ជាតិ
សង្គមជាតិ
ជនសង្ស័យ១៣នាក់ដែលលេងល្បែងជល់មាន់ ត្រូវបានបញ្ជូនទៅដោះស្រាយតាមច្បាប់ រូបភាពជនសង្ស័យដែលត្រូវបានអាជ្ញាធរខេត្តកំពង់ចាមឃាត់ខ្លួនពីបទលេងល្បែងស៊ីសងខុសច្បាប់ រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
× អាជ្ញាធរខេត្តកំពង់ចាម បានបង្ក្រាបវង់ល្បែងជល់មាន់មួយ ដោយឃាត់បានជនសង្ស័យចំនួន១៣នាក់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ នេះបើតាមការផ្សាយព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ។
អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា អាជ្ញាធរបានឃាត់ជនសង្ស័យទាំង១៣នាក់នោះគឺភាគច្រើនជាបុរសដែលមានអាយុចន្លោះពី២០ទៅ៥៦ឆ្នាំ។ បុរសទាំងនោះជាអ្នកដែលរស់នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមទាំងអស់។
ក្រោយឃាត់បានជនសង្ស័យ អាជ្ញាធរក៏បានដកហូតនូវវត្ថុតាងមួយចំនួន ដូចជា មាន់ងាប់ចំនួន២ក្បាល ជញ្ជីងថ្លឹងមាន់ចំនួន១ ស្កុតរំជើងមាន់មួយចំនួន កន្ត្រកដាក់មាន់ជល់ចំនួន២ ស្បែកជើងផ្ទាត់ចំនួន៥គូរ ទូរសព្ទចំនួន១៥គ្រឿង ប្រាប់រៀលចំនួន២លាន៣សែនរៀល ប្រាក់ដុល្លារចំនួន២១៥ដុល្លារ និងម៉ូតូចំនួន១៨គ្រឿង។ នេះបើតាមការផ្សាយព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បច្ចុប្បន្នជនសង្ស័យទាំងនោះត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ហើយ។
តាមមាត្រា៤ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង បានបញ្ជាក់ថា ជនណាលេងល្បែងស៊ីសងជននោះនឹងត្រូវផ្តន្ទាទោសពិន័យជាទឹកប្រាក់ពីមួយម៉ឺនរៀល ដល់៥ម៉ឺនរៀល ឬដាក់គុកពីមួយសប្តាហ៍ដល់មួយខែ។ ក្នុងករណីមិនរាងចាល ជននោះនឹងត្រូវផ្តន្ទាទោសពិន័យជាទឹកប្រាក់ពី៥ម៉ឺនរៀល ដល់៥សែនរៀល និងដាក់គុកពីមួយខែដល់មួយឆ្នាំ។
ចំពោះជនណាដែលបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ជននោះនឹងត្រូវផ្តន្ទាទោសពិន័យជាទឹកប្រាក់ពី៥លានរៀល ដល់២០លានរៀល និងដាក់គុកពី១ឆ្នាំដល់៥ឆ្នាំ។ នេះបើតាមមាត្រា៥ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង៕
© រក្សាសិទ្ធិដោយ thmeythmey.com