កីឡាជាតិ
ជាតិ
ក្លិប​កោះកុង​រំពឹង​វត្តមាន​លោក ហុក សុ​ជីវ័ន ជួយ​ចម្លង​យុវជន​ឲ្យ​ឈាន​រក​កម្រិត​អាជីព​កាន់តែច្រើន
08, Dec 2020 , 1:11 pm        
រូបភាព
លោក_ហុក_សុជីវ័ន_ត្រូវបានតែងតាំងឲ្យធ្វើជានាយកបច្ចេកក្លិបបាល់ទាត់ខេត្តកោះកុង
លោក_ហុក_សុជីវ័ន_ត្រូវបានតែងតាំងឲ្យធ្វើជានាយកបច្ចេកក្លិបបាល់ទាត់ខេត្តកោះកុង
ដោយ:
​លោក ហុក សុ​ជីវ័ន អតីត​គ្រូបង្វឹក​ក្លិប​បាល់ទាត់​វិសាខា ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​នាយក​បច្ចេកទេស​ក្លិប​បាល់ទាត់​ខេត្តកោះកុង​។ ថ្នាក់ដឹកនាំ​ក្លិប​នេះ បានបង្ហាញ​អារម្មណ៍​រំភើប​រី​យ​រាយ​ចំពោះ​វត្តមាន​របស់លោក សុ​ជីវ័ន ហើយ​រំពឹងថា លោក​នឹង​ជួយ​អភិវឌ្ឍ​ក្លិប​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន និង​ឈានទៅរក​កម្រិត​អាជីព​។

 
​ក្លិប​បាល់ទាត់​ខេត្តកោះកុង​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ នេះ បានប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ស្តីពី​ការតែងតាំង​លោក ហុក សុ​ជីវ័ន ជា​នាយក​បច្ចេកទេស​ក្លិប​។ ក្រៅពី​កិច្ចការងារ​បច្ចេកទេស អតីត​គ្រូបង្វឹក​ក្លិប​បាល់ទាត់​វិសាខា​រូបនេះ ក៏មាន​តួនាទី​ជួយ​ជ្រើសរើស និង​អភិវឌ្ឍន៍​កីឡាករ​យុវជន​របស់​ក្លិប​ផងដែរ​។ 
 
​លោក សូ សំណាង អគ្គលេខាធិការ​ក្លិប​បាល់ទាត់​ខេត្តកោះកុង​បាន​លើកឡើងថា មូលហេតុ​ដែល​ក្លិប​ជ្រើសរើស​លោក ហុក សុ​ជីវ័ន ឲ្យ​ធ្វើជា​នាយក​បច្ចេកទេស​មា​ន​សមត្ថភាព និង​ពោរពេញ​ដោយ​បទពិសោធន៍​ក្នុង​វិស័យ​មួយ​នេះ ដ្បិត​លោក​បាន​អភិវឌ្ឍន៍​ខ្លួន​តាំងពី​កីឡាករ​រហូតដល់​គ្រូបង្វឹក​។ ម្យ៉ាងទៀត ក្លិប​មាន​ទស្សនៈវិស័យ​ចង់​អភិវឌ្ឍន៍​ធនធាន​បាល់ទាត់​ក្នុង​ខេត្តកោះកុង​ឲ្យ​កាន់តែ​សម្បូរបែប​។ 
 
​ទន្ទឹមនឹង​បង្ហាញ​អារម្មណ៍​រីករាយ​ជាមួយ​វត្តមាន​លោក ហុក សុ​ជីវ័ន អគ្គលេខាធិការ​ខាងលើ​រំពឹងថា វត្តមាន​របស់​អតីត​គ្រូបង្វឹក​ក្លិប​បាល់ទាត់​វិសាខា​រូបនេះ​នឹង​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​ក្នុង​ខេត្តកោះកុង​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។ ជាពិសេស​អាចជួយ​សម្រេច​គោលបំណង​របស់​ក្លិប ដែល​ដាក់​គោលដៅ​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​។ 
 
​លោក​រំពឹង​ផងដែរ​ថា លោក ហុក សុ​ជីវ័ន នឹង​ក្លាយជា​ចលករ​ក្នុង​ការជំរុញ​ឲ្យ​កីឡាករ​យុវជន​ក្នុង​ក្លិប​ខេត្តកោះកុង​ឲ្យ​យល់​កាន់តែច្បាស់​ពី​កីឡាករ​កម្រិត​អាជីព​។ មួយវិញទៀត លោក សង្ឃឹមថា លោក សុ​ជីវ័ន នឹងធ្វើ​ស្ពាន​ក្នុងការ​ចម្លង​កីឡាករ​យុវជន​របស់​ខេត្តកោះកុង​ឲ្យ​ឈានទៅ​ប្រកប​អាជីព​ជាមួយ​ក្លិប​ធំៗ​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​កាន់តែច្រើន​។ 
 
​គួររំលឹកថា លោក ហុក សុ​ជីវ័ន ត្រូវបាន​ក្លិប​បាល់ទាត់​វិសាខា​បញ្ចប់​កិច្ចសន្យា​នៅ​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៩ ក្រោយ​លោក​ដឹកនាំ​ក្លិប​នេះ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៥ ក្រោយ​ចប់​ជើង​ទី​១​។ លោក បាន​ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​កៅអី​ឡើងទៅ​លេង​លី​គ​កំពូល​នៅ​ឆ្នាំ​២០១៨ ក្រោយ​ឈ្នះ​ជើងឯក​លី​គ​ទី​២​ឆ្នាំ​២០១៧​។ នៅ​ឆ្នាំ​២០១៨ លោក បាន​ដឹកនាំ​វិសាខា​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពានរង្វាន់​លី​គ​កំពូល​៕   
 
 

Tag:
 បាល់ទាត់​
  ហុក សុ​ជីវ័ន​
  សូ សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com