ជាតិ
អ្នកនិពន្ធខ្មែរ-អាមេរិក Anthony Veasna So ទទួលមរណភាពនៅវ័យ២៨ឆ្នាំ
11, Dec 2020 , 7:10 pm        
រូបភាព
លោក Anthony Veasna So គឺជាអ្នកនិពន្ធប្រលោមលោកម្នាក់ ដែលមានដើមកំណើតជាជនជាតិខ្មែរ បានទទួលមរណភាពនៅវ័យ ២៨ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់រោងពុម្ព Ecco នៅថ្ងៃទី១២ ខែធ្នូ។



តាមការសរសេរលើបណ្តាញសង្គមTwitter រោងពុម្ព Ecco បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះមរណភាពរបស់លោកAnthony Veasna So ដែលជាអ្នកនិពន្ធប្រលោមលោកម្នាក់ ទទួលបានការសរសើរយ៉ាងខ្លាំងពីអ្នកនិពន្ធផ្សេងទៀត។ បុរសរូបនេះ បានទទួលមរណភាពនៅវ័យ ២៨ឆ្នាំ។ យ៉ាងណាក៏ដោយ រោងពុម្ព មិនបានបញ្ចាក់ពីមូលហេតុ នៃការស្លាប់របស់អ្នកនិពន្ធរូបនេះឡើយ។

លោក So មានដើមកំណើតនៅក្នុងក្រុងStockton ក្នុងរដ្ឋ California និងបានផ្លាស់ប្តូរលំនៅទៅទីក្រុង San Francisco។ បុរសរូបនេះ ជាកូនប្រុសរបស់ជនជាតិខ្មែរម្នាក់ ដែលបានភៀសខ្លួនទៅអាមេរិក ក្នុងសម័យខ្មែរក្រហម។ លោក So ក៏បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Stanford ផងដែរ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP លោក So បានសរសេរប្រលោមលោកមួយក្បាល ដែលមានចំណងជើងថា «Afterparties» និងបានចេញផ្សាយនៅក្នុងខែសីហាកន្លងទៅ។ ក្នុងសៀវភៅនេះ លោកSo បានសរសេររៀបរាប់ពីរឿងរ៉ាវដ៏អាក្រក់ពីគ្រួសាររបស់លោក ដែលបានរងគ្រោះដោយសាររបបខែ្មរក្រហម និងការលំបាករបស់លោកជាមួយនឹងអត្តសញ្ញាណវប្បធម៌ និងភេទជាដើម។

ស្នាដៃនេះផងដែរ បានទទួលការកោតសរសើរយ៉ាងខ្លាំងពីនិពន្ធនាយក លោកស្រី Helen Atsma។ ក្រៅពីនេះ អ្នកនិពន្ធរឿង និងសរសេរសៀវភៅជនជាតិអាមេរិក លោក George Saunders, លោក Bryan Washington និងលោកស្រី Mary Karr ក៏កោតសរសើរលោកផងដែរ។

ទន្ទឹមគ្នានេះ លោក So ក៏បានសរសេររឿង Three Women of Chuck’s Donuts  ផងដែរ ដែលជាអត្ថបទនិយាយអំពីគ្រួសារមួយ បើកមុខជំនួញ និងត្រូវរងគ្រោះដោយសារតែវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨-២០០៩ ៕


© រក្សាសិទ្ធិដោយ thmeythmey.com