ជាតិ
យុវជន សៀវ ទិ​ត្យ ស្នង​ការងារ​ជួសជុល​ប្រាសាទពី​ឪពុក និង​ចង់​រក្សា​ឱ្យ​កូនចៅ​បានឃើញ​ស្នាដៃ​ខ្លួន​
14, Dec 2020 , 9:39 pm        
រូបភាព
​សៀមរាប​៖ ជា​អ្នកភូមិ​អង្គរ​មួយរូប យុវជន សៀវ ទិ​ត្យ កំពុង​ចូលរួម​ការងារ​ជួសជុល​ប្រាសាទ​។ យុវជន​រូបនេះ កំពុង​ស្នង​ការងារ​ពី​ឪពុក​ដែល​ចាស់ និង​សម្រាក​នៅផ្ទះ​។ ទើបនឹង​ចូលរួម​ការ​ងារ​អភិរក្ស​ប្រាសាទ តែ ទិ​ត្យ ហាក់​ស្រឡាញ់​ការងារ​នេះ​ជាខ្លាំង ព្រោះ​បានរួម​ចំណែក​លើក​តម្លៃ​ប្រាង្គ​ប្រាសាទ​របស់​ដូនតា​ខ្មែរ​។ មួយទៀត យុវជន​រូបនេះ ចង់​បន្សល់​ស្នាដៃ​ទុកឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ ពីអ្វី​ដែល​ខ្លួន​បា​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រាសាទ​របស់​ដូនតា​។​

 
​នៅវេលា​ម៉ោង​ជិត​១១​ថ្ងៃត្រង់​ទៅហើយ កម្មករ​ជួសជុល​ប្រាសាទ​ប្រឹង​លើក​ញញួរ​វាយដំ​ដុំថ្ម​តូចធំ នៅ​ការដ្ឋាន​មួយកន្លែង នា​ភូមិ​នគរ​ក្រៅ នៃ​ក្រុង​អង្គរធំ​។ ក្នុងចំណោម​កម្មករ​មួយក្រុម​មាន​គ្នា​ជាង​១០​នាក់ យុវជន សៀវ ទិ​ត្យ គឺមាន​វ័យក្មេង​ជាងគេ​។ 
 
​ទិ​ត្យ មាន​វ័យ​២៥​ឆ្នាំ ដែល​ទើប​ប្រឡូក​ការងារ​ជា​កម្មករ​ជួសជុល​ប្រាសាទ ជំនួស​ឪពុក​ដែល​ចាស់ និង​បាន​ចូលនិវត្តន៍​ពី​ការងារ​នេះ​មួយរយៈ​ហើយ​។ ឪពុក​របស់​យុវជន ទិ​ត្យ ជា​កម្មករ​ជំនាញ​ជួសជុល​ប្រាសាទ តាំងពី​អំឡុង​ជួសជុល​ប្រាសាទបាពួន​មក​ម្លេះ និង​បន្ត​រហូតដល់​ការងារ​ជួសជុល​ប្រាស​ទ​មេបុណ្យ​ខាងលិច​។ ជា​កូនពៅ​ក្នុង​គ្រួសារ ដែលមាន​បងប្អូន​៧​នាក់ ទិ​ត្យ ជា​កូនប្រុស​តែ​ម្នាក់​គត់​ដែល​ចាប់​អាជីព​ជួសជុល​ប្រាសាទ​។​


 
​ក្នុង​សំដីសំដៅ​សំនៀង​បែប​អ្នក​សៀមរាប ទិ​ត្យ រៀបរាប់ថា​ខ្លួន​កំពុង​រៀនសូត្រ​ពី​កម្មករ​ចាស់ៗ ហើយ​សព្វថ្ងៃ​គេ​កំពុង​បំពេញការងារ​ផ្នែក​ដាប់ថ្ម និង​ហាក់​រៀង​ស្ទាត់​បន្ដិច​ហើយ​។ ដំបូង ទិ​ត្យ ប្រាប់ថា រៀង​ពិបាក​បន្ដិច​ព្រោះ​ត្រូវ​ប្រើ​កម្លាំង​ដៃ​ខ្លាំង​ដាប់ថ្ម ឈឺដៃ និង​មានពេលខ្លះ​ត្រូវ​ប្រើពេល​២​ទៅ​៣​ថ្ងៃ ដើម្បី​ដាប់ថ្ម​បាន​មួយ​ដុំ​ក៏មាន​។ 
 
​យ៉ាងណា ទិ​ត្យ ប្រាប់ថា​៖« {​ការងារ​នេះ​}  សប្បាយ ព្រោះ​ជួសជុល​ដើម្បី​ទុកឱ្យ​កូនចៅ​មើល ពេល​ចាស់​ទៅ បើ​អត់​មានការ​ជួសជុល ប្រាសាទ​នឹង​បាត់បង់ ការជួសជុល​ទោះ​មិនបាន​១០០​ភាគរយ ក៏​មើលទៅ​ស្អាត​ដែរ​»​។ ទិ​ត្យ បន្ត​លើក​ឧទាហរណ៍​ជាក់ស្ដែង​ដូច​នៅ​ប្រាសាទទន្លេស្ងួត​ដែល​ខ្លួន​កំពុង​ជួសជុល​នេះ ដើមឡើយ​វា​មាន​សភាព​ទ្រុឌទ្រោម និង​ទ្រេត​ខ្លាំង តែ​ឥឡូវ ប្រាសាទ​នេះ​បាន​ឈរ​រឹងមាំ​ឡើងវិញ និង​មាន​ភាពស្រស់ស្អាត​។​
 


យុវជន សៀវ ទិត្យ ក្រុមការងារជួសជុលប្រាសាទ



​មានគ្រួសារ​រស់នៅ​ច្រើន​ជំនាន់​ក្នុង​តំបន់​អង្គរ ទិ​ត្យ ធ្លាប់​លួច​គិត​ដែរ​ថា ខ្លួនឯង​ជាប់​ពូជពង្ស​ជា​អ្នក​កសាង​អង្គរ និង​មាន​ភ័ព្វសំណាង​ក្លាយជា​អ្នក​បន្ត​កិច្ចការ​នេះ​នាពេល​បច្ចុប្បន្ន​។ បន្ទាប់ពី​គម្រោង​ជួសជុល​ប្រាសាទទន្លេស្ងួត​រួចរាល់​នៅ​ចុងឆ្នាំ​នេះ ទិ​ត្យ ប្រាប់ថា គ្រោង​នាំ​ប្រពន្ធ​កូន​មក​មើល​ស្នាដៃ​ខ្លួន ដែល​រួមចំណែក​ធ្វើឱ្យ​ប្រាសាទ​នេះ​មាន​រូបរាង​ល្អ​ឡើងវិញ​។ ទិ​ត្យ បន្ថែម​៖« ថ្ងៃ​ណា​ទំនេរ នាំ​កូន​មក​ដើរលេង យើង​ប្រាប់​កូន​ថា កូន​នេះឯង​ប្រាសាទ​ដែល​ឪ​ធ្លា​ប់រៀប {​ជួសជុល​}»​។ ទិ​ត្យ នឹងធ្វើ​ដូច្នេះ ដូច​កាល​ឪពុក​របស់គេ​នាំទៅ​មើល​ប្រាសាទបាពួន ដែល​គាត់​ធ្លាប់​ជួសជុល​កន្លងមក​ដែរ​។ ទិ​ត្យ ថា ខ្លួន​មាន​មោទកភាព​ជាខ្លាំង​ចំពោះ​ស្នាដៃ​ឪពុក និង​ចង់ឱ្យ​កូនចៅ​ខ្លួន មាន​មោទកភាព​ចំពោះ​ខ្លួន​ដូច្នេះ​ដែរ​។​
 
​ក្រៅពី​បង្ហាញ​មោ​នកភាព​ចំពោះ​ការងារ​ជួសជុល​ប្រាសាទ ទិ​ត្យ ប្រាប់ថា នឹង​បន្តធ្វើ​កិច្ចការ​នេះ​រហូត ដោយ​មិន​ចង់​ផ្លាស់ប្ដូរ​ការងារ​ផ្សេង​ទេ​។ ទិ​ត្យ នឹង​ជំរុញ​ឱ្យ​កូនៗ​បន្តការងារ​នេះ​ពី​ខ្លួន​បន្តទៀត ប្រសិនបើ​ពួកគេ​មាន​និស្ស័យ តែ​បុរស​កូន​ពីរ​រូបនេះ​និយាយ​ដោយ​ស្នាមញញឹម​ថា ខ្លួន​ចង់ឱ្យ​កូនៗ​រៀនសូត្រ​បាន​ច្រើន ដែល​អាចជួយ​ប្រាសាទ​របស់​ដូនតា​បាន​លើសពីនេះ​៕
 
 
 

Tag:
 អង្គរ​
  បេតិកភណ្ឌ​
  អ្នកភូមិ​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com