គ្រូបង្វឹកក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ លោក Koji Kyotoko បានបង្ហាញពីផលប៉ះពាល់នៃការផ្អាកការហ្វឹកហាត់ក្នុងការអភិវឌ្ឍសមត្ថភាពកីឡាករ។ ជាពិសេស ធ្វើឲ្យលោកពិបាកក្នុងការតាមដានភាពរីកចម្រើន និងសមត្ថភាពរបស់កីឡាករ ដើម្បីកំណត់បញ្ជីឈ្មោះចុងក្រោយនៃក្រុមជម្រើសជាតិ។
លោក Koji Kyotoko គ្រូបង្វឹកក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំ អះអាងថា លោកមិនទាន់អាចសម្រេចជ្រើសរើសកីឡាករឲ្យស្ថិតក្នុងបញ្ជីឈ្មោះចុងក្រោយសម្រាប់ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំបាននោះទេ។ បន្ទាប់ពី ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកឲ្យប្រមូលផ្តុំហ្វឹកហាត់បណ្តោះអាសន្ន ដោយសារការរីករាលនៃជំងឺកូវីដ-១៩។
«ការផ្អាកហ្វឹកហាត់ដោយសារវិបត្តិកូវីដ-១៩នេះ មានផលប៉ះពាល់ខ្លាំងដល់ការហ្វឹកហាត់ និងការតាមដានភាពរីកចម្រើនរបស់ក្រុម និងសមត្ថភាពកីឡាករម្នាក់ៗ ក្នុងការស្វែងរកកីឡាករសម្រាប់បញ្ជីឈ្មោះចុងក្រោយ»។ នេះជាការបង្ហាញក្តីកង្វល់និងផលប៉ះពាល់របស់លោក Koji Kyotoko។
ក្នុងកាលៈទេសៈដែលក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំបានរំសាយការប្រមូលផ្តុំហ្វឹកហាត់បណ្តោះអាសន្ន គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបានបញ្ជាក់ថា លោកគ្មានគម្រោងអ្វីមួយពាក់ព័ន្ធកីឡាករនោះទេ ដោយទុកឲ្យពួកគេហ្វឹកហាត់នៅតាមក្លិបរៀងៗខ្លួន។
លោកលើកឡើងដូច្នេះថា៖«ខ្ញុំមិនទាន់មានគម្រោងអ្វីទេជាមួយកីឡាករអំឡុងពេលផ្អាកការហ្វឹកហាត់នេះឡើយ ដោយទុកឲ្យកីឡាករហ្វឹកហាត់បង្កើនសមត្ថភាពខ្លួនឯងជាមួយក្លិបរបស់ពួកគេ ហើយរង់ចាំការអនុញ្ញាតឲ្យប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ»។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំដំណាក់កាលទីពីរ សម្រាប់ត្រៀមការប្រកួតវគ្គជម្រុះ AFC U19 Championship។ កម្ពុជាស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះអ៊ូសបេគីស្ថាន អ៊ីរ៉ង់ និងឥណ្ឌូណេស៊ី។
កីឡាករទាំង៣២រូបក្នុងដំណាក់កាលទីពីររួមមាន កយ សាលីម, ទួត សារ៉ូត, រ៉េត លីហេង, រី លាភផេង, ធី លៀង, អ៊ាន ពិសី, ជូ ស៊ីនទី, ជា សុខម៉េង, សៀង ចន្ធា, សៅ វ៉ៃហ្វី, ថា ច័ន្ទឬទ្ធី, សឿត ណាវ៉ា, ជុង មករា, លី ម៉ាឯល, ស្រ៊ី ពិសិទ្ធ, ញឹម លីហូរ, វុធ តុលា, អាត អូនតូច, ចាន់ សារ៉ាពេជ្រ, គង់ ភ័ត្រា, ស រតនា, វឿន រ៉ា, សៀន សុភ័ក្ត្រា, លឹម ពិសុទ្ធ, រស់ ដារ៉ាពេជ្រ, ឆាន់ ប៊ុនមី, មិន រតនៈ, ចាន់ សុភា, កែវ ឧត្តម, លឺម អារុណ រ៉េយមិន, ប៊ុនធឿន ប៊ុនណារ៉ុង និងកីឡាករ តាំង ប៊ុនឆៃ៕