ជាតិ
សេដ្ឋកិច្ច
CDC អនុម័តឱ្យក្រុមហ៊ុន៣ទៀត មានទុនសរុប ១៣.៥ លានដុល្លារ បង្កើតរោងចក្រនៅកម្ពុជា
20, Dec 2020 , 7:29 pm        
រូបភាព
លោក សុខចន្តា​ សោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក សុខចន្តា​ សោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនថ្មី៣ទៀត បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រខារអំបោះគ្រប់ប្រភេទ  និងរោងចក្រផលិតគ្រឿងសង្ហារឹម និងសម្ភារតុបតែងលម្អធ្វើអំពីឈើ នៅតាមបណ្តាខេត្តនានា។ ក្រុមហ៊ុនទាំង៣នេះ មានទុនវិយោគសរុប ១៣,៥លានដុល្លារអាមេរិក ដែលបង្កើតការងារដល់ពលរដ្ឋបានរហូតដល់១,៩៥០កន្លែង។

 
បើតាមការចុះផ្សាយរបស់CDC នារសៀលថ្ងៃទី១៨ធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុនថ្មីទាំងបីនោះមាន ក្រុមហ៊ុន SINOKH PERFECT GARMENT CO., LTD មានទុនវិនិយោគ៥,៣លានដុល្លារ គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្រុមហ៊ុននេះ អាចបង្កើតការងារបានជាង ១,៥០០កន្លែង ខណៈក្រុមហ៊ុនLAK SUN (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ នៅភូមិជៃតាកូន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមួយទុនវិនិយោគប្រមាណ៣,២លានដុល្លារ ដែលអាចបង្កើតការងារបានជិត២០០កន្លែង។
 
សម្រាប់ក្រុមហ៊ុនDONGNAN (CAMBODIA) WOOD CO.,LTD ដែលCDCអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងសម្ភារៈតុបតែងលម្អធ្វើអំពីឈើក្នុងតម្លៃវិនិយោគប្រមាណ៥លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គរ័ជី ខេត្តព្រះសីហនុវិញ អាចបង្កើតការងារបាន២២០កន្លែង ផងដែរ។
 
រយៈពេល៨ខែមកនេះ កម្ពុជាទទួលបានការវិនិយោគពីវិស័យឯកជន បានត្រឹមតែ១១៣គម្រោងប៉ុណ្ណោះ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩(COVID-19)។ តួនេះ បង្ហាញថា គម្រោងវិនិយោគឯកជននៅកម្ពុជា ធ្លាក់ចុះរហូតដល់៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច និងសង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ 







Tag:
 វិនិយោគ
 រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com