កីឡាជាតិ
ជាតិ
ទ័ព ចែកផ្លូវ​ជាមួយ​កីឡាករ​៥​រូប និង​នាំចូល​វិញ​២​រូប​
21, Dec 2020 , 10:49 am        
រូបភាព
កីឡាករបរទេស៣រូប និងកម្ពុជា២រូប ដែលត្រូវបានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទចែកផ្លុវ រូបភាពពី Tiffy Army FC
កីឡាករបរទេស៣រូប និងកម្ពុជា២រូប ដែលត្រូវបានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទចែកផ្លុវ រូបភាពពី Tiffy Army FC
ដោយ:
​សមាគម​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ បាន​រុះរើ​កីឡាករ​បរទេស​គួរ​ឲ្យ​កត់សម្គាល់ ក្រោយ​បញ្ចប់​ត្រឹម​ចំណា់ត់ថ្នាក់​លេខ​៤​ក្នុង​ពានរង្វាន់​លី​គ​កំពូល​។ ក្រៅពី​កីឡាករ​បរទេស ក្លិប​ដែល​បាន​នាំចូល​កីឡាករ​កម្ពុជា​ពីររូប​មួយ​នេះ ក៏បាន​ចែកផ្លូវ​ជាមួយ​កីឡាករ​កម្ពុជា​ពីររូប​ទៀតផង​ដែរ​។

 
​ត្រឹម​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ បាន​ចែកផ្លូវ​ជាមួយ​កីឡាករ​បរទេស និង​កម្ពុជា​ចំនួន​៥​រូប ក្នុងនោះ​មាន​កីឡាករ​បរទេស​៣​រូប និង​កម្ពុជា​ពីររូប​។ កីឡាករ​បរទេស​ទាំង​៣​រូប​រួមមាន Mikito Endo, Magson Dourado និង Kouanou Yannick រីឯ​កីឡាករ​កម្ពុជា​រួមមាន​កីឡាករ ទូច រ៉ូ​ម៉ា និង ស៊ឹម មេសា​។ 
 
​កីឡាករ​បរទេស​ទាំង​៣​រូប​ខាងលើ​បាន​ចូលរួម​ជាមួយ​សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ​នៅ​រដូវ​កាល​ឆ្នាំ​២០២០​។ ចំណែក​កីឡាករ ទូច រ៉ូ​ម៉ា ជា​យុវជន​ដែល​សមាគម​នេះ បាន​បណ្តុះបណ្តាល​តាំងពី​ឆ្នាំ​២០១២ ក្រោយ​ចាក​ចេញពី​ក្លិប​បាល់ទាត់​ឆ្មា​ខ្មៅ​ខេត្តស្វាយរៀង ខណៈ​កីឡាករ ស៊ឹម មេសា ទើបតែ​រួមរស់​ជាមួយគ្នា​បាន​ពាក់កណ្តាល​រដូវ​កាល​ប៉ុណ្ណោះ​។  
 
​ទន្ទឹមនឹងនេះ សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ ក៏បាន​ប្រកាស​ពី​ការបន្ត​កិច្ចសន្យា​ជាមួយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Romario Alves និង​នាំចូល​អ្នកចាំទី គង់ រ៉ា​ហ្វា​ត់ អតីត​កីឡាករ​របស់​ក្លិប​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ​។ ការ​នាំចូល​អ្នកចាំទី​វ័យក្មេង​រូបនេះ គឺ​ដើម្បី​ជំនួស​អ្នកចាំទី​ដៃ​ទី​១​កីឡាករ អ៊ុំ សេរី​រ័ត្ន ដែល​ពុំទាន់​ជាសះស្បើយ​ពីរ​បួស​។ 
 
​រ៉ា​ហ្វា​ត់ ជា​អតីត​យុវជន​របស់​ភ្នំពេញ​ក្រោ​ន​ចន្លោះ​ពី​ឆ្នាំ​២០១៣-២០១៤ បន្ទាប់​រូបគេ​ក៏​ផ្លាស់​ទៅ​សាលា​បាល់ទាត់​ជាតិ​បាទី​។ រូបគេ​ធ្លាប់​ការពារ​សំណាញ់​ទី​ឲ្យ​ក្លិប​អគ្គិសនី​កម្ពុជា​នៅ​ឆ្នាំ​២០១៧ និង​ក្លិប​សូល​ទី​ឡូ​អង្គរ​នៅ​ឆ្នាំ​២០១៨, ២០១៩ មុន​ផ្ទេរ​មកកាន់​ក្លិប​គីរីវង់​សុខ​សែន​ជ័យ​នៅ​ឆ្នាំ​២០២០​។  
 
​ជាមួយគ្នានេះ ក្លិប​ក៏បាន​ប្រកាស​ស្វាគមន៍​ការវិលត្រឡប់​របស់​កីឡាករ​ជើងចាស់ ឈិន ឈឿន ដែល​ទើប​ចែកផ្លូវ​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង មកកាន់​សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី​ទ័ព​ទៅ​ចូលរួម​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩​។ 
 
​កីឡាករ​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​រូបនេះ បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដំបូង​ដោយ​ធ្វើជា​យុវជន​ថ្នាលរ​បស់ទ័ព ហើយ​ត្រូវបាន​ដំឡើង​ឲ្យ​លេង​ក្នុង​ឈុត​ធំ​នៅ​ឆ្នាំ​២០១០ រហូតដល់​ឆ្នាំ​២០១៩​។ រូបគេ បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ ២៣​ឆ្នាំ និង​ក្រុម​ជម្រើសជាតិ​នៅ​អំឡុង​ឆ្នាំ​២០១១៕   
 
 

Tag:
 បាល់ទាត់​
  សមាគម​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com