ជាតិ
សង្គមជាតិ
សម្តេច​សង្ឃ ធ្វើ​ពិធី​សាទរ​ព្រះអង្គ យ៉​ន សេង​យៀ​ត ដែល​រៀន​ចប់ «​ថ្នាក់​ក្រោយ​បណ្ឌិត​» នៅ​សាកលវិទ្យាល័យ Harvard
18, Dec 2020 , 11:29 pm        
រូបភាព
ព្រះអង្គ យ៉ន សេងយៀត មានសង្ឃដីកា ក្នុងពិធីទទួលពរជ័យនិងការអបអរសាទរពីសម្តេចសង្ឃនិងមន្រ្តីសង្ឃជាន់ខ្ពស់ (រូបពីគណៈសង្ឃនាយក)
ព្រះអង្គ យ៉ន សេងយៀត មានសង្ឃដីកា ក្នុងពិធីទទួលពរជ័យនិងការអបអរសាទរពីសម្តេចសង្ឃនិងមន្រ្តីសង្ឃជាន់ខ្ពស់ (រូបពីគណៈសង្ឃនាយក)
​សម្តេច​សង្ឃ​និង​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​នៅ​កម្ពុជា បានរៀបចំ​ពិធី​ប្រគេនពរជ័យនិង​អបអរសាទរ​ដល់​ព្រះ​ភិក្ខុ យ៉​ន សេង​យៀ​ត ចំពោះ​ភាពជោគជ័យ​របស់​ព្រះអង្គ ក្នុង​ការតស៊ូ​រៀនសូត្រ រហូតដល់​ចប់​ផុត​អស់​កម្រិត ឬ​ហៅថា​ចប់ ថ្នាក់​ក្រោយ​បណ្ឌិត (Postdoc) ផ្នែក​ទស្សន​វិទ្យា នៅ​សាកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​របស់​អាមេរិក គឺ​សាកលវិទ្យាល័យ Harvard​។ ព្រះអង្គ គឺជា​ព្រះសង្ឃ​ខ្មែរ​ទី​១ ដែល​បានបញ្ចប់​ថ្នាក់​ក្រោយ​បណ្ឌិត​ផ្នែក​ទស្សន​វិទ្យា​ព្រះពុទ្ធសាសនា នៅ​សាកលវិទ្យាល័យ Harvard​។

 
​ពិធី​អបអរសាទរ​ព្រះអង្គ យ៉​ន សេង​យៀ​ត ត្រូវបាន​រៀបចំឡើង​នៅ​វត្ត​ឧណ្ណាលោម កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ ក្រោម​ព្រះរាជាធិបតីភាព​នៃ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស ជា​សម្តេចព្រះសង្ឃរាជ​មាន​ឋានៈ​ខ្ពស់​ជាងគេ​ផ្នែក​គណៈមហានិកាយ​នៅ​កម្ពុជា រួមទាំង​មានការ​និមន្ត​ចូលរួម​ពីស​ម្តេច​សង្ឃ​និង​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ផ្សេងទៀត ដូចជា សម្តេច ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក និង សម្តេច អំ លីម​ហេង សម្ដេចព្រះ​សង្ឃនាយករ​ង​ទី​១ ជាដើម​។​

ព្រះអង្គ យ៉ន សេងយៀត ថ្វាយបង្គំសម្តេចសង្ឃ និងព្រះសង្ឃ ក្នុងពិធីទទួលពរជ័យ (រូបពីគណៈសង្ឃនាយក) 

ក្នុង​ពិធី​នោះ សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស បានចេញ​ព្រះរាជសារ​មួយ ប្រគេន​ទៅ​ព្រះ​ភិ​ក្ខុ យ៉​ន សេង​យៀ​ត​។ ព្រះរាជសារ​នោះ គឺជា​ព្រះរាជសារ​អបអរសាទរ​ព្រះអង្គ ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​ក្រោយ​បណ្ឌិត​ផ្នែក​ទស្សន​វិទ្យា​ពុទ្ធសាសនា នៅ​សាកលវិទ្យាល័យ Hardvard​។ 


 

​សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក មាន​ថេរ​ដីកា​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ តាមទូរស័ព្ទ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ថា ព្រះអង្គ យ៉​ន សេង​យៀ​ត គឺជា​ព្រះសង្ឃ​ខ្មែរ​ទី​១​ហើយ ដែល​បាន​រៀន​ចប់​ថ្នាក់​ក្រោយ​បណ្ឌិត​ផ្នែក​ទស្សន​វិទ្យា​ពុទ្ធសាសនា ពី​សាកលវិទ្យាល័យ Harvard​។ សម្តេច ចាត់ទុក​ព្រះអង្គ យ៉​ន សេង​យៀ​ត ដែល​រៀន​ចប់​ថ្នាក់​ក្រោយ​បណ្ឌិត​នៅ​សាកលវិទ្យាល័យ Harvard ថា​ជា «​មោទនភាព​និង​ជា​កិត្តិយស​សម្រាប់​ព្រះពុទ្ធសាសនា​» ហើយក៏​ជា «​ធនធាន​ដ៏​កម្រ​របស់​កម្ពុជា​» ដែរ​។​
 
​សម្តេច ឃឹម សន ដែល​បាន​និមន្ត​ចូលរួម​ពិធី​សាទរ​ព្រះអង្គ យ៉​ន សេង​យៀ​ត ដែរនោះ មាន​សង្ឃដីកា​ដូច្នេះ​ថា​៖«​ជា​កិត្តិយស​ធំធេង​ណាស់​សម្រាប់​យើង ដែលជា​កូន​កសិករ ហើយ​ប្រឹងប្រែង​រៀនសូត្រ​ដល់ទី​នោះ​»​។​
 
 ​ព្រះសង្ឃនិងពុទ្ធបរិស័ទ ស្ថិតក្នុងពិធីប្រគេនពរជ័យនិងអបអរសាទរព្រះអង្គ យ៉ន សេងយៀត (រូបពីគណៈសង្ឃនាយក)

កន្លងមក ក៏​ធ្លាប់​មានព្រះសង្ឃ​ខ្មែរ បាន​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ Harvard ដែរ តែ​ពុំបាន​បញ្ចប់​ថ្នាក់​ក្រោយ​បណ្ឌិត​ដូច​ព្រះអង្គ យ៉​ន សេង​យៀ​ត ឡើយ​។ 

កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២០ ព្រះអង្គ យ៉​ន សេង​យៀ​ត បាន​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ព្រះអង្គ (Yon Seng Yeath) ថា ព្រះអង្គ បានធ្វើ​បទ​បង្ហាញ​ចុងក្រោយ និង​បានបញ្ចប់​ការសិក្សា​ថា្នក់​ក្រោយ​បណ្ឌិត​ផ្នែក​ទស្សន​វិទ្យា​នៅ​សាកលវិទ្យាល័យ Harvard ជា​ស្ថាពរ​ហើយ ក្រោយពី​ព្រះអង្គ ចំណាយពេល​សិក្សា​ថ្នាក់​ក្រោយ​បណ្ឌិត​នេះ​អស់​រយៈពេល​៣​ឆ្នាំ​មក​។ ថ្នាក់​ក្រោយ​បណ្ឌិត​នេះ ជា​ភាសា​អង់គ្លេស ហៅថា Post-Doctoral Research Fellowship ឬ​ហៅ​កាត់​ថា Postdoc​។​


ព្រះអង្គ យ៉ន សេងយៀត ធ្វើបទបង្ហាញបញ្ចប់ថ្នាក់ក្រោយបណ្ឌិត កាលអំឡុងខែមីនា ឆ្នាំ២០២០ (រូបពីគណនីហ្វេសប៊ុករបស់ព្រះអង្គ)​

ក្នុង​សំណេរ​អំពី​ការបញ្ចប់​ការសិក្សា​ថ្នាក់​ក្រោយ​បណ្ឌិត​នេះ ព្រះ​ភិ​ក្ខុ យ៉​ន សេង​យៀ​ត ដែលមាន​នាម​បញ្ញត្តិ​ថា ព្រះ​មុនី​កោសល មិន​ភ្លេច​ពី​ការ​រំលេច​នូវ​គុណ​នៃ​អ្នក​បាន​ជួយ​ជ្រោមជ្រែង​ព្រះអង្គ​ឡើយ នោះ​គឺ​លោក ជា ចាន់តូ ប្រធាន​ធនាគារជាតិ​កម្ពុជា​និង​ភរិយា​របស់លោក រួមទាំង​ព្រះសង្ឃ​និង​ពុទ្ធ​បិ​រ​ស័​ទ​។ ព្រះ​មុនី​កោសល យ៉​ន សេង​យៀ​ត មាន​សង្ឃដីកា​ក្នុង​សំណេរ​ថា ការសិក្សា​របស់​ព្រះអង្គ ប្រព្រឹត្តិទៅបាន​ប្រកបដោយ​ជោគជ័យ គឺ​អាស្រ័យ​លើ​ការឧបត្ថម្ភ​ពី​សំណាក់​គ្រហស្ថ​និង​ព្រះសង្ឃ​។ 

​តាមរយៈ​សំណេរ​នាពេលនោះ ព្រះអង្គ សរសេរ​ដូច្នេះ​ថា​៖«​សូម​ថ្លែង​អរគុណ​ចំពោះ ឯកឧត្តម [​ជា ចាន់តូ​]  និង លោកជំទាវ ព្រមទាំង​អ្នកមាន​គុណូបការៈ​ទាំងអស់​ដោយ​ជ្រះថ្លា​បំផុត​។ អរគុណ​សាកលវិទ្យាល័យ Harvard ដែល​បានផ្ដល់​អាហារូបករណ៍​ដល់​រូបខ្ញុំ​»​។ 
 
​សារព័ត៌មាន​ថ្មីៗ ធ្លាប់បាន​សម្ភាស​ផ្ទាល់​ជាមួយ​ព្រះអង្គ យ៉​ន សេង​យៀ​ត កាលពី​ឆ្នាំ​២០១៦ អំពី​ជីវប្រវត្តិ​របស់​ព្រះអង្គ និង​អំពី​ការចាកចេញ​ទៅ​សិក្សា សម្រាប់​ថ្នាក់​ក្រោយ​បណ្ឌិត​នៅ​សាកលវិទ្យាល័យ Harvard​។ បើតាម​ព័ត៌មាន ដែល​ព្រះអង្គ ផ្តល់​ឲ្យ​សារព័ត៌មាន​ថ្មីៗ​កាលនោះ ព្រះអង្គ បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ទស្សន​វិទ្យា ពី​សាកលវិទ្យាល័យ​ពុទ្ធសាសនា​និង​​ភាសាបាលី បញ្ចប់​ថ្នាក់អនុបណ្ឌិត​ទស្សន​វិទ្យា ពី​សាកលវិទ្យាល័យ​កល្យាណី​យ៍ (Kelaniya) របស់​ប្រទេស​ស្រីលង្កា និង​បញ្ចប់​ថ្នាក់បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​។ 
 
​តាមរយៈ​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ កាលពី​ឆ្នាំ​២០១៦ ព្រះអង្គ ប្រាប់ថា ព្រះអង្គ ប្រសូត ក្នុង​គ្រួសារ​កសិករ នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ហើយ​ព្រះអង្គ សាង​ព្រះ​ផ្នួស​ចាប់​តាំង​ឆ្នាំ​១៩៩១​មក ដែល​ដល់​ឆ្នាំ​២០២០​នេះ ព្រះអង្គ បាន​សាង​ព្រះ​ផ្នួស​ប្រមាណ​៣០​ព្រះវស្សា​ហើយ​។ បច្ចុប្បន្ន ព្រះអង្គ ជា​ព្រះ​អនុប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក និង​ជា​ព្រះ​សាកលវិទ្យាធិការរង​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​៕ 

អត្ថបទទាក់ទង

Tag:
 យ៉​ន សេង​យៀ​ត​
  ថ្នាក់​ក្រោយ​បណ្ឌិត​-Postdoc
© រក្សាសិទ្ធិដោយ thmeythmey.com