កីឡាជាតិ
ជាតិ
កីឡាករ ឡុង ជិន ប្រើពេល​៤០​វិនាទី​ផ្តួល​កីឡាករ បាង កា​យ៉ាក ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១
21, Dec 2020 , 5:43 pm        
រូបភាព
កីឡាករ ឡុង ជិន ប្រើពេល៤០វិនាទីផ្តួលកីឡាករ បាង កាយ៉ាក ឲ្យសន្លប់ក្នុងទឹកទី១
កីឡាករ ឡុង ជិន ប្រើពេល៤០វិនាទីផ្តួលកីឡាករ បាង កាយ៉ាក ឲ្យសន្លប់ក្នុងទឹកទី១
ដោយ:
​កីឡាករ ឡុង ជិន បាន​ផ្តួល​កីឡាករ បាង កា​យ៉ាក ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ នា​ការប្រកួត​ដណ្តើមពាន​រង្វាន់​អធិរាជ​គុន​ខ្មែរ ISI PALM ISI PIPE នៅ​សង្វៀន​ប្រដាល់​ភី​អិន​អិន នា​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០​។ ចំណែក​កីឡាករ ភួ​ន ឡាំង​កូស៊ីន បាន​ឡើងទៅ​ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​យកឈ្នះ​កីឡាករ ពេជ្រ ប៊ុន​សិទ្ធ ដោយ​ពិន្ទុ​។

 
​អ្នកលេង​គុន​ខ្មែរ ឡុង ជិន បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ប្រចាំ​កម្មវិធី​ប្រដាល់​អធិរាជ​គុន​ខ្មែរ ISI PALM ISI PIPE ដែល​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​លឿន​ជាងគេ​។ បន្ទាប់ពី​កីឡាករ​រូបនេះ បាន​ផ្តួល​កីឡាករ បាង កា​យ៉ាក ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ដោយ​ប្រើពេល​៤០​វិនាទី នា​ការប្រកួត​មិត្តភាព​នៅ​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ នា​សង្វៀន​ភី​អិន​អិន​។ 
 
​គ្រាន់តែ​ស្នូរ​ជួង​ទឹក​ទី​១​បន្លឺឡើង កីឡាករ ឡុង ជិន បាន​ដើរចូល​ស្វាគមន៍​កីឡាករ បាង កា​យ៉ាក ដោយ​ប្រើ​កណ្តាប់ដៃ​ស្រាលៗ​ទៅ​ផ្ទៃមុខ ពេលនោះ កា​យ៉ាក ក៏បាន​ប្រើ​ដៃ​ឆ្វេង​ដាល់​ស្រាលៗ​មកលើ ឡុង ជិន ផងដែរ​។ ឆ្លៀតឱកាស​គូប្រកួត​ខ្វះ​ការប្រុងប្រយ័ត្ន​ក្នុង​ទឹក​ទី​១ ដែល​ភាគច្រើន​ជា​ទឹក​សម្រាប់​កីឡាករ​ស៊ាំកម្លាំង​គ្នា កីឡាករ ឡុង ជិន ក៏បាន​ប្រើ​ជើង​ស្តាំ​ទាត់​ទៅលើ​កញ្ចឹងក​ផ្នែក​ខាងឆ្វេង​របស់​កីឡាករ បាង កា​យ៉ាក បណ្តាល​ឲ្យ​រូបគេ​បាត់បង់​ស្មារតី​ដួល​ទៅលើ​សង្វៀន​។ 
 
​ពេលនោះ អាជ្ញាកណ្តាល​បាន​រាប់​ទៅលើ​កីឡាករ កា​យ៉ាក ដែល​ព្យាយាម​សម្រួល​ស្មារតី ដើម្បី​ក្រោកឈរ​បន្ត​ការប្រកួត​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ រូបគេ មិន​ត្រឹមតែ​មិនអាច​ក្រោកឈរ​នោះទេ ថែមទាំង​បាន​ដួលសន្លប់​ទៅលើ​សង្វៀន​ម្តងទៀត ហើយ​អាជ្ញាកណ្តាល ក៏បាន​លើកដៃ​ផ្តល់​សញ្ញា​បញ្ឈប់​ការប្រកួត​ត្រឹម​វិនាទី​៤០​ក្នុង​ទឹក​ទី​១​តែម្តង​។​
 
​ដោយឡែក កីឡាករ ភួ​ន ឡាំង​កូស៊ីន ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​អធិរាជ​គុន​ខ្មែរ ISI PALM ISI PIPE ក្រោយ​យកឈ្នះ​កីឡាករ ពេជ្រ ប៊ុន​សិទ្ធ ដោយ​ពិន្ទុ​។ កូនសិស្ស​របស់លោក សាន់ សៅ​យ៉ាន់ រូបនេះ អាច​ប៉ះ​ជាមួយ​កីឡាករ រិ​ន ដេវីដ ឬ​កីឡាករ ខេ​ម ចាន់ ដែល​ត្រូវ​ប្រកួត​គ្នា​នៅ​សប្តាហ៍​នេះ​។ 
 


អាជ្ញាកណ្តាលលើកដៃកីឡាករ ភួន ឡាំងកូស៊ីន (ស្តាំ)ពេលទទួលបានជ័យជម្នះលើកីឡាករ ពេជ្រ ប៊ុនសិទ្ធ 

​នា​ជំនួប​វគ្គ​កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ទាំង​កីឡាករ ពេជ្រ ប៊ុន​សិទ្ធ និង ភួ​ន ឡាំង​កូស៊ីន នៅ​ទឹក​ទី​១​ហាក់​ខ្លាច​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​ពួកគេ​បាន​ព្យាយាម​ប្តូរ​កណ្តាប់ដៃ និង​ជើង​ដាក់គ្នា​ទៅមក​ផងដែរ​។ យើង​សង្កេត​កីឡាករ ប៊ុន​សិទ្ធ ប្រើ​កណ្តាប់ដៃ​ច្រើនជាង​ជើង រីឯ ឡាំង​កូស៊ីន ប្រើ​ជើង និង​ជង្គង់​ច្រើនជាង​ដៃ​។​
 
​ឈានដល់​ទឹក​ទី​ពីរ​កីឡាករ ពេជ្រ ប៊ុន​សិទ្ធ ដែលមាន​ប្រៀប​ផ្នែក​កម្លាំង​បាន​ព្យាយាម​ដើរចូល ដើម្បី​ដាក់​សម្ពាធ​លើ​កីឡាករ ភួ​ន ឡាំង​កូស៊ីន ដែល​ព្យាយាម​ប្រើ​ជើង​ធាក់​ទប់​ពី​ការ​សម្រុក​របស់​គូប្រកួត​។ ប៊ុន​សិទ្ធ បាន​ប្រើ​កណ្តាប់ដៃ និង​ជើង​ធ្ងន់ៗ​ជាច្រើន​ទៅលើ ឡាំង​កូស៊ីន ដែល​ព្យាយាម​ប្រើ​ជើង​ទាត់​បក​មកលើ​គូប្រកួត​។   
 


 
​នៅ​ទឹក​ទី​៣​កីឡាករ​បង្គោល​ក្រហម ពេជ្រ ប៊ុន​សិទ្ធ នៅតែ​បន្ត​ដើរចូល និង​ប្រើ​កណ្តាប់ដៃ និង​ជើង ដើម្បី​ដាក់​សម្ពាធ​លើ​ដៃគូ​ដដែល​។ ប៉ុន្តែ​ហាក់​មិនសូវមាន​ប្រសិទ្ធិភាព ហើយ​ត្រូវបាន​កីឡាករ ភួ​ន ឡាំង​កូស៊ីន ប្រើ​ជើង​ទាត់ និង​ជង្គង់​ជាច្រើន​មកលើ​ខ្លួន​វិញ ដែល​ធ្វើ​ឲ្យ​គេ​រាង​ថមថយ​កម្លាំង​បន្តិច​នៅក្នុង​ទឹក​នេះ​។ 
 
​ឈានដល់​ទឹក​ទី​៤​កីឡាករ ភួ​ន ឡាំង​កូស៊ីន នៅតែ​បន្ត​ចាំ​ត្រង​ពី​ការ​ដើរចូល​របស់ ប៊ុន​សិទ្ធ ហើយ​រូបគេ​បាន​ប្រើ​ជើង​ជាច្រើន​ទាត់​ទៅលើ​គូប្រកួត ដែល​ព្យាយាម​ប្រើ​កណ្តាប់ដៃ​ធ្ងន់ៗ​មកលើ​រូបគេ​។ នៅ​ទឹក​ទី​៥​កីឡាករ ពេជ្រ ប៊ុន​សិទ្ធ នៅតែ​បន្ត​ដើរចូល​ទៅរក ឡាំង​កូស៊ីន តែ​មិនសូវ​ទទួលបាន​លទ្ធផល​នោះទេ ដោយ​ត្រូវបាន​គូប្រកួត​ប្រើ​ជើង​ទាត់​ជាច្រើន​មកលើ​ខ្លួន​។​
 


 
​ជា​លទ្ធផល​ចប់​ការប្រកួត​៥​ទឹក​ពេញ​អាជ្ញាកណ្តាល​ទាំង​៥​រូប​បានសម្រេច​ឲ្យ​កីឡាករ ភួ​ន ឡាំង​កូស៊ីន ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ៥-០៕ 
 

Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  ឡុង ជិន​
  បាង កា​យ៉ាក
© រក្សាសិទ្ធិដោយ thmeythmey.com