កីឡាជាតិ
ជាតិ
វ័យ៨៧ឆ្នាំ សម្តេច ហេង សំរិន៖ របបអាហារ និងការហាត់ប្រាណ ជាកត្តានាំឲ្យសុខភាពរឹងមាំ
19, Dec 2020 , 4:29 pm        
រូបភាព
ដោយ:
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានចែករំលែកបទពិសោធន៍ពាក់ព័ន្ធវិធីសាស្ត្រធ្វើឲ្យមនុស្សមានសុខភាពល្អរឹងមាំ។ ជាមួយគ្នានេះ សម្តេច ក៏បានផ្ញើសារឲ្យយុវជន និងប្រជាពលរដ្ឋកម្ពុជា ត្រូវបរិភោគអាហារឲ្យដូចការប្រើប្រាស់ថ្នាំពេទ្យ។

 
ការកំណត់របបអាហារត្រឹមត្រូវ និងការហាត់ប្រាណ ត្រូវបានសម្តេច ហេង សំរិន ចាត់ទុកជាកត្តាធ្វើឲ្យ សម្តេច មានសុខភាពល្អរឹងមាំ។ ទោះបី សម្តេច មានវ័យ៨៧ឆ្នាំ ក៏ពិតមែន ប៉ុន្តែសុខភាព និងកាយសម្បទារបស់សម្តេច មើលទៅហាក់រឹងមាំក្មេងជាងវ័យ និងមានកម្លាំងមាំមួន។ 
 
តាមរយៈវីដេអូសកម្មភាពលេងកីឡា ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេច នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ យើងសង្កេតឃើញ ប្រធានរដ្ឋសភារូបនេះ អាចវាយកូនគោល និងលើកដុំបូលបោះចំៗគោលដៅយ៉ាងល្អ។ កីឡាវាយកូនគោល និងប៉េតង់ជាកីឡាចំណង់ចំណូលចិត្ត ដែល សម្តេច តែងលេងរៀងរាល់ពេលសម្រាក និងទំនេរពីការងារ។  
 
សម្តេច ហេង សំរិន បានបង្ហោះវីដេអូសកម្មភាពលេងកីឡាវាយកូនគោល និងប៉េតង់ចំនួន៧ ភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា៖«របបអាហារ និងការហាត់ប្រាណ ជាកត្តានាំមកនូវសុខភាពរឹងមាំ។ វេជ្ជបណ្ឌិតខាងចំណីអាហារ និងសុខភាពណែនាំថា ចូរអ្នកបរិភោគអាហារឲ្យដូចជាការប្រើថ្នាំពេទ្យ បើមិនដូច្នោះទេ អ្នកនឹងហូបថ្នាំពេទ្យដូចបរិភោគអាហារ។ ពាក្យចាស់បូរាណខ្មែរពោលថា កុំស៊ីតាមឃ្លាន»។
 
ក្នុងន័យនេះ សម្តេច ចង់បញ្ជាក់ថា មនុស្សគ្រប់រូបត្រូវចេះកំណត់របបអាហារ និងពេលវេលាឲ្យបានត្រឹមត្រូវក្នុងការទទួលទានអាហារ។ ទន្ទឹមនឹងនេះ បុរសវ័យ៨៧ឆ្នាំរូបនេះ ណែនាំឲ្យប្រជាពលរដ្ឋកម្ពុជាឆ្លៀតពេលហាត់ប្រាណ និងលេងកីឡា ដើម្បីសុខភាពរឹងមាំទាំងអស់គ្នា។ ជាពិសេស សម្តេច ឲ្យថែរក្សាសុខភាព និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ តាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានហ្មត់ចត់៕ 

Tag:
 សម្តេច ហេង សំរិន
  វាយកូនគោល
  ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com