សៀមរាប៖ តុលាការខេត្តសៀមរាប បានសម្រេចផ្តន្ទាទោសយុវជន២នាក់ ដែលច្រៀងចម្រៀងរ៉េប បែបរិះគន់ពីសង្គមខ្មែរនោះ ឲ្យជាប់ពន្ធនាគារពី៥ខែ ទៅ១ឆ្នាំ និង៦ខែ នៅព្រឹកថ្ងៃទី២២ ធ្នូនេះ។ ពួកគេទាំងពីរនេះ ជាប់ចោទពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋ។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប លោក នូ វាសនា បានសម្រេចឲ្យយុវជន គា សុគន្ធ ម្ចាស់បទចម្រៀងរ៉ែប «ដីខ្មែរ» ជាប់ពន្ធនាគារ១ឆ្នាំ និង៦ខែ ។ ប៉ុន្តែយុវជនរូបនេះ ត្រូវអនុវត្តទោស១ឆ្នាំ ហើយនៅសល់៦ខែ ព្យួរទោស។ ចំណែកយុវជន ឡុង ពុទ្ធារ៉ា ដែលជាដៃគូចម្រៀង ជាមួយ គា សុគន្ធ វិញ ត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគារ៥ខែ ដោយសារតែជាអនិតិជន។ លោក នូ វាសនា សម្រេចឲ្យ ឡុង ពុទ្ធារ៉ា អនុវត្តទោស៣ខែ នៅសល់២ខែទៀត ព្យួរទោស។
លោកស្រី គា ផារី ជាបងស្រីទី២របស់យុវជន គា សុគន្ធ ចាត់ទុកការសម្រេចរបស់តុលាការនេះថា ជារឿងអយុត្តិធម៌ណាស់ សម្រាប់ប្អូនប្រុសខ្លួន។ លោកស្រី ផារី ដែលអះអាងថា ប្អូនប្រុសខ្លួនគ្មានចេតនាញុះញង់ដូចបទចោទនោះ បានប្រាប់សារព័ត៌មានថ្មីៗថា លោកស្រី នឹងពិភាក្សាជាមួយមេធាវី ដើម្បីប្ដឹងសារទុក្ខទៅសាលាឧទ្ធរណ៍ទៀត ចំពោះករណីសម្រេចផ្ដន្ទាទោសលើប្អូនប្រុសខ្លួន គា សុគន្ធ នេះ។
មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក លោក សឹង សែនករុណា ចាត់ទុកការសម្រេចរបស់តុលាការនេះ ជាការរឹតត្បិតសិទ្ធិមនុស្ស ជាពិសេសសិទ្ធិសេរីភាពបញ្ចេញមតិក្នុងសង្គម។ មន្ត្រីជាន់ខ្ពស់អាដហុករូបនេះ បាននិយាយដូច្នេះថា៖«ក្នុងករណីនេះយើងបានដាក់ពាក្យការពារក្តីឲ្យគាត់(គា សុគន្ធ)ទៅតាមនីតិវិធីផ្លូវច្បាប់។ ហើយយើងមានការសោកស្ដាយនៃការសម្រេចសេចក្តី ឲ្យមានការទទួលទោស ដោយសារការបញ្ចេញមតិរបស់គាត់ហ្នឹង។ ហើយយើងចង់ឃើញការសម្រេចនោះ ចង់ឲ្យមានការទម្លាក់នូវបទចោទប្រកាន់មកលើរូបគាត់ហ្នឹង»។
កាលពីខែកញ្ញាកន្លងមក យុវជន គា សុគន្ធ ម្ចាស់បទចម្រៀងរ៉េប «ដីខ្មែរ» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ដោយសម្រេចឃុំខ្លួនក្នុងពន្ធនាគារខេត្តនេះ ក្រោយពីយុវជនរូបនេះ ច្រៀងបង្ហោះតាមបណ្ដាញសង្គមរិះគន់បញ្ហាសង្គម និងបញ្ហាព្រំដែន។ ក្រោយមកអាជ្ញាធរ ក៏បន្តឃាត់ខ្លួនយុវជន ឡុង ពុទ្ធារ៉ា ដែលជាដៃគូចម្រៀងរបស់យុវជន គា សុគន្ធ ក្រោមហេតុផលដូចគ្នាថា ពួកគេទាំងពីរតែងច្រៀងបទរ៉េប ដែលបង្កការញុះញង់ឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋ នៅតាមបណ្ដាញយូធូប។
ក្រៅពីបទ «ដីខ្មែរ» យុវជនទាំងពីរនេះ បានច្រៀងរួមគ្នាជាចង្វាក់រ៉េប នូវបទជាច្រើនទៀត ដូចជា បទខ្មែរអើយ , ទឹកភ្នែករាស្ត្រ ជាដើម។ បទចម្រៀងបែបរិះគន់សង្គមរបស់យុវជនទាំងពីរនេះ បានបង្ហោះលើបណ្ដាញសង្គមជាង១ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០១៨មក ប៉ុន្តែរដ្ឋាភិបាលទើបតែអនុវត្តច្បាប់។
សម្រាប់លោក សឹង សែនករុណា ការឃាត់ខ្លួន និងចោទប្រកាន់ពលរដ្ឋ ដែលបញ្ចេញមតិតាមរូបភាពផ្សេងៗ ពីសំណាក់អាជ្ញាធរនេះ វាជាដំណើរការនៃការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិនៅក្នុងសង្គម។ «យើងឃើញថា មួយរយៈចុងក្រោយនេះ រដ្ឋាភិបាល ហាក់ដូចជាមានការធ្វើទុក្ខបុកម្នេញលើសកម្មជនដែលប្រើប្រាស់នូវបណ្ដាញសង្គម ក្នុងការបញ្ចេញមតិហ្នឹង ដោយសារមានស្ថានភាពតានតឹងមែនទែន រហូតមានការចាត់វិធានការតាមផ្លូវច្បាប់ ដែលធ្វើឲ្យអ្នកដែលមានទឹកចិត្តចង់ចូលរួមធ្វើការរិះគន់សង្គម ឬក៏រិះគន់ទៅលើរដ្ឋាភិបាលហ្នឹង គឺចាប់ផ្ដើមមានការថមថយ មានការភ័យខ្លាច ដោយសារការចាត់វិធានការជាបន្តបន្ទាប់ ពីរដ្ឋាភិបាលនេះឯង»។ នេះជាការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អាដហុក។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន ធ្លាប់អះអាងថា អាជ្ញាធរអនុវត្តលើអ្នកប្រព្រឹត្តខុសច្បាប់ ដោយមិនប្រកាន់និន្នាការឡើយ។«ការឃាត់ខ្លួន ការចោទប្រកាន់(សកម្មជនសិទ្ធិមនុស្ស) មិនមែនដោយសារពួកគាត់ធ្វើសកម្មភាពការពារសិទ្ធិមនុស្សទេ គឺដោយការធ្វើបំពានច្បាប់ មានមូលដ្ឋាន បង្កើតទៅជាបទល្មើស»។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌។
ប៉ុន្តែយ៉ាងណាលោក សឹង សែនកុរណា មើលឃើញថា ការបញ្ចេញមតិ ឬការរិះគន់នៅក្នុងសង្គមប្រជាធិបតេយ្យ វាតែងតែកើតមាន តាមគ្រប់រូបភាព ដូច្នេះរដ្ឋាភិបាល ត្រូវតែបើកចិត្តឲ្យទូលាយ ទទួលយកមតិទាំងអស់នោះ។«កាលណាយើងប្រទេសប្រជាធិបតេយ្យ វាជាធម្មតាទេ វាមិនមានអ្នកពេញចិត្តចំពោះការដឹកនាំគ្រប់ៗគ្នាទេ។ ដូច្នេះប្រទេសយើងមានពលរដ្ឋជាង១០លាននាក់ឯណោះ អ៊ីចឹងវាចៀសមិនផុតអីពីអ្នកមានប្រតិកម្ម មានការបញ្ចេញនូវទស្សន មតិផ្សេងៗ ។ អ៊ីចឹង(រដ្ឋាភិបាល)គួរតែមានការបើកឲ្យទូលំទូលាយនូវអ្វីដែលអាចទទួលយកបាន យើងទទួលយកទៅ ហើយបើទទួលយកមិនបានគួរតែមានការអប់រំ និងធ្វើការបកស្រាយតាមរយៈសារព័ត៌មានវិញទៅ ដោយយើងកុំប្រើប្រាស់វិធានការផ្លូវច្បាប់ទៅចាត់ការលើពួកគេ»។ នេះជាការលើកឡើងរបស់មន្ត្រីអាដហុក។
កន្លងមកសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសក្ដែងថា ពលរដ្ឋគ្រប់រូប មានសិទ្ធិបញ្ចេញមតិ ប៉ុន្តែរាល់ការបញ្ចេញមតិនោះ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃឡើយ។ សម្ដេច ក៏អះអាងទៀតថា រដ្ឋាភិបាល មិនបានរឹតត្បិតសិទ្ធិពលរដ្ឋឡើយ ហើយរដ្ឋាភិបាលអនុវត្តច្បាប់ ទៅលើអ្នកប្រព្រឹត្តិខុសច្បាប់ប៉ុណ្ណោះ។
កាលពីពេលថ្មីនេះ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថាលីកាដូ បានចេញរបាយការណ៍មួយថា គណបក្សកាន់អំណាច បានប្រើប្រាស់រដ្ឋសភានិងព្រឹទ្ធសភា ដើម្បីអនុម័តឬរៀបចំច្បាប់ជាច្រើន ផ្ដល់អំណាចស្ទើរតែគ្មានដែនកំណត់ទៅរដ្ឋាភិបាល។ លើសពីនេះ ក៏មានការចាប់និងឃុំខ្លួន អ្នកដែលហ៊ានក្រោកឈរតស៊ូមតិ ដើម្បីសិទ្ធិសេរីភាពទៀតផង។
របាយការណ៍៣ឆ្នាំចុងក្រោយនេះ អង្គការលីកាដូ សង្កេតឃើញអាជ្ញាធរធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្ស ,តុលាការរំលាយគណបក្សប្រឆាំង និងរឹតត្បិតសេរីភាពសកម្មជនកាន់តែខ្លាំង។ ជាពិសេស នៅអំឡុងពេល៦ខែចុងក្រោយនេះ ការបង្ក្រាបសកម្មជនដែលក្រោកឈរតស៊ូមតិជាមួយរដ្ឋាភិបាល កើនឡើងគួរឲ្យកត់សម្គាល់។ តែរដ្ឋាភិបាល ចាត់ទុករបាយការណ៍លីកាដូ ជាការចោទប្រកាន់គ្មានមូលដ្ឋាន៕