កីឡាជាតិ
ជាតិ
ក្លិប​បាល់ទាត់​រួមចំណែក​បរិច្ចាគ​ថវិកា​ដល់​រដ្ឋាភិបាល​ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩
09, Dec 2020 , 11:58 pm        
រូបភាព
ដោយ:
​មាន​ក្លិប​បាល់ទាត់​ក្របខណ្ឌ​លី​គ​កំពូល​ចំនួន​៥​ហើយ ដែល​បាន​បរិច្ចាគ​ថវិកា​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​។ បន្ថែម​លើ​នេះ ក៏មាន​សប្បុរសជន​ជាច្រើនរូប​បាន​បរិច្ចាគ​ថវិកា ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​នេះ​ផងដែរ​។

 
​គិត​ត្រឹម​ម៉ោង​១២​កន្លះ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ មាន​ក្លិប​បាល់ទាត់​ចំនួន​៥​រួមមាន​ភ្នំពេញ​ក្រោ​ន វិសាខា ព្រះខ័ន​រាជ​ស្វាយរៀង បឹងកេត និង​សមាគមន៍​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​បរិច្ចាគ​ថវិកា​ចូលរួម​ក្នុង​សកម្មភាព​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ 
 
​ក្នុងនោះ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​ដែលមាន​ឧកញ៉ា កុក អាន ជា​ស្ថាបនិក​បាន​បរិច្ចាគ​ថវិកា​ចំនួន​១​លាន​ដុល្លារ ខណៈ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង និង​វិសាខា​បាន​បរិច្ចាគ​១​ម៉ឺន​ដុល្លារ​រៀងៗ រីឯ​សមាគម​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ​ចំនួន​២​ពាន់​ដុល្លារ និង​ក្លិប​បឹងកេត​ចំនួន​១​ពាន់​ដុល្លារ​។ សរុប​ថវិកា​ដែល​បរិច្ចាគ​ដោយ​ក្លិប​បាល់ទាត់​មាន​ចំនួន​១,០២៣,០០០​ដុល្លារ​។  
 
​ការបរិច្ចាគ​នេះ ធ្វើឡើង​ក្រោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ចេញ​ថវិកា​ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ចាក់​ជូន​មន្ត្រីរាជការ បុគ្គលិក និង​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ បើតាម​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដំណាក់កាល​ដំបូង កម្ពុជា​គ្រោង​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ចំនួន​១​លាន​ដូ​ស សម្រាប់​ផ្តល់​ដល់​មនុស្ស​ប្រមាណ​៥០​ម៉ឺន​នាក់​។ 
 
​ក្រុមមនុស្ស​ដែល​អាចមាន​លទ្ធភាព​ទ​ទួលបាន​ការចាក់​វ៉ាក់សាំង​មុនគេ​រួមមាន​ក្រុមគ្រូពេទ្យ គ្រូបង្រៀន និង​កងកម្លាំង​ទាំងបី​ផ្នែក​រួម​កងទ័ព កងរាជអាវុធហត្ថ និង​នគរបាល​។ នេះ​បើតាម​ការបញ្ជាក់​របស់​សម្តេច ហ៊ុន សែន ដែល​អះអាងថា មូល​ហេតុដែល​ក្រុមមនុស្ស​នេះ គួរ​ទទួលបាន​អាទិភាព​មុនគេ ដោយសារ​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​ច្រើនជាងគេ​។ 
 
​ក្រៅពី​ក្លិប​បាល់ទាត់​ទាំងនេះ មាន​មហាសេដ្ឋី អ្នកមាន និង​សប្បុរសជន រួមជាមួយ​ប្រជាពលរដ្ឋ​ជាច្រើនរូប​បាន​បរិច្ចាគ​ក្រោមរូបភាព​ផ្សេងៗ​គ្នា ដើម្បី​ចូលរួម​ក្នុង​ចលនា​ជាមួយ​រាជរដ្ឋាភិបាល​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ នេះ រាជរដ្ឋាភិបាល​ទទួល​បាន​ថវិកា​ពី​ការបរិច្ចាគ​របស់​សប្បុ​រស​ជន​សរុប​ជាង​៣០​លាន​ដុល្លារ​ហើយ​៕ 
 
 
 
 

Tag:
 បាល់ទាត់​
  Covid-19
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com