ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) បានយល់ព្រមបន្តកិច្ចចរចាដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយអង់គ្លេសចាកចេញ ខណៈភាគីអង់គ្លេសបន្តព្រមានថា សេណារីយ៉ូដើរចេញដោយគ្មានកិច្ចព្រមព្រៀង នៅតែមានលទ្ធភាពខ្ពស់។ បើគ្មានកិច្ចព្រមព្រៀងណាមួយទេនោះ ទាំង EU និងអង់គ្លេស នឹងប្រឈមមុខវិបត្តិដ៏ធំក្នុងទំនាក់ទំនងក្រោយការចាកចេញ (Brexit) ។
ការចរចារវាងអង់គ្លេស និងសហភាពអឺរ៉ុបស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីកំណត់របៀបរបបរកស៊ីក្រោ Breixt នៅតែមិនទាន់លទ្ធផល ខណៈឱសានវាទថ្ងៃទី១៣ ខែធ្នូ កន្លងផុតក្ដី។ ប៉ុន្តែភាគីទាំងពីរ ក៏បន្តផ្ដល់ឱកាសដល់ការចរចាម្ដងទៀត សំដៅស្វែងរកឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មមុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។
ក្នុងសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី ១៣ ខែធ្នូ នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន និងប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី អឺស៊ុឡា វ៉ុន ដឺ លៃអេន បាននិយាយថា មកដល់ចំណុចនេះ វាជាការទទួលខុសត្រូវដែលភាគីទាំងពីរបន្តប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការសម្រេចឲ្យបានកិច្ចព្រមព្រៀងមួយ។
អំឡុងការជជែកពិភាក្សាតាមទូរសព្ទ មេដឹកនាំទាំងពីរ ឯកភាពគ្នាប្រាប់ទៅកាន់មន្ត្រីចរចាពួកគេបន្តកិច្ចពិភាក្សាក្នុងទីក្រុងព្រុចសែល។
ទោះបីយល់ព្រមពន្យារពេលការចរចា Brexit ក៏ពិតមែន មេដឹកនាំទាំងពីរនេះ ពុំបញ្ជាក់រយៈពេលជាក់លាក់ឡើយ។ ក៏ប៉ុន្តែ ពេលវេលាចុងក្រោយ ដែលអង់គ្លេស នឹងលែងតម្រូវឲ្យគោរពច្បាប់របស់ EU គឺនៅថ្ងៃទី ៣១ ខែធ្នូ ខាងមុខ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកស្រី អឺស៊ុឡា ចាត់ទុកការជជែកជាមួយលោក ចនសុន ថា សំខាន់និងមានប្រយោជន៍។ តែលោក ចនសុន បានព្រមានជាថ្មីថា សេណារីយ៉ូដែលគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម មានលទ្ធភាពខ្ពស់នឹងកើតឡើង។
«ខ្ញុំខ្លាចថា យើងនៅមានគម្លាតឆ្ងាយពីរឿងគន្លឹះខ្លះ»។ លោក ចនសុន បញ្ជាប់បែបនេះ មុននឹងបន្ថែម ទោះជាបែបនេះ ចក្រភពអង់គ្លេស នឹងមិនដើរចេញពីតុចរចាឡើយ ហើយលោកនៅតែគិតថា កិច្ចព្រមព្រៀងមួយ អាចកើតឡើង ប្រសិនបើ EU ចង់សម្រេចវានោះ។ ទោះមាន ឬគ្មានកិច្ចព្រមព្រៀង លោក ចនសុន បន្តមានសុទិដ្ឋិនិយមខ្ពស់ចំពោះអនាគតរបស់ចក្រភពអង់គ្លេស។
ពេលវេលា ក៏ខិតកៀកហើយដើម្បីបង្កើតកិច្ចព្រមព្រៀងមួយ មុនពេលដែលចក្រភពអង់គ្លេសឈប់គោរពតាមច្បាប់ពាណិជ្ជកម្មរបស់ EU ដែលនៅសល់តែជាង២សប្ដាហ៍ទៀតប៉ុណ្ណោះ។ ក្នុងការចរចាតឹងសរសៃកជាច្រើនសប្ដាហ៍ ភាគីទាំងពីរ បរាជ័យក្នុងការជម្នះឧបសគ្គមួយចំនួន ដូចជា ក្បួនច្បាប់នៃការប្រកួតប្រជែង និងសិទ្ធិក្នុងការនេសាទត្រីជាដើម ។
បើគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម អង់គ្លេស នឹងត្រូវធ្វើពាណិជ្ជកម្មជាមួយ EU ដោយគោរពតាមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ហើយនេះមានន័យថា ការត្រួតពិនិត្យនៅច្រកព្រំដែន និងពន្ធគយ នឹងត្រូវដាក់អនុវត្តចំពោះទំនិញដែលដឹកជញ្ជូនរវាងអង់គ្លេសនិង EU។ នេះមិនមែនជាអ្វីដែលភាគីទាំងចង់បានឡើយ។
តាមពិតទៅ ចក្រភពអង់គ្លេសបានចាកចេញពីផ្លូវការពីសហភាពអឺរ៉ុប តាំងពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០ មកម្ល៉េះ។ ភាគីទាំងពីរ ត្រូវការពេលវេលាដើម្បីចរចាកិច្ចព្រមព្រៀងមួយសម្រាប់ជីវិតក្រោយការលែងលះនេះ ឬហៅថាដំណើរការអន្តរកាល ពោលគឺជជែកលើវិស័យស្នូលរាប់ចាប់តាំងពីបញ្ហាសន្តិសុខ និងពាណិជ្ជកម្ម៕