អន្តរជាតិ
កសិករ​ឥណ្ឌា​ធ្វើបាតុកម្ម​បិទ​ប្រទេស ប្រឆាំងនឹង​ច្បាប់​កសិកម្ម​ថ្មី​
08, Dec 2020 , 6:19 pm        
រូបភាព
កសិករឥណ្ឌាធ្វើបាតុកម្មប្រឆាំងច្បាប់កសិកម្ម។ រូបភាព៖AFP
កសិករឥណ្ឌាធ្វើបាតុកម្មប្រឆាំងច្បាប់កសិកម្ម។ រូបភាព៖AFP
ដោយ:
​កសិករ​ឥណ្ឌា​រាប់ម៉ឺន​នាក់​ដែល​បាននាំគ្នា​មក​ធ្វើបាតុកម្ម​នៅ​រដ្ឋធានី​ញូវដែលី​ប្រឆាំងនឹង​ច្បាប់​កសិកម្ម​ថ្មី បានប្រកាស​នៅ​ថ្ងៃទី​៨ ធ្នូ នេះ​ពី​ការបិទ​ប្រទេស​មួយថ្ងៃ ដើម្បី​ជាការ​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ឥណ្ឌា​ឲ្យ​លុបចោល​ច្បាប់​ចម្រូងចម្រាស​។ តាំងពី​ថ្ងៃទី​២៧ ខែវិច្ឆិកា​មក កសិករ​ឥណ្ឌា​បាន​ជួបជុំគ្នា​នៅតាម​ទីក្រុង​ធំៗ ប្រឆាំង​ទៅនឹង​ច្បាប់​ខាងលើនេះ​។​

 
​ច្បាប់​កសិកម្ម​ថ្មី​ដ៏​ចម្រូងចម្រាស់ នឹង​តម្រូវ​ឲ្យ​កសិករ​លក់ក​សិ​ផលិតផល​ទៅ​ទីផ្សា​ដោយផ្ទាល់​តែម្តង ដោយ​ពុំ​ចាំបាច់​លក់​ទៅ​ឲ្យ​អង្គភាព​រដ្ឋ​ដែលជា​អ្នកធានា​តម្លៃ​អប្បរ​មា​ឡើយ​។ កសិករ​ឥណ្ឌា​អះអាងថា ច្បាប់​នេះ​នឹងធ្វើ​ឲ្យ​តម្លៃ​ទំនិញ​ចុះថ្លៃ ក៏ដូចជា​បើកផ្លូវ​ឲ្យ​កសិដ្ឋាន​ធំៗ​វាយលុក​គ្របដណ្តប់​ទីផ្សា​តែម្តង​។​ចំណែក​រដ្ឋាភិបាល​វិញ​អះអាងថា ច្បាប់​ថ្មី​នេះ ជា​កំណែទម្រង់​ចាំបាច់​សម្រាប់​វិស័យ​កសិកម្ម​ឥណ្ឌា​ដែល​នៅតែ​បន្ត​ជា​ជ​ន្ទ​ល់​សេដ្ឋកិច្ច​ប្រទេស​។​
 
​ក្រុមបាតុករ បានប្រកាស​រាំងខ្ទប់​ផ្លូវគោក និង​ផ្លូវដែក​ទៅ​ទូទាំងប្រទេស​ជាច្រើន​ម៉ោង​ផងដែរ​។ ការ​រាំងខ្ទប់​នេះ ទទួលបាន​ការគាំទ្រ​ពី​សំណាក់​កម្មករ​ផ្លូវដែក អ្នក​បើកឡាន​ដឹកទំនិញ និង​សហជីព​គ្រូបង្រៀន​។ ចំណែក​អាជ្ញាធរ​វិញ បានដាក់​ប៉ូលិស​បន្ថែម​រាប់ពាន់នាក់​នៅ​រដ្ឋធានី​ញូវដែលី និង​ពង្រឹង​សន្តិសុខ​នៅ​ជុំវិញ​ប្រទេស​ដើម្បី​បង្ការ​ការប៉ះទង្គិច​ផ្សេងៗ​។​
 
​កសិករ​ឥណ្ឌា​មួយ​ភាគ​ធំ មាន​ទីតាំង​ស្ថិតនៅ​ខាងជើង​ប្រទេស ប៉ុន្តែ​សូម្បីតែ​រដ្ឋាភិបាល​រដ្ឋ​ភាគខាងត្បូង​មួយចំនួន​ក៏​គាំទ្រ​ចលនា​បាតុកម្ម​របស់​កសិករ​នេះដែរ​។ ជាក់ស្តែង រដ្ឋ Karnataka បានបង្ហាញ​ការគាំទ្រ​ដោយ​ផ្អាក​ការរៀន​អន​ឡាញ​រយៈពេល​១​ថ្ងៃ​។ ដូចគ្នានេះដែរ​បក្សប្រឆាំង និង​បក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​១៥​ផ្សេងទៀត​ក៏​គាំទ្រ​ការទាមទារ​របស់​កសិក​រ​។ ប៉ុន្តែ​រដ្ឋាភិបាល​សហព័ន្ធ​ឥណ្ឌា​ចោទ​ពួកគេ​ថា ជា​ក្រុម​ឱកាសនិយម​។​
 
​បន្ថែម​ពីនេះ អត្ត​ព​លិ​ក​កំពូលៗ​របស់​ឥណ្ឌា​ជាច្រើនរូប ក៏​បង្ហាញ​ជំហរ​ជា​សាធារណៈ​ប្រឆាំងនឹង​ច្បាប់​នេះដែរ​។ កីឡាករ​ខ្លះ​ថែមទាំង​ចង់​ប្រគល់​មេដាយ​ដែល​ខ្លួន​ឈ្នះ​ក្នុង​ការប្រកួត​កីឡា​អន្តរជាតិ​ទៅ​ឲ្យ​រដ្ឋាភិបាល​វិញ ជា​និមិត្តរូប​នៃ​ការប្រឆាំង​។​
 
​ចាប់តាំងពី​ផ្ទុះ​បាតុកម្ម​មក​រដ្ឋាភិបាល​ឥណ្ឌា និង​តំណាង​កសិករ​បាន​ជួប​ច​ចារ​គ្នា​៥​ដង​រួចមកហើយ ប៉ុន្តែ​ពុំបាន​រក​ចំណុចកណ្តាល​ឃើញ​ឡើយ​។ ក្រុមបាតុករ​កាន់តែច្រើន​ឡើង​បានមក​ប្រមូល​ផ្តុំគ្នា​នៅ​រដ្ឋធានី ដោយ​អះអាងថា នឹងមិន​ត្រឡប់​ទៅវិញ​ឡើយ​បើសិនជា​រដ្ឋាភិបាល​មិន​លុបចោល​ច្បាប់​នេះ​។ ប្រាប់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Balbir Singh Rajewal កសិករ​មួយរូប​បាន​លើកឡើងថា កសិករ​មិន​ទាមទារ​អ្វី​ក្រៅតែពី​ការ​លុប​ច្បាប់​ថ្មី​នេះឡើយ​។​
 
​ការចចារ​គ្នា​រវាង​រដ្ឋាភិបាល និង​កសិករ​ត្រូវបាន​រំពឹងថា នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​៩ ធ្នូ​។ បាតុកម្ម​របស់​កសិក​រ​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​បញ្ហា​ធំ​បំផុត​របស់​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី​នា​រិ​ន្ទ្រា ម៉ូ​ឌី និង​បក្ស​ហិណ្ឌូ​ជាតិនិយម​របស់លោក​ដែល​ឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០១៩​មក​៕
 

Tag:
 ​ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com