កីឡាជាតិ
ជាតិ
លោក ហែម គីរី និងលោក ហែម ប៊ុនទីង ត្រូវបានទទួលស្គាល់ជាអត្តពលិកអូឡាំពិក
19, Dec 2020 , 9:59 am        
រូបភាព
លោក ហែម ប៊ុនទីង ឆ្វេងពេលចូលរួមប្រកួតកីឡាអូឡាំពិកនៅចិន និងលោក ហែម គីរី
លោក ហែម ប៊ុនទីង ឆ្វេងពេលចូលរួមប្រកួតកីឡាអូឡាំពិកនៅចិន និងលោក ហែម គីរី
ដោយ:
លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក និងលោក ហែម ប៊ុនទីង អតីតកីឡាករអត្តពលកម្មឆ្នើម ត្រូវបានសមាគមអត្តពលិកអូឡាំពិកពិភពលោក(World Olympian Association)ទទួលស្គាល់ជាអត្តពលិកអូឡាំពិក បន្ទាប់ពីពួកគេបានរួមចំណែកជួយលើកស្ទួយក្នុងចលនាអូឡាំពិក។

 
សមាគមអត្តពលិកអូឡាំពិកពិភពលោក កាលពីពេលថ្មីៗ បានចេញវិញ្ញាបនបត្រទទួលស្គាល់អតីតកីឡាកររបស់កម្ពុជាពីររូបជាអត្តពលិកអូឡាំពិក។ អតីតកីឡាករទាំងពីររូបនោះរួមមានលោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក និងលោក ហែម ប៊ុនទីង ម្ចាស់មេដាយប្រាក់កីឡាស៊ីហ្គេមឆ្នាំ២០០៧ នៅប្រទេសថៃ លើវិញ្ញាសារត់ម៉ារ៉ាតុន។
 
មូលហេតុ ដែលសមាគមនេះ ទទួលស្គាល់ពួកគេជាកីឡាករអូឡាំពិក ដោយសារពួកគេបានរួមចំណែកជួយក្នុងចលនាអូឡាំពិក តាមរយៈការចូលរួមការប្រកួតផ្ទាល់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងដឹកនាំកីឡាករទៅចូលរួមការប្រកួតនេះ ជាដើម។ លោក ហែម គីរី ពេលនៅជាកីឡាករហែលទឹក ធ្លាប់ចូលរួមការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០០០ និងការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងអាតែនប្រទេសក្រិកកាលពីឆ្នាំ២០០៤។ 
 
បុរសវ័យ៤០ឆ្នាំរូបនេះ ក្រោយបញ្ចប់អាជីពជាកីឡាករបានវិវត្តខ្លួនទៅជាគ្រូបង្វឹក និងជាមន្ត្រីអាជ្ញាកណ្តាលចៅក្រមកម្រិតអន្តរជាតិ។ បន្ទាប់មក លោក ក៏ត្រូវបានតែងតាំងឲ្យធ្វើអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹករហូតមកបច្ចុប្បន្ន។  
 
ចំណែកលោក ហែម ប៊ុនទីង អតីតកីឡាករអត្តពលកម្មឆ្នើមរបស់កម្ពុជា ធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកម្តងកាលពីឆ្នាំ២០០៨ នៅទីក្រុងប៉ីជីងប្រទេសចិន លើវិញ្ញាសាម៉ារ៉ាតុន។ ដោយកាលនោះ លោក ពុំទទួលបានលទ្ធផលល្អនោះទេ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧៣ ក្រោយប្រើពេល២ម៉ោង៣៣នាទី និង៣២វិនាទី។ 
 
ក្រៅពីព្រឹត្តិការណ៍អូឡាំពិក លោក ធ្លាប់ចូលរួមប្រកួតពិភពលោកចំនួន៣លើក កីឡាអាស៊ី Asian Games ចំនួន៣លើក និងការប្រកួតជាកម្រិតអាស៊ី និងអាស៊ានជាច្រើនទៀត។ បុរស៣៥ឆ្នាំរូបនេះ ធ្លាប់ចូលរួមការប្រកួតកីឡាស៊ីហ្គេមកាលពីឆ្នាំ២០០៧ នៅប្រទេសថៃ ដោយដណ្តើមបានមេដាយប្រាក់លើវិញ្ញាសាម៉ារ៉ាតុន និងមេដាយសំរឹទ្ធលើវិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្រ។ 
 
បន្ថែមលើនេះ លោក ដណ្តើមបានមេដាយសំរឹទ្ធមួយបន្ថែមទៀតលើវិញ្ញាសាម៉ារ៉ាតុន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសឡាវ កាលពីឆ្នាំ២០០៩ ក្រោយចំណាយពេល២ម៉ោង២៥នាទី និង១៩វិនាទី៕  

Tag:
 ហែលទឹក
  ហែម គីរី
  ហែម ប៊ុនទីង
  អត្តពលកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com