COVID-19
ជាតិ
កម្ពុជា ត្រៀមថវិកាទិញវ៉ាក់សាំង១លានដូសសម្រាប់មនុស្ស៥០ម៉ឺននាក់ក្នុងដំណាក់កាលដំបូង
07, Dec 2020 , 7:33 pm        
រូបភាព
សម្តេច ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា  សម្ដេចឲ្យក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិការួចរួចហើយ សម្រាប់ទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនពលរដ្ឋ ៥០ម៉ឺននាក់ក្នុងដំណាក់កាលដំបូង។



លោកនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា៖ «ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?»។​

កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំង ប្រឆាំងកូវីដ១៩ របស់ប្រទេសនានា សម្ដេច ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុឱ្យត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ យកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ ដ្បិតថា បណ្ដាប្រទេសមួយចំនួនផលិតបាន និងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។

​ត្រឹម​ថ្ងៃទី​៧​ធ្នូ​នេះ អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បាន​កើន​ឡើងដល់​៣២​នាក់ ខណៈ​ការធ្វើ​តេស្ត​មាន​ចំនួន​១១,៣០៥​សំណាក​ហើយ​។ ដោយឡែក សម្រាប់​នៅ​កម្ពុជា​ទាំងមូល មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ឡើងដល់​៣៤៨​នាក់​។  ក្នុងនោះ​មាន​៣០៦​នាក់ ជាសះស្បើយ និង​អ្នកជំងឺ​មាន​៤២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​៕
  


© រក្សាសិទ្ធិដោយ thmeythmey.com