កីឡាជាតិ
ជាតិ
AFF Suzuki Cup ត្រូវបាន​លើក​ពេល​ទៅ​ខែធ្នូ ឆ្នាំ​២០២១ ដោយសារ​កូ​វីដ​-១៩
09, Dec 2020 , 9:56 am        
រូបភាព
ចាន់ វឌ្ឍនាកា ត្រូវបាន រារាំង ដោយ ខ្សែការពារ ម៉ាឡេស៊ី Mohamad Aidil Zafuan Adb Radzak  ក្នុងការប្រកួត AFF Suzuki Cup នៅពហុកីឡដ្ឋានជាតិ កាលពីឆ្នាំ២០១៨
ចាន់ វឌ្ឍនាកា ត្រូវបាន រារាំង ដោយ ខ្សែការពារ ម៉ាឡេស៊ី Mohamad Aidil Zafuan Adb Radzak ក្នុងការប្រកួត AFF Suzuki Cup នៅពហុកីឡដ្ឋានជាតិ កាលពីឆ្នាំ២០១៨
ដោយ:
​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ AFF Suzuki Cup ត្រូវបាន​លើក​ពេល​ទៅ​រៀបចំ​នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០២១​។ ការសម្រេច​នេះ ធ្វើឡើង​ក្រោយ​ស្ថានភាព​នៃ​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​តំបន់​អាស៊ាន ក៏ដូចជា​លើ​ពិភពលោក​នៅតែ​បន្ត​កើនឡើង​។

 
​ដោយសារ​ស្ថានភាព​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​តំបន់​អាស៊ាន និង​លើ​ពិភពលោក​ពុំទាន់​ធូរស្បើយ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​(AFF)​បានសម្រេច​លើក​ពេល​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ AFF Suzuki Cup​។ កាលបរិច្ឆេទ​ប្រកួត​ថ្មី​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ AFF កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​។ 
 
​តាម​គម្រោង​ការប្រកួត​បាល់ទាត់​ដ៏​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ គ្រោង​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី​២៣ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​។ មុន​សម្រេច​លើក​ពេល​ទៅ​រៀបចំ​នៅ​អំឡុង​ខែធ្នូ AFF បានសម្រេច​លើក​ពេល​ម្តង​រួចមកហើយ ដោយ​គ្រោង​ធ្វើ​នៅ​អំឡុង​ខែមេសា និង​ឧសភា ឆ្នាំ​២០២០​។  
 
​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​លោក ខៀវ សា​ម៉េ​ត បាន​បញ្ជាក់ថា ការពន្យា​ពេល​ជា​បន្តបន្ទាប់​នេះ ដោយសារ AFF បារម្ភ​ពី​សុវត្ថិភាព​កីឡាករ គ្រូបង្វឹក និង​មន្ត្រី ដែល​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍ AFF Suzuki Cup​។ ម្យ៉ាងទៀត លោក ចង់​ឲ្យ​ប្រកួត​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​សុវត្ថិភាព ក៏ដូចជា​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកចូលរួម​ទាំងអស់​។ 
 
«​ជានិច្ចកាល​អាទិភាព​ទីមួយ​របស់​យើង គឺ​សុខភាព និង​សុវត្ថិភាព​របស់​មនុស្ស​គ្រប់គ្នា ដែល​ជាប់ទាក់ទង​នឹង​ព្រឹត្តិការណ៍​នេះ​(AFF Suzuki Cup)»​។ នេះ​ជាការ​លើកឡើង​របស់លោក ខៀវ សា​ម៉េ​ត ដែល​ជឿជាក់ថា កាលបរិច្ឆេទ​ប្រកួត​ខាងលើ​ជា​ពេលវេលា​ដ៏​ស័ក្តិសម​ក្នុង​ការរៀបចំ​ការប្រកួត​ឲ្យ​មាន​ទ្រង់ទ្រាយ​ពេញលេញ​ផ្នែក​សុវត្ថិភាព​ទាំង​ការប្រកួត​ក្នុង​ដី និង​ក្រៅ​ដី ជាមួយ​វត្តមាន​លើកទឹកចិត្ត​ពី​អ្នកគាំទ្រ​នៅ​កីឡដ្ឋាន​ផ្ទាល់​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com