កីឡាជាតិ
ជាតិ
ក្រោយ​ចូល​ដឹកនាំ​ក្លិប​កោះកុង​លោក ហុក សុ​ជីវ័ន សង្កេតឃើញ​កីឡាករ​មានការ​ផ្លាស់ប្តូ​រ​ច្រើន​
11, Dec 2020 , 7:59 am        
រូបភាព
ដោយ:
​ក្រោយ​ចូលកាន់​តួនាទី​ជា​នាយក​បច្ចេកទេស​ក្លិប​កោះកុង​អេ​ហ្វ​ស៊ី បាន​មួយរយៈ លោក ហុក សុ​ជីវ័ន សង្កេតឃើញថា កីឡាករ​មានការ​ផ្លាស់​ប្តូរ​ច្រើន​ទាំង​វិន័យ និង​ការហ្វឹកហាត់​។ បច្ចុប្បន្ន ក្រុម​កោះកុង កំពុង​លេង​ក្នុង​ក្របខណ្ឌ​លី​គ​២ ដែល​ត្រូវបាន​ផ្អាក​ដោយសារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ត្បិត​ក្លិប​នេះ​ដាក់​គោលដៅ​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​រដូវ​កាល​ក្រោយ​។ 

 
​លោក ហុក សុ​ជីវ័ន នាយក​បច្ចេកទេស​ក្លិប​បាល់ទាត់​កោះកុង​អេ​ហ្វ​ស៊ី សង្កេតឃើញ​កីឡាករ​ក្នុង​ក្លិប​នេះ មានការ​វិវត្តន៍​គួរ​ឲ្យ​កត់សម្គាល់​ក្រោយ​លោក​ចូលកាន់​តំណែង​បាន​មួយរយៈ ពោលគឺ​កីឡាករ​មានការ​ផ្លាស់ប្តូ​រ​ច្រើន​ទាំង​ការគោរពវិន័យ និង​ការហ្វឹកហាត់​។ ការផ្លាស់ប្តូរ​នេះ កើតឡើង​ក្រោយ លោក ផ្លាស់ប្តូរ​ទម្លាប់ និង​កាលវិភាគ​ហ្វឹកហាត់​មួយចំនួន​របស់​កីឡាករ​។ 
 
​ទន្ទឹមនឹង​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ជាមួយ​តំណែង​ជា​នាយក​បច្ចេកទេស​ក្លិប​កោះកុង អតីត​គ្រូបង្វឹក​ក្លិប​បាល់ទាត់​វិសាខា​រូបនេះ បាន​រៀបរាប់​ពី​ការវិវត្តន៍​របស់​កីឡា​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្កេតឃើញថា ពួកគាត់​មានការ​ផ្លាស់ប្តូរ​ច្រើន​ទាំង​ការរៀបចំ​ខ្លួន ការហ្វឹកហាត់ ការគោរព​ពេលវេលា និង​វិន័យ គឺ​ឃើញ​គាត់​ល្អ​ច្រើន ហើយ​ការ​ទៀតសោត គាត់​មានការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​»​។​


 
​អតីត​គ្រូបង្វឹក​ដឹកនាំ​ក្លិប​វិសាខា​ឲ្យ​ឡើង​ពី​លី​គ​២​ទៅលេង​នៅ​ក្របខណ្ឌ​លី​គ​កំពូល​រូបនេះ ជឿជាក់ថា ក្រុម​កោះកុង​អេ​ហ្វ​ស៊ី នឹង​អាច​សម្រេច​តាម​ផែនការ​របស់ខ្លួន បើ​កីឡាករ​បន្ត​រក្សា​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ដូច​បច្ចុប្បន្ន​។ លោក បាន​បន្ថែមថា គោលបំណង​របស់​ក្លិប​នៅ​ឆ្នាំក្រោយ គឺ​ករ​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត និង​ក្របខណ្ឌ​លី​គ​២​។ 
 
​បើតាម​លោក សូ សំណាង អគ្គលេខាធិការ​ក្លិប​បាល់ទាត់​កោះកុង​អេ​ហ្វ​ស៊ី ក្លិប​ពុំទាន់​ហ៊ាន​ដាក់​គោលដៅ​ខ្ពស់​ឈានទៅ​គ្រង​ជើងឯក​ពាន​សម្តេច ហ៊ុន សែន ឬ​លី​គ​២​នោះទេ ពោលគឺ​ត្រឹម​ឈានដល់​វគ្គ​៨​ក្រុម​ចុងក្រោយ ឬ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​តែប៉ុណ្ណោះ​។ តែ​យ៉ាងណា លោក មានការ​ជឿជាក់​ខ្លាំង​លើ​សមត្ថភាព​របស់លោក ហុក សុ​ជីវ័ន ក្នុង​ការជួយ​អភិវឌ្ឍន៍​ក្រុម​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។ 
 
​លោក រំពឹងថា ក្រោម​ការដឹកនាំ និង​រៀបចំ​របស់​អតីត​គ្រូបង្វឹក​ក្រុម​វិសាខា​ខាងលើ​នឹង​ជួយ​ឲ្យ​វិស័យ​កីឡាបាល់ទាត់​ក្នុង​ខេត្តកោះកុង​កាន់តែ​មាន​ភាព​រីកចម្រើន និង​មាន​យុវជន​ក្នុង​ខេត្ត​នេះ​កាន់តែច្រើន​លេង​ឲ្យ​ក្លិប​អាជីព​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ដ្បិត​ក្លិប​សម្រេច​ជ្រើសរើស​លោក ហុក សុ​ជីវ័ន ឲ្យ​ធ្វើជា​នាយក​បច្ចេកទេស ក្នុង​គោលបំណង​អភិវឌ្ឍន៍​ធនធាន​កីឡាករ​យុវជន​។​
 
​លោក ហុក សុ​ជីវ័ន ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​នាយក​បច្ចេក​ក្លិប​បាល់ទាត់​កោះកុង​អេ​ហ្វ​ស៊ី​កាលពី​ថ្ងៃទី​២ ធ្នូ ឆ្នាំ​២០២០​។ លោក ត្រូវបាន​ក្លិប​បាល់ទាត់​វិសាខា​បញ្ចប់​កិច្ចសន្យា​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៩ ក្រោយ​ដឹកនាំ​ក្លិប​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៥ ក្នុង​ជើង​ទី​១​។ លោក បាន​ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​កៅអី​ឡើងទៅ​លេង​លី​គ​កំពូល​នៅ​ឆ្នាំ​២០១៨ ក្រោយ​ឈ្នះ​ជើងឯក​លី​គ​ទី​២​ឆ្នាំ​២០១៧​។ នៅ​ឆ្នាំ​២០១៨ លោក បាន​ដឹកនាំ​វិសាខា​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពានរង្វាន់​លី​គ​កំពូល​៕ 

Tag:
 បាល់ទាត់​
  ហុក សុ​ជីវ័ន​
  កោះកុង​អេ​ហ្វ​ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com