សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ីចុះកិច្ចព្រមព្រៀងបន្ថែមជាមួយឥណ្ឌាដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ ចំនួន៣០០លានដូស វ៉ាក់សាំង Sputnik V របស់រុស្ស៊ី។ រូបភាព Xinhua
×
ដោយ៖ កង ម៉េងហុង
ឥណ្ឌា នឹងផលិតវ៉ាក់សាំងជំងឺកូវីដ-១៩ Sputnik V របស់រុស្ស៊ី ចំនួន ៣០០ លានដូស នៅឆ្នាំក្រោយ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរុស្ស៊ី។ តួលេខនេះ ជាចំនួនច្រើនជាងជិត៣ដងនៃចំនួនវ៉ាក់សាំងដែលឥណ្ឌាត្រូវផលិតក្រោមកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុនឯទៀត។
ឥណ្ឌា ជាប្រទេសមួយដែលរុស្ស៊ីជ្រើសរើសឲ្យផលិតវ៉ាក់សាំង Sputnik V របស់ខ្លួន។ ស្ថានទូតរុស្ស៊ីលើកឡើងបែបនេះនៅលើបណ្ដាញសង្គម Twitter នៅថ្ងៃទី១៨ ខែធ្នូ ដោយអមជាមួយការស្រង់សម្ដីលោក Kirill Dmitriev មន្ត្រីទទួលបន្ទុកវ៉ាក់សាំងរបស់រុស្ស៊ីផ្ទាល់។ រុស្ស៊ី ក៏បានធ្វើតេស្តគំរូវ៉ាកសាំង Sputnik V ដែលផលិតនៅឥណ្ឌារួចហើយដែរ។
បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS លោក Dmitriev ដែលជាប្រធានមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) បានប្រាប់ទូរទស្សន៍រុស្ស៊ី Rossiya 24 ថា នៅក្នុងប្រទេសឥណ្ឌា រុស្ស៊ីមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតធំៗចំនួនបួន។ លោកបានបន្តថា ក្រោមកិច្ចព្រមព្រៀងនេះ ឥណ្ឌានឹងផលិតវ៉ាក់សាំងប្រហែល៣០០លានដូស ឬ ច្រើនជាងនេះសម្រាប់រុស្ស៊ីនៅឆ្នាំក្រោយ។
ដូចដឹងស្រាប់ហើយ ឥណ្ឌា ជាប្រទេសដែលមានក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក។ ឧស្សាហកម្មឱសថរបស់ឥណ្ឌាកំពុងបង្កើនសមត្ថភាព និង បង្កើនការវិនិយោគនៅមុនពេលការប្រញាប់ប្រញាលសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជាសកល។ ក្រុមហ៊ុន Hetero Biopharma របស់ឥណ្ឌាបានប្រកាសរួចហើយពីកិច្ចព្រមព្រៀងជាមួយ RDIF ដើម្បីផលិតវ៉ាក់សាំង Sputnik V ចំនួន១០០លានដូស។ ប្រសិទ្ធភាពរបស់វ៉ាក់សាំង Sputnik V ត្រូវបានរកឃើញថាមានច្រើនជាង៩១ភាគរយនៅក្នុងការសាកល្បងដែលធ្វើឡើងនៅខាងក្រៅឥណ្ឌា។
យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ទេថា តើក្រុមហ៊ុនឥណ្ឌាណាខ្លះនឹងផលិតវ៉ាក់សាំង Sputnik V នោះទេ។ បច្ចុប្បន្ន មន្ទីរពិសោធន៍ Dr. Reddy កំពុងសាកល្បងវ៉ាក់សាំងនេះនៅក្នុងឥណ្ឌា ហើយត្រៀមចែកចាយវ៉ាក់សាំងដែលបានសាកល្បងចប់សព្វគ្រប់ផងដែរ។
ឥណ្ឌាឈរលំដាប់់ទីពីរជាប្រទេសមានករណីឆ្លងច្រើនជាងគេបន្ទាប់ពីអាមេរិក ជាមួយនឹងករណីឆ្លងលើស១០លាននាក់ទៅហើយ។ មន្ត្រីឥណ្ឌាបាននិយាយថា ឥណ្ឌាអាចអនុញ្ញាតឲ្យប្រើវ៉ាក់សាំងមួយចំនួនជាបន្ទាន់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ រហូតមកដល់ពេលនេះ វ៉ាក់សាំងចំនួនបីប៉ុណ្ណោះរបស់ក្រុមហ៊ុម AstraZeneca, Pfizer-BioNTech និងក្រុមហ៊ុនឥណ្ឌា Bharat Biotech ដែលបានដាក់ពាក្យស្នើសុំការយល់ព្រមជាបន្ទាន់៕
© រក្សាសិទ្ធិដោយ thmeythmey.com