COVID-19
កីឡាជាតិ
ជាតិ
កីឡាករ​ក៏មាន​អាទិភាព ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩
17, Dec 2020 , 10:44 am        
រូបភាព
ដោយ:
​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ស្ថិតក្នុង​ក្រុមមនុស្ស​អាទិភាព ដែល​ទទួលបាន​ការចាក់​វាំង​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ពី​រាជរដ្ឋាភិបាល​កម្ពុជា ។ អត្ត​ព​លិ​ក​អាច​នឹងមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស​និង​សមត្ថភាព សម្រាប់​ត្រៀម​ការប្រកួត​អន្តរជាតិ​ផ្សេងៗ បើ​ពួកគេ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ រួចរាល់​។

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​អាទិភាព​ដល់​កីឡាករ​កីឡាការិនី​ជម្រើសជាតិ ក្នុង​ការទទួល​បានកា​រ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​។ សម្តេច យល់ថា ពួកគេ​ជា​ក្រុមមនុស្ស ដែល​ប្រឈម​ខ្លាំង​ក្នុងការ​ឆ្លង​ជំងឺ​រាតត្បាត​មួយ​នេះ ដ្បិត​ពួកគេ​ត្រូវ​ហ្វឹកហាត់​ជុំគ្នា និង​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ជាដើម​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក វ៉ា​ត់ ចំរើន​។  
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​សារ​អេឡិចត្រូនិក​លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​វា​ជា​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​យើង ដែល សម្តេច ផ្តល់​អាទិភាព​(​ចាក់​វ៉ាក់សាំង​)​ដល់​កីឡាករ ដោយសារ​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ប្រឈម​នឹង​ការងារ​របស់ខ្លួន គឺ​អត់​មាន​ពេល​ហាត់​គ្រប់គ្រាន់ អត់​បាន​ប្រមូលផ្តុំ​ហ្វឹកហាត់​គ្រប់គ្រាន់​ដោយសារ​កូ​វីដ​-១៩»​។​


សកម្មភាពពេលសម្តេច_ហ៊ុន_សែន_ចូលរួមកម្មវិធីជួបជុំមហាគ្រួសារកីឡាកាលពីពេលកន្លងទៅ 

​កីឡាករ​កីឡាការិនី​នឹងមាន​អារម្មណ៍​កក់ក្តៅ​ក្នុងការ​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព ដើម្បី​ត្រៀម​ការប្រកួត​អន្តរជាតិ​ផ្សេងៗ រួមទាំង​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ឆ្នាំក្រោយ​បើ​ពួកគេ​ទទួលបាន​ការចាក់​វ៉ាក់សាំង​រួចរាល់​។ ព្រោះ​ពួកគេ​អាចមាន​ពេល​ហ្វឹកហាត់​គ្រប់គ្រាន់ និង​ប្រមូលផ្តុំ​ហ្វឹកហាត់​ជាប់លាប់ ដោយ​មិនចាំបាច់​រំសាយ​ការប្រមូលផ្តុំ​ដូច​ឆ្នាំនេះ​។ 
 
«​បើ​គ្នា​បាន​ហ្វឹកហាត់​ជាប់លាប់​ទៅ ធានា​ក្នុងការ​ប្រកួត​បាន​។ មួយវិញទៀត​នៅ​ឆ្នាំក្រោយ យើង​ត្រូវ​ចេញទៅ​ប្រកួត​កីឡា​អូឡាំពិក ប្រកួត​អីៗ​ច្រើន អ៊ីចឹង​ទេ​បើ​យើង​បាន​(​ចាក់​វ៉ាក់សាំង​)​មាន​អារម្មណ៍​កក់ក្តៅ​ក្នុងការ​អភិវឌ្ឍន៍​បច្ចេក​ទេស​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។ 
 
​ក្រុម​កីឡាករ​ជម្រើសជាតិ​ត្រូវបាន​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់​ជាច្រើនលើក ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​បច្ចេកទេស និង​សមត្ថភាព​កីឡាករ​ក្នុងការ​ត្រៀម​ចូលរួម​ប្រកួត​នានា ជាពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​វៀតណាម​ឆ្នាំ​២០២១ និង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា​។ ព្រោះ​ការ​រាតត្បាត​នេះ បានធ្វើ​ឲ្យ​កម្ពុជា​ពន្យា​ពេល​ជាច្រើនលើក​ច្រើនសា​ក្នុងការ​បញ្ជូន​កីឡាករ​កីឡាការិនី​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​៕ 

Tag:
 ​វ៉ា​ត់ ចំរើន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com