ជាតិ
សេដ្ឋកិច្ច
ជប៉ុនផ្ដល់ជំនួយជិត៤០ម៉ឺនដុល្លារ សម្រាប់ស្ថាបនាផ្លូវថ្នល់ ស្ដារប្រព័ន្ធធារាសាស្ត្រ និងពង្រឹងសហគមន៍កសិកម្មនៅកម្ពុជា រូបភាពផ្តល់ដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងជិត៤០ម៉ឺនដុល្លារ ដល់អង្គភាពចំនួន៣ របស់រដ្ឋាភិបាលកម្ពុជា ដែលផ្ដោតលើការស្ថាបនាផ្លូវថ្នល់ ស្ដារប្រព័ន្ធធារាសាស្ត្រ និងពង្រឹងសហគមន៍កសិកម្ម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ចុះផ្សាយថ្ងៃទី១៨ ធ្នូ។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ធ្នូកន្លងទៅ បានប្រារព្ធពិធីចុះហត្ថលេខាប្រគល់ថវិកាចំនួន ៣៩២,៣៧១ដុល្លារដល់អង្គភាពចំនួន ៣។ កិច្ចសន្យាផ្ដល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
បើតាមស្ថានទូតជប៉ុន ថវិកាចំនួន ១៩៦,៣៥០ដុល្លារ ត្រូវបានផ្ដល់ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ក្នុងការជួសជុសផ្លូវថ្នល់ក្នុងឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ ក្នុងគម្រោងកែលម្អផ្លូវនេះ ផ្លូវគ្រួសប្រវែង ៧៥០ម៉ែត្រ នឹងត្រូវចាក់បេតុង និងដាក់លូចំនួន ២ ដើម្បីបញ្ជ្រសកុំឲ្យមានទឹកដក់។
ដោយឡែកជំនួយទី២ ជប៉ុន បានផ្ដល់ថវិកាចំនួន ៩០,១៥៨ដុល្លារ សម្រាប់ការស្ដារប្រព័ន្ធធារាសាស្ត្ររោងដំរី ដែលស្ថិតនៅខេត្តកំពង់ឆ្នាំង។ គម្រោងនេះ នឹងស្ដារទំនប់ទឹកចាស់មួយស្ថិតនៅស្រុករលាប្អៀរដែលមានប្រវែង ៩៤០ម៉ែត្រ។ តាមរយៈគម្រោងនេះ នឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ ២៣០០នាក់ ដោយធានាការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម។
ចំណែកជំនួយចុងក្រោយ ជប៉ុនបានផ្ដល់ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សម្រាប់ពង្រឹងសហគមន៍កសិកម្មនៅស្រុកកោះញែក និងក្រុងសែនមនោរម្យ ដែលមានទឹកប្រាក់ចំនួន ១០៥,៨៦៣ដុល្លារ។ សេចក្ដីប្រកាសព័ត៌មានខាងលើនេះ បញ្ជាក់ថា គម្រោងពង្រឹងសហគមន៍កសិកម្មនេះ នឹងផ្ដល់ឃ្លាំងស្ដុក និងម៉ាស៊ីនកិនស្រូវដល់សហគមន៍កសិកម្មសាមគ្គីមានរិទ្ធ នៅស្រុកកោះញែក។ បន្ថែមលើនេះ មជ្ឈមណ្ឌលប្រមូលផ្ដុំវេចខ្ចប់ និងចែកចាយកសិផល រួមទាំងបន្ទប់ត្រជាក់រក្សាកសិផល នឹងត្រូវបានសាងសង់នៅក្នុងសហគមន៍កសិកម្មសាមគ្គីមនោរម្យ នៅក្រុងសែនមនោរម្យ។ គម្រោងនេះ នឹងចូលរួមចំណែកកែលម្អគុណភាពផលិតផលកសិកម្មរបស់កសិករ៕
Tag:
ជំនួយ
ជប៉ុន
កសិកម្ម
កោះកុង
កំពង់ឆ្នាំង
មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com