កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន ចាត់ទុកមរណភាពរបស់លោក កែវ ថុន ជាការបាត់បង់ឥស្សរជនដ៏ឆ្នើមក្នុងវិស័យកីឡា លោក កែវ ថុន អតីតកីឡាករអត្តពលកម្ម ដែលដណ្តើមបានមេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាមិនចូលបក្សសម្ព័ន្ធ Asian GANEFO ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ១៩៦៦ ទទួលមរណភាពនៅអាយុ៩១ឆ្នាំ ដោយជរាពាធ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០
× ថ្នាក់ដឹកនាំកីឡាកម្ពុជាបង្ហាញមរណទុក្ខ និងសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពរបស់លោក កែវ ថុន អតីតម្ចាស់មេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍កីឡាមិនចូលបក្សសម្ព័ន្ធអាស៊ី Asian GANEFO នាទស្សវត្សរ៍ឆ្នាំ១៩៦០។ មរណភាពរបស់ព្រឹទ្ធាចារ្យរូបនេះ ជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូបក្នុងវិស័យកីឡា និងចលនាអូឡាំពិក។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ចាត់មរណភាពរបស់ព្រឹទ្ធាចារ្យ កែវ ថុន ជាការបាត់បង់ធនធានឆ្នើមមួយរូបក្នុងវិស័យកីឡាកម្ពុជា និងចលនាអូឡាំពិក។ ការចាត់ទុកបែបនេះ ដោយសារព្រឹទ្ធាចារ្យរូបនេះ ជាអតីតកីឡាករអត្តពលកម្ម ដែលដណ្តើមបានមេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាមិនចូលបក្សសម្ព័ន្ធ Asian GANEFO ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ១៩៦៦។
អគ្គលេខាធិការ NOCC រូបនេះបានរៀបរាប់បន្ថែមថា លោក កែវ ថុន មិនត្រឹមតែជាកីឡាករកម្ពុជាឆ្នើមលើឆាកអន្តរជាតិនោះទេ លោក ក៏ជាគ្រូបង្វឹកកីឡាអត្តពលកម្មដ៏មានប្រជាប្រិយ ដែលធ្លាប់បង្ហាត់កូនសិស្សជាច្រើនរូបផងដែរ។ លោកជាបុគ្គលសកម្មមួយរូបក្នុងចលនាអូឡាំពិក ដោយបានរួមចំណែកផ្តួចផ្តើមបង្កើត NOCC ក្នុងអំឡុងឆ្នាំ១៩៨៤។ លើសពីនេះ លោក បានជួយឲ្យ NOCC ដែលរងការព្យួរបេក្ខភាព ឲ្យទទួលបានការទទួលស្គាល់ជាលើកទីពីរពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
លោក វ៉ាត់ ចំរើន បន្ថែមទៀតថា NOCC នឹងចងចាំជានិច្ចនូវវីរភាព ស្នាដៃ និងគុណូបការៈរបស់លោក កែវ ថុន ដែលបានជួយលើកស្ទួយវិស័យកីឡាកម្ពុជា និងចលនាអូឡាំពិក។
លោក កែវ ថុន បានទទួលមរណភាពក្នុងវ័យ៩១ឆ្នាំ ដោយជរាពាធកាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។ មរណភាពរបស់លោកបានធ្វើឲ្យថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា NOCC និងអតីតកីឡាករជំនាន់លោក ក៏ដូចជាកីឡាករជំនាន់ក្រោយ សោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ឥស្សរជនឆ្នើមរូបនេះ៕
Tag:
វ៉ាត់ ចំរើន
កែវ ថុន
© រក្សាសិទ្ធិដោយ thmeythmey.com