឹង​រឿងនេះ​ទេ​។ លោក ហ៊ី សាយ និយាយ​ខ្លីៗ​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖« អត់​ដឹង​ទេ ខ្ញុំ​អត់​ចាំ អត់​ច្បាស់ ឥឡូវ​ខ្ញុំ​កំពុង​នៅ​(​ឃុំ​)​ពាក់​ស្នែង​...​ខ្ញុំ​អត់​ចាំ​ទេ​»​។ យ៉ាងណា លោក​ជំរុញ​ឱ្យ​អ្នកសារព័ត៌មាន​សាកសួរ​ទៅ​ម្ចាស់​សំណង់​អគារ​សិន មុននឹង​សុំ​ចម្លើយ​ពី​លោក​។ លោក​ថា​៖« សួរៗ ម្ចាស់ផ្ទះ​គេ​មើល៍  សួរ​ម្ចាស់​គេ​សិន​ទៅ ចាំ​សួរ​ខ្ញុំ ម្ចាស់​គេ​ប្រាប់ថា​ម៉េច​...​ទៅ​ទីតាំង​នោះ​តែម្ដង សួរ​គេ​មើល៍​ហេតុ​អី​ធ្វើ​ហើយ​រុះ​ចឹ​ងៗ​...»​។​
 


​ពលរដ្ឋ​មួយរូប​ដែល​នៅក្បែរ​អគារ​នោះ ប្រាប់ថា មិនបាន​ស្គាល់​ម្ចាស់​អគារ​នោះ​ថា​អ្នកណា​ទេ តែ​បានឮ​តាម​គេ​ថា ជា​អ្នករកស៊ី​នៅ​ភ្នំពេញ​។ ពលរដ្ឋ​រូបនោះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ថា តាម​ឮ​ផ្ទះល្វែង​នេះ ប្រកាស​លក់​ក្នុង​មួយ​ល្វែង​តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ​។ 
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​ស្វែងរក​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​ម្ចាស់​អគារ​បានទេ ដោយសារ​ស្លាក​លក់ និង​ការិយាល័យ​លក់ ត្រូវបាន​ដកចេញ និង​ពុំមាន​បុគ្គលិក​ធ្វើការ​។ តាម​ប្រភពពី​អ្នកទិញ​មួយរូប ដែល​បានក​ក់លុយ​ទិញ​ផ្ទះល្វែង​ខាងលើ ប្រាប់ថា លោក​បានទទួល​ប្រាក់​កក់​ចំនួន​៥​ម៉ឺន​ដុល្លារ​វិញ​ហើយ ក្រោយ​ក្រុមហ៊ុន​ប្រកាសថា មិនអាច​ដំណើរការ​សាងសង់​បន្ត​ទៀត​៕
 








 
 
 

Tag:
 ផ្លូវ​៣៨​ខ្សែ​
  ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com