COVID-19
ជាតិ
សេដ្ឋកិច្ច
​រដ្ឋមន្ត្រី​កសិកម្ម​បើក​កិច្ចប្រជុំ ក្រោយ​អ្នក​ចិញ្ចឹម​ត្រី​ត្អូញត្អែរ​ពី​ការនាំ​ចូល​ត្រី​ដ៏​លើសលុប​ពី​វៀតណាម​
14, Dec 2020 , 4:01 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
​ក្រោយ​មានការ​ត្អូញត្អែរ​ពី​វា​រី​វប្បករ​កម្ពុជា​លើ​ការនាំ​ចូល​ត្រី​ពី​វៀតណាម​ដ៏​ច្រើន​លើសលុប រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ខាង​រដ្ឋបាល​ជល​ឱ្យ​តាមដាន​ត្រួតពិនិត្យ​ឱ្យ​ច្បាស់លាស់   និង​ទប់ស្កាត់ បទល្មើស​ការនាំ​ចូល​ផល​វារីវប្បកម្ម​ពី​ប្រទេស​វៀតណាម​។ លើស​នេះ​លោក វេ​ង សាខុន បានស្នើ​ឲ្យ​វា​រី​វប្បករ​កម្ពុជា ចុះ​ស្រង់​ស្ថិតិ​កសិដ្ឋាន​ចិញ្ចឹម​, កន្លែង​ចិញ្ចឹម និង​បណ្តុំ​អាជីវកម្ម​ផ្សេងៗ​ទៀត ដើម្បី​ដឹង​អំពី​បរិមាណ​ផ្គត់ផ្គង់​ត្រី​នៅក្នុង​ស្រុក ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ឲ្យ​មាន​តុល្យភាព​គ្នា​នៃ​ការនាំ​ចូល​ត្រី​ពី​វៀតណាម​។​

 
​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវអនុវត្ត​ច្បាប់​ជា​ធរមាន​ចំពោះ​អ្នក​ដឹក​ត្រី​ពី​វៀតណាម​ចូល​កម្ពុជា ​លើ​ការ​ត្រួតពិនិត្យ​ឱ្យ​ច្បាស់លាស់  និង​រាយការណ៍​ថា​រថយន្ត​នីមួយៗដែល​ដឹក​ត្រី​របស់​វៀតណាម​ចេញពី​ច្រក​ណា ទៅ​ទីផ្សារ​ណាមួយ​នៅ​រាជធានី​ភ្នំពេញ  ក្នុង​បរិមាណ​ប៉ុន្មាន​តោន​។  នេះ​ជាការ​លើកឡើង​របស់លោក វេ​ង សាខុន ដោយ​បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ នា​រសៀល​ថ្ងៃទី​១៤​ធ្នូ ឆ្នាំ​២០២០ ថា​៖«​យើង​ត្រូវ​តាមដាន​ត្រួតពិនិត្យ​ឱ្យ​ច្បាស់លាស់  ដើម្បីឱ្យ​វា​រី​វប្បករ​យើង​មាន​អារម្មណ៍​ក្នុង​ចិត្ត​ថា កុំឱ្យ​មានការ​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក​ក្នុង​ហេតុផល​ផ្សេងៗ​ពីគ្នា ពី​ការនាំ​ត្រី​ពី​វៀតណាម​»​។​


លោក វេង សាខុន ដឹកនាំកិច្ចប្រជុំបន្ទាន់នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទនេះ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងវារីវប្បករ។ រូបថត Veng Sakhon

កិច្ចប្រជុំ​បន្ទាន់​ដែល​ដឹកនាំ​ដោយ​លោក វេ​ង សាខុន ក៏​ស្រប​ពេលដែល ThmeyThmey ទើបតែ​បាន​ស្តាប់​ការ​ត្អូញត្អែរ​ផ្ទា​ល់ពី​សំណាក់​វា​រី​វប្បករ​ពី​តាម​បណ្តា​ខេត្ត​។ ពួកគាត់​ទទួលស្គាល់ថា វិបត្តិ​កូ​វីដ​-១៩ បង្ខំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ចាយវាយ​ក្បិតក្បៀត ជាពិសេស​ការកាត់បន្ថយ​ថ្លៃ​ចំណាយ​ទិញ​ត្រី​-​សាច់​ប្រចាំថ្ងៃ​។ 
 
​តម្លៃ​ត្រី​ចិញ្ចឹម​នៅលើ​ទីផ្សារ​កាន់តែ​ចុះថោក ហើយ​ថែមទាំង​គ្មាន​ឈ្មួញ​ចុះទៅ​ទិញ​ទៀត​។ អ្នក​ចិញ្ចឹម​ត្រី​នៅ​ខេត្តកណ្តាល កំពង់ចាម និង​ពោធិ៍សាត់  ត្អូញត្អែរ​ប្រហាក់ប្រហែលគ្នា នៅពេល​សារព័ត៌មាន​ថ្មីៗ សាកសួរ​តាម​ទូរ​សព្ទ​។ ពួកគាត់​អះអាងថា តម្លៃ​ត្រី​ចិញ្ចឹម​ក្នុងស្រុក​ធ្លាក់​ថ្លៃ​ខ្លាំង​ដែល​មិន​ធ្លាប់មាន​ពីមុន ខណៈ​ការ​នាំចូល​ត្រី​ពី​ប្រទេសជិតខាង ជាពិសេស​វៀតណាម នៅតែ​មិន​ថមថយ​។​
 
​ពី​ស្រុក​មុខកំពូល ខេត្តកណ្តាល លោក ទូច បូ​ណា ត្អូញ​ថា ត្រី​ពោ​ដែល​ឈ្មួញ​ទៅ​ចុះ​ចាប់​ក្នុង​ស្រះ មានតម្លៃ​ត្រឹមតែ​៥០០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ពោលគឺ​បាន​ធ្លាក់​ថ្លៃ​ពី​២០០០ ទៅ​៣០០០​រៀល បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​។​
 



វា​រី​វប្បករ​ដែល​ចិញ្ចឹម​ត្រី​អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងមកនេះ បាន​បន្ថែមថា អ្នកទិញ​កាន់តែ​តិចជាង​មុន ខណៈ​បរិមាណ​ត្រី​ក្នុង​ស្រះ​មាន​រាប់សិប​តោន ដែល​សុទ្ធតែ​ពេញ​ទម្ងន់ ពេញ​សាច់​ត្រូវ​បញ្ចេញ​លក់​នៅលើ​ទីផ្សារ​។​
 
«​កាលពី​ឆ្នាំមុនៗ ឈ្មួញ​ម្នា​ក់មក​ចុះ​ចាប់​ត្រី​ក្នុង​ស្រះ ពី​៣​ទៅ​៥​តោន​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ពេលនេះ មាន​ត្រឹមតែ​៨០០​គីឡូក្រាម ទៅ​១​តោន​ប៉ុណ្ណោះ​»​។ ម្ចាស់​ត្រី​ពោ​ចំនួន​៨​ស្រះ ដែលមាន​ត្រី​សរុប​ប្រមាណ​២០០​តោន​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ ដោយ​អះអាងថា លោក​ខាតបង់​ពេលវេលា​ថែទាំ និង​ការចំណាយ​លើ​ចំណី​សម្រាប់​ត្រី​របស់ខ្លួន​។​


 
​លោក ចាប ឡុ​ក ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​មួយកន្លែង​នៅ​ខេត្តពោធិ៍សាត់ ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ដូចគ្នា​ផងដែរ​។  លោក​បាន​លើកឡើងថា បច្ចុប្បន្ន​ត្រី​របស់លោក​នៅក្នុង​ស្រះ​សល់​ជិត​១០០​តោន ដែល​គ្មាន​ឈ្មួញ​ចុះទៅ​ទិញ ខណៈ​កន្លងមក លោក​អាច​លក់បាន​ពី​២០០ ទៅ​៤០០​តោន​រួចទៅហើយ​។​
 
​វា​រី​វប្បករ ចាប ឡុ​ក ដែល​បទពិសោធន៍​ចិញ្ចឹម​ត្រី​ជាង​១០​ឆ្នាំ និង​មាន​ស្រះ​ចិញ្ចឹម​ចំនួន​៨ បាន​ប្រៀបធៀប​ថា​៖ «​ពីមុនមក ឈ្មួញ​មក​ចុះ​ចាប់​ត្រី​ក្នុងតម្លៃ​៦០០០ ឬ​៧០០០​រៀល ក្នុង​មួយថ្ងៃ​ចាប់​ត្រី​អស់​២-៣​តោន​ទៅ ត្រី​របស់​យើង​អត់​ស្គម​ទេ​។ តែ​ឥឡូវនេះ ត្រី​ពោ​ធា្ល​ក់​ថ្លៃ​នៅត្រឹម​៤០០០​រៀល​ហើយ ឈ្មួញ​មក​ចាប់​ត្រី​ត្រឹម​៣០០-៤០០​គីឡូក្រាម​ក្នុង​មួយថ្ងៃ ស្រប​ពេលដែល​ត្រី​នៅក្នុង​មួយ​ស្រះ​មាន​រហូតដល់​៥០​តោន​»​។​
 
​រាល់​ឆ្នាំ ត្រី​ពោ​ដែល​ឈ្មួញ​ចុះមក​ចាប់​ផ្ទាល់​នៅ​ស្រះ​របស់លោក សុង​ហេង មានតម្លៃ​យ៉ាងហោចណាស់​ក៏​នៅត្រឹម​៦,៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ផងដែរ​។ ចំនួន​ត្រី​ពោ​១​ម៉ឺន​ក្បាល​ដែលមាន​ទម្ងន់​សរុប​ប្រមាណ​៥​តោន វា​រី​វប្បករ​នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​រូបនេះ បាន​ចំណាយ​ទុន ដល់​ជាង​២០​លាន​រៀល​(៥​ពាន់​ដុល្លារ​)​។  
 


​ត្រី​នាំចូល​ឧបសគ្គ​ធំ​ជាង​វិបត្តិ​កូ​វីដ​-១៩
​លោក ទូច បូ​ណា ទទួលស្គាល់ថា វិបត្តិ​កូ​វីដ​-១៩ ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​បន្ថយ​ចំណាយ​លើ​ការទិញ​សាច់​-​ត្រី​ប្រចាំថ្ងៃ ប៉ុន្តែ​ទំហំ​នៃ​ការ​នាំចូល​ត្រី​ពី​វៀតណាម​មិនមាន​សភាព​ធូរ​ថយ ហើយ​កាន់តែ​កើន​ជាង​មុន​។ 
 
​លោក​បាន​បញ្ជាក់ថា ត្រី​ដែល​នាំចូល​ពី​វៀតណាម​មានតម្លៃ​ថោក​ជាង​ត្រី​ក្នុងស្រុក​ពី​១០០០​ទៅ​១៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដែលជា​ហេតុ​ធ្វើឱ្យ​ត្រី​ចិញ្ចឹម​ក្នុងស្រុក​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​យ៉ាងគំហុក​បែបនេះ​។​
 
​លោក ស៊ន សន ក៏​លើកឡើង​ដូចគ្នា​ផងដែរ​។ លោក​សង្កេតឃើញ ត្រី​ពី​វៀតណាម​ត្រូវបាន​ដឹក​ចូល​ទៅដល់​ផ្សារ​ព្រែក​ព្នៅ​នៅ​រាជធានី​ភ្នំពេញ​រៀងរាល់​ព្រឹក ហើយ​ក្លាយជា​ផ្សា​របោះ​ដុំ និង​ចែកចាយ​ត្រី​ដ៏​ធំជាងគេ ទៅ​ឲ្យ​បណ្តា​ផ្សារ​នៅ​រាជធានី​-​ខេត្ត​មួយចំនួន​។ 
 
​វា​រី​វប្បករ​នៅ​ខេត្តកំពង់ចាម​រូបនេះ បាន​និយាយ​ដូច្នេះ​៖«​ត្រី​ពោ​ដែល​គេ​ដឹក​ពី​វៀតណាម​មកដល់​ផ្សារ​ព្រែក​ព្នៅ​តែម្តង មានតម្លៃ​ត្រឹម​៥០០០​រៀល​ទេ ក្នុង​មួយ​គីឡូក្រាម​។  អ៊ីចឹង​ហើយ ឈ្មួញ​ដែល​មក​ចាប់​ត្រី​ពី​ស្រះ​យើង​ក៏​ទាញ​តម្លៃ​ត្រី​ធ្លាក់​ឱ្យនៅ​ត្រឹមតែ​៤,៥០០​រៀល ក្នុង​មួយ​គីឡូក្រាម​ផងដែរ​»​។​
 
​នៅ​ពោធិ៍សាត់ ក៏​មិន​ខុសគ្នា​ឡើយ​។ នេះ​បើតាម​ការអះអាង​របស់​លោក  ចាប ឡុ​ក ដោយ​បញ្ជាក់ថា ក្រៅពី​ការនាំ​ចូល​ត្រី វត្ថុធាតុដើម​នៃ​ការ​សម្រាប់​ចិញ្ចឹម​ត្រី គឺ​សុទ្ធតែ​នាំចូល​ផងដែរ​ក្នុងនោះ​មាន​ទាំង​ពូជ​ត្រី​, ចំណី​ត្រី​, ថ្នាំ​សម្លាប់​មេរោគ ថ្នាំ​ផ្សេងៗ​។  
 
​ត្រី​ធ្លាក់​ថ្លៃ តែ​ការចំណាយ​លើ​ចំណី​ត្រី​នៅតែ​ច្រើន​...
​លោក សយ សុង​ហេង មាន​ត្រី​ពោ ដែល​ចាប់​លក់​បានតែ​ពី​ខែមិថុនា មក ប៉ុន្តែ​មិនមាន​ឈ្មួញ​ណា​ទៅទាក់ទង​លោក​នោះឡើយ​។ លោក​ក៏បាន​សម្រេច​បង្អត់​ចំណី​ត្រី​ជា​បណ្តើរៗ​។ «​ឲ្យ​ចំណី​ត្រី​ស៊ី​ទៅ ខ្ញុំ​ខ្លាច​ខាត​កាន់តែច្រើន ព្រោះ​ចំណី​ត្រី​វា​ថ្លៃ តែ​ត្រី​យើង​សព្វថ្ងៃ​អាច​លក់បាន​ត្រឹម​៤​ឬ​៥​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម ហើយ​ថែមទាំង​គ្មាន​អ្នក​មក​ទិញ​ទៀត​»​។ 
 
​ចំណែកឯ​លោក ស៊ន សន លោក​ប្រឈម​ខាត​ជិត​២​ម៉ឺន​ដុល្លារ​អាមេរិក លើ​ការចិញ្ចឹម​ត្រី​លើ​ការចិញ្ចឹម​ត្រី​ពោ និង​ត្រី​ប្រា​ក្នុងឆ្នាំនេះ ។  « ត្រី​របស់ខ្ញុំ មាន​ជាង​៣០​តោន​នៅក្នុង​ស្រះ​។  ក្នុង​មួយថ្ងៃ ខ្ញុំ​ឲ្យ​ចំណី​ត្រី​ស៊ី​អស់​ជាង​១០​បេ​[​ការុង​] ដែលមាន​ពី​៥០-៦០​ម៉ឺន​រៀល​»​។  ត្រី​ប្រា សព្វថ្ងៃ​មានតម្លៃ​ត្រឹម​៣៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ហ្នឹង យើង​ទប់​ម៉េច​ឈ្នះ​»​។ បើតាម​វា​រី​វប្បករ​ដែលមាន​បទពិសោធន៍​ជាង​១០​ឆ្នាំ​រូបនេះ ចំណី​ដែល​លោក​ទិញ​ឲ្យ​ត្រី​សព្វ​ស៊ី​សព្វថ្ងៃ មានតម្លៃ​៥​ម៉ឺន​រៀល ក្នុង​មួយ​ការុង ដែលមាន​ចំណុះ​៥០​គីឡូក្រាម​។ 


 
​សុំ​អន្តរាគមន៍​...
​ក្នុងអំឡុង​នៃ​វិបត្តិ​កូ​វីដ​-១៩ លោក វី បាន​ងាក​ទៅ​ទិញ​ត្រី​របស់​វៀតណាម​ដែល​ដឹក​ដល់​ផ្សារ​ព្រែក​ព្នៅ ចន្លោះ​ពី​១​ទៅ​៣​តោន​ក្នុង​មួយថ្ងៃ​។ លោក​បញ្ជាក់ថា ត្រី​ពី​វៀតណាម​មាន​គ្រប់​ប្រភេទ ហើយ​មានតម្លៃ ថោក​ជាង​ត្រី​ចិញ្ចឹម​ក្នុងស្រុក​ទៅតាម​ប្រភេទ​នីមួយ​ផងដែរ​។ បើតាម​ឈ្មួញ​ត្រី​រូបនេះ ត្រី​ដែល​នាំចូល​ពី​វៀតណាម​មាន​ទាំង​ត្រី​រស់ ត្រី​ស្តោ ត្រី​ទី​ឡាប់​យ៉ា ត្រី​ឆ្ពិន ត្រី​ប្រា ត្រី​ពោ និង​ប្រភេទ​ត្រី​ផ្សេងៗ​ទៀត​ជាច្រើន​។ 
 
​ខណៈដែល​លោក សយ សុង​ហេង អាយុ​៦៤​ឆ្នាំ ហាក់ដូចជា​បាក់​ទឹកចិត្ត​ចំពោះ​មុខរបរ​ចិញ្ចឹម​ត្រី លោក ស៊ន សន ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រឹតត្បិត​ការនាំ​ចូល​។ លោក​បាន​បញ្ជាក់ថា​៖ «​យើង​មិន​ចង់ឱ្យ​បិទ​ទាំងស្រុង​ទេ​នៃ​ការ​នាំចូល​ត្រី​ពី​វៀតណាម​នោះ​។ ប៉ុន្តែ​ពេលដែល​យើង​សម្បូរ​ត្រី​ហើយ​, ពេលដែល​ពលរដ្ឋ​យើង​ពលរដ្ឋ​ផលិត​ត្រី​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​ហើយ សូម​អាជ្ញាធរ​កាត់បន្ថយ​ការនាំ​ចូល​ពី​គេ​ខ្លះទៅ ដើម្បីឱ្យ​កសិករ​យើង​បាន​រស់​ទាំងអស់គ្នា​»​។ 
 
​បើតាម លោក ឡែ​ម​ផូ​រ សុថា​វរិ​ទ្ធិ អ្នកទទួលបន្ទុក​អភិវឌ្ឍ​វារីវប្បកម្ម​នៃ​សហគម​វា​រី​វប្បករ​កម្ពុជា  មាន​អ្នក​ចិញ្ចឹម​ប្រហែល​៩០​ភាគរយ​នៃ​សមាជិក​ជាង​២០០​គ្រួសារ បាន​ជួប​បញ្ហា​ដូចគ្នា​ដោយ​ត្រី​នៅលើ​ទីផ្សារ​មានតម្លៃ​ថោក​ហើយ ព្រមទាំង​គ្មាន​ឈ្មួញ​មក​ចុះ​ចាប់​ទៀត ដោយ​ឈ្មួញ​ទាំងនោះ កំពុង​ជាប់ដៃ​ទិញ​ត្រី​ពី​កន្លែង​លក់​ត្រី​ដែល​នាំចូល​ពី​វៀតណាម​។ 
 
​សម្រាប់​ត្រី​របស់​ប្រជាកសិករ​ចំនួន​៨​ខេត្ត​ដែល​ស្ថិតនៅក្នុង​សមា​គន៍​វា​រី​វប្បករ​កម្ពុជា ដែល​អាច​លក់​នៅលើ​ទីផ្សារ មាន​រហូតដល់​ជិត​២​ម៉ឺន​តោន​។ នេះ​ជាការ​លើកឡើង​របស់លោក សុថា​វរិ​ទ្ធិ ដោយ​បន្តថា​៖«​ទីផ្សារ​ត្រី​យើង​កាន់តែ​ជន់ ហើយ​តម្លៃ​កាន់តែ​ចុះថោក​ទៅៗ​»​។  
 


ប្រភេទ​ត្រី​ចិញ្ចឹម​ដែល​កំពុង​ធ្លាក់​ថ្លៃ​យ៉ាងខ្លាំង​នោះ មាន​ត្រី​ប្រា​ធ្លាក់​ពី​៤,៥០០​រៀល​ឡើង​ក្នុង​មួយ​គីឡូក្រាម មក​នៅត្រឹម​៣៧០០​ទៅ​៤១០០​រៀល​។ ត្រី​ឆ្ពិន ធ្លាប់​តម្លៃ​២​ម៉ឺន​រៀល ធ្លាក់​មក​ត្រឹម​១២០០០​ទៅ​១៤០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ត្រី​ក្រាញ់ ធ្លាក់​ពី​៥​ពាន់​រៀល មក​ត្រឹម​៤​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​។​
 
​អ្នកទទួលបន្ទុក​អភិវឌ្ឍ​វារីវប្បកម្ម​នៃ​សហគម​វា​រី​វប្បករ​កម្ពុជា​រូបនេះ បាន​និយាយថា​៖  «​ត្រី​របស់​វៀតណាម​សម្រុកចូល​ទីផ្សារ​ខ្មែរ​ខ្លាំង គឺ​ក្នុងអំឡុងពេល​កូ​វីដ​-១៩​នេះ​។ បើតាម​ខ្ញុំ​ដឹង ត្រី​របស់​វៀតណាម​ត្រូវបាន​សហគមន៍​អឺរ៉ុប​បិទ ដូច្នេះហើយ​ត្រី​របស់​វៀតណាម​ជន់​ខ្លាំង​មិនដឹង​នាំ​ចេញទៅ​ទីណា ក៏​សម្រុក​នាំចូល​ស្រុក​ខ្មែរ ដោយ​លក់​ចេញ​ក្នុង​តម្លៃថោកៗ​»​។​
 
​ចំពោះ​ដំណោះស្រាយ​ទប់ទល់​នឹង​ការ​នាំចូល​ត្រី​ពី​បរទេស លោក វេ​ង សាខុន បានដាក់​កំហិត​យ៉ាង​ម៉ឺងម៉ាត់​ថា​៖« ចាប់ពីពេលនេះ​តទៅ រដ្ឋបាល​ជលផល​ត្រូវ​បង្ហាញ​ទិន្នន័យ​ថា​ថ្ងៃនេះ​នាំចូល​ត្រី​ពី​វៀតណាម​ប៉ុន្មាន​តោន​? ក្នុងនោះ នាំចូល​ត្រី​រស់​ប៉ុន្មាន​តោន​, ត្រី​ឆ្តោ​ប៉ុន្មាន​តោន ត្រី​ប្រា​ប៉ុន្មាន​តោន​...​ឲ្យ​ដូច​នូវ​អ្វីដែល​យើង​កំពុង​ធ្វើ​ដូច​ការ​នាំចូល​សត្វ​ផងដែរ​»៕
 
 

Tag:
 កសិកម្ម​
  វារីវប្បកម្ម​
  ត្រី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com